ដោយ: គង់ លាងហួរ
ភ្នំពេញ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាទទួលបានការចាប់អារម្មណ៍ជាយូរណាស់មកហើយសម្រាប់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។ ទោះជាយ៉ាងនេះក្តី ទីផ្សារនេះមិនទាន់មានភាពស៊ាំនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចពិភពលោកនោះទេ។
នៅឆ្នាំនេះ ដោយសារប្រទេសកម្ពុជាជួបភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការកើនឡើងអត្រាការប្រាក់ ការរឹតបន្តឹងសាច់ប្រាក់ងាយស្រួល និងបញ្ហាការផ្គត់ផ្គង់លើសពីតម្រូវការ ឧស្សាហកម្មនេះបានចាត់វិធានការយ៉ាងប្រុងប្រយ័ត្ន ដោយភាគីពាក់ព័ន្ធជាច្រើនបានសង្កេតមើលនិន្នាការទីផ្សារយ៉ាងយកចិត្តទុកដាក់។
-->
នៅក្នុងវេទិកា EuroCham Cambodia Real Estate & Construction 2023 អ្នកជំនាញផ្នែកឧស្សាហកម្មអចលនទ្រព្យបានចែករំលែកទស្សនៈរបស់ពួកគេលើបញ្ហាប្រឈម និងឱកាសនានាដែលវិស័យអចលនទ្រព្យ
កម្ពុជាបានជួបប្រទះក្នុងឆ្នាំ២០២៣។
ការិយាល័យនៅរាជធានីភ្នំពេញ
ខណៈប្រទេសកម្ពុជាជួបបញ្ហាលើសការផ្គត់ផ្គង់ក្នុងវិស័យអចលនទ្រព្យ លោក Vong Chhay Te នាយកគ្រប់គ្រងក្រុមហ៊ុន Parbury Investments បានផ្តល់ទស្សនៈលើស្ថានភាពនេះ ជាពិសេសផ្តោតលើវិស័យការិយាល័យ។
លោក Vong Chhay Te បានពណ៌នាបញ្ហានេះជាពីរ ដែលពាក់ព័ន្ធនឹងការកើនឡើងនៃការប្រកួតប្រជែង ដែលជំរុញឱ្យតម្លៃជួលចុះថោក និងការកើនឡើងនៃអត្រាទំនេរ ដូច្នេះវាបង្កើតទីផ្សាររបស់អ្នកជួល។
លោកបន្តកត់សម្គាល់ពីផលប៉ះពាល់អវិជ្ជមាននៃអតិផរណាលើវិស័យការិយាល័យ ដែលបញ្ហាសេដ្ឋកិច្ច និងការចំណាយបានធ្វើឱ្យទីផ្សារជួលថ្មីចុះខ្សោយ។ លោកក៏បានលើកឡើងពីការផ្លាស់ប្តូរវប្បធម៌នៅកន្លែងធ្វើការក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលត្រូវបានគេមើលឃើញថា មានការផ្លាស់ប្តូរឆ្ពោះទៅរកគំរូធ្វើការងារពីចម្ងាយ ដោយកាត់បន្ថយតម្រូវការសម្រាប់ការិយាល័យធំជាងមុន។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក្តី លោកបានបង្ហាញពីឱកាសសក្តានុពលសម្រាប់វិស័យការិយាល័យ ជាពិសេសបានលើកឡើងពីគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) តាមរយៈការលើកទឹកចិត្តសម្រាប់អ្នកចូលថ្មី ឬពង្រីកអាជីវកម្ម។
ទន្ទឹមនឹងនេះ លោកក៏សង្កត់ធ្ងន់លើសារៈសំខាន់នៃការស្តាប់អតិថិជននៅពេលនិយាយអំពីតម្រូវការទីផ្សារផងដែរ។
ទីផ្សារលក់រាយកម្ពុជា
លោក Martin Darby នាយកគ្រប់គ្រងនៃក្រុមហ៊ុន Express Food Group (EFG) បានផ្តល់ ទស្សនវិស័យប្រកបដោយសុទិដ្ឋិនិយមលើវិស័យលក់រាយនៅកម្ពុជា ទោះបីមានការប្រឈមដោយសារជំងឺរាតត្បាតកូវីដ-១៩យ៉ាងណាក្តី។
លោក Darby មានប្រសាសន៍ថា “រយៈពេលបីឆ្នាំនៃជំងឺកូវីដ វាអាចជារឿងចម្លែកដែលយើងនៅតែពិភាក្សាអំពីបញ្ហាប្រឈម ប៉ុន្តែវិស័យលក់រាយនៅកម្ពុជាកំពុងប្រឈមមុខរឿងជាច្រើន”។
លោកបានពណ៌នាអំពីបញ្ហាសំខាន់ៗជា៣៖ ការផ្គត់ផ្គង់លើសដោយសារតែការពន្យារពេលនៃការអភិវឌ្ឍន៍ផ្សារទំនើប ការកើនឡើងនៃម៉ាកយីហោថ្មីៗ ជាពិសេសនៅក្នុងវិស័យភីហ្សា និងហតផត និងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីការលើកគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីជួយអ្នកលក់រាយក្នុងអំឡុងជំងឺរាតត្បាត គួបផ្សំនឹងម្ចាស់ដីកំពុងស្តារការខាតបង់របស់ពួកគេឡើងវិញ។
លោកបានគូសបញ្ជាក់ជាពិសេសអំពីឱកាសកើតចេញពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលទើបនឹងបើកដំណើរការថ្មី ដែលក្រុមហ៊ុន EFG កំពុងរៀបចំគម្រោងមួយក្នុងចំណោមគម្រោងដែលមានមហិច្ឆតាបំផុតរបស់ខ្លួន គឺការនាំយកម៉ាកយីហោទាំងអស់មកបញ្ចូលគ្នានៅក្រោមទីតាំងតែមួយតាមបណ្តោយផ្លូវហាយវេថ្មី។
ទោះបីជាមានបញ្ហាប្រឈមក្នុងរយៈពេលខ្លីយ៉ាងណាក្តី ប៉ុន្តែលោក Darby មានទំនុកចិត្តលើការរំពឹងទុករយៈពេលវែងនៃវិស័យលក់រាយនៅកម្ពុជា។ សុទិដ្ឋិនិយមនេះបានឆ្លុះបញ្ចាំងនៅក្នុងផែនការពង្រីករបស់ EFG ដែលរួមមានការបើកដំណើរការហាងថ្មីចំនួន១៥ និងការជួសជុលកែលំអឡើងវិញចំនួន១០៕