ប្រធានាធិបតីឡាវៈ គម្រោងផ្លូវដែកល្បឿនលឿនឡាវ-ចិន ជាឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច មិនមែនជាអន្ទាក់បំណុល

0

ដោយៈ សុខុម

វៀងចន្ទន៍: ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន Nikkei នៅខាងក្រៅសន្និសីទ Nikkei Future of Asia conference ប្រធានាធិបតីឡាវ លោកថងលូន ស៊ីសូលីត (Thongloun Sisoulith) បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកពិតជាមានមោទកភាពណាស់ ចំពោះគម្រោងផ្លូវដែកល្បឿនលឿនឡាវ-ចិន (Laos-China Railway) ដែលលោកនិយាយថានាំមកនូវក្តីសង្ឃឹម សម្រាប់ការអភិ​វឌ្ឍសេដ្ឋកិច្ច។

ផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិន ក្រោមទំហំទុនវិនិយោគដល់ទៅ៦ពាន់លានដុល្លារអាមេរិក នេះនៅពេលនេះតភ្ជាប់រដ្ឋធានីវៀងចន្ទន៍ នៃប្រទេសឡាវ ជាមួយទីក្រុងគុនមីង (Kunming) ក្នុងខេត្តយូណាន នៃប្រទេសចិន ដែលសម្រួលដល់ការធ្វើដំណើរ និងពាណិជ្ជកម្មឆ្លងដែន។

ប្រធានាធិបតីរូបនេះ បានលើកឡើងក្នុងបទសម្ភាសន៍ខាងលើថា លោកជឿជាក់ថា ផ្លូវដែកនេះបានចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេសឡាវ ហើយនឹងត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ល្អប្រសើរ។

លោកបានបន្តថា ការចាប់ផ្តើមសេវាដឹកជញ្ជូន អ្នកដំណើរឆ្លងដែនក្នុងខែមេសា ឆ្នាំនេះបានធ្វើឱ្យវិស័យទេសចរណ៍ និងការដឹកជញ្ជូនទំនិញជាមួយប្រទេសចិន និងប្រទេសជិតខាងថៃ កើនឡើងគួរឱ្យកត់សម្គាល់។

ទោះជាយ៉ាងណា អ្នករិះគន់ច្រើនលើសលប់បានលើកឡើងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំនេះ បានធ្វើឱ្យប្រទេសឡាវ ពឹងផ្អែកលើប្រទេសចិន ខ្លាំងហួសហេតុ ហើយបានបង្កហានិភ័យខ្ពស់ធ្វើឱ្យប្រទេសនេះជាប់បំណុលវ័ណ្ដករើខ្លួនមិនរួច។

ឆ្លើយតបការរិះគន់នេះ លោកប្រធានាធិបតី ថងលូន ស៊ីសូលីត បានបង្ហាញជំហរមិនយល់ស្របនោះឡើយ ហើយបានបញ្ជាក់ថា គម្រោងនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឡាវ ដើម្បីប្រែក្លាយខ្លួន ពីប្រទេសមិនជាប់ព្រំដែនសមុទ្រ ទៅជាប្រទេសតភ្ជាប់ព្រំដែនគោក។

លោកបានប្រាប់សារព័ត៌មាន Nikkei ថា “ពួកគេមិនយល់ពីអារម្មណ៍របស់ប្រជាជនឡាវថា ពួកគេមានមោទកភាពខ្លាំងប៉ុនណាដែលមានផ្លូវដែកដំបូងបង្អស់ នៅក្នុងប្រទេសរបស់យើងឡើយ”។ លោកបន្ថែមថា “ផ្លូវដែកនេះនឹងរួមចំណែក ប្រកបដោយអត្ថន័យដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការប្រែក្លាយប្រទេសរបស់យើងពីប្រទេសមិនព្រំដែនសមុទ្រ ទៅជាប្រទេសតភ្ជាប់ព្រំដែនគោក ហើយនេះជាអ្វីដែលមនុស្សជាច្រើនមានមោទកភាពយ៉ាងខ្លាំង”។

របាយការណ៍របស់ធនាគារពិភពលោក (World Bank) និងមូលនិធិរូបិយវត្ថុ IMF បង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសឡាវ មានហានិភ័យខ្ពស់ ដែលអាចធ្លាក់ចូលក្នុងវិបត្តិបំណុលវ័ណ្ដក ដោយសេដ្ឋកិច្ចប្រទេសនេះ កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង បន្ទាប់ពីប្រទេសរុស្ស៊ី បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពាន ប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here