ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ សម្រស់ធម្មជាតិ ការរក្សាបាននូវនិរន្តរភាពបរិស្ថាន ទឹកសមុទ្រខៀវស្រងាត់បានធ្វើឲ្យក្រុងតូចច្រឡឹងនៃតំបន់ឆ្នេរកម្ពុជា ក្លាយជាឋានសួគ៌សម្រាប់ការ សម្រាកលំហែរកាយចុងសប្តាហ៍ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ជាមួយនឹងការរក្សាបាននូវគុណភាពបរិស្ថានទឹក ដី និងខ្យល់បានធ្វើឲ្យគណកម្មការវាយតំលៃទីក្រុងស្អាតអាស៊ាន សម្រេចប្រគល់ពានរង្វាន់ទីក្រុងស្អាតដល់ ខេត្តជាប់មាត់សមុទ្រនេះនៅឆ្នាំ២០១៧នេះ បន្ទាប់ពីក្រសួងទេសចរណ៍បានផ្តល់ពានរង្វាន់ផ្ការំដួលដីទង ដល់ទឹកដីនៃភាពស្រស់ស្រាយ សម្រាប់ធ្វើឲ្យបរិស្ថានជីវិតមានភាពល្អប្រសើរនេះ។
-->
អភិបាលខេត្តកែប លោកកែន សត្ថាបានថ្លែងដោយមោទនភាពថា វិញ្ញាសារចំនួនបី ត្រូវបានវាយតំលៃពីគណកម្មការវាយតំលៃ ទីក្រុងស្អាតរបស់អាស៊ានផ្តល់ឲ្យខេត្តនេះ ដូចជា ទី១ ទឹកស្អាត សំដៅទឹកសមុទ្រថ្លាឈ្វេង មិនរងការបំពុល ទី២ ដីស្អាតសំដៅដល់ទឹកដីនេះមិនមានការបំពុលពីបញ្ហាសំរាម និងកាកសំណល់នានា និងខ្យល់ស្អាតសំដៅដល់ខ្យល់បរិសុទ្ឋ ដែលជួយព្យាបាលសួត មនុស្ស និងធ្វើឲ្យមានសុខភាពល្អ។

តើលោកអ្នកអាចទស្សនាសម្បត្តិធម្មជាតិអ្វីខ្លះ ក្នុងខេត្តដ៏ស្រស់ស្អាតនេះ?
ឆ្នេរខ្សាច់ និងកោះទន្សាយ
ទោះបីឆ្នេរមួយចំនួន មិនទាន់មានហេដ្ឋារចនាសម្ព័ន្ឋងាយស្រួលធ្វើដំនើរក្តី ប៉ុន្តែឆ្នែកែប ដែលមានឈ្មោះឆ្នេរទឹម តុង និងឆ្នេរកោះទន្សាយចំនួនបី ពិតជាកន្លែងងូតទឹកកំសាន្តដ៏ស្បាយរីករាយ សម្រាប់អ្នកទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។
កោះនេះមានឈ្មោះល្បីល្បាញបំផុត សម្រាប់ខេត្តតូចច្រឡឹងនេះ ដោយសារខេត្តនេះមានឆ្នេរខ្សាច់ ដែលមានទម្រាលទឹកសមុទ្រងាយស្រួលងូតកំសាន្ត មានទេសភាពដើមទូងដ៏ស្រស់ស្អាត មានព្រៃធម្មជាតិស្អាតជាងគេ ក្នុងចំណោមកោះទាំង១៣ ដែលស្ថិតក្នុងដែលទឹកនៃខេត្តមួយនេះ។
ប្រជុំកោះពោធិ និងកោះត្បាល់
កោះនេះ មិនសូវលឺគេលើកឡើងប៉ុន្មានទេ ប៉ុន្តែភាពប្រណីត សម្រស់ធម្មជាតិ ជីវចម្រុះរបស់ប្រជុំកោះនេះ ស្ថិតនៅជាលក្ខណៈព្រហ្មចារីយ៍នៅឡើយ ដោយកោះនេះ មានស្មៅសមុទ្រជាង៤០០០ហិកតា មានផ្កាថ្មដ៏ស្រស់ស្អាត និង ភ្ញៀវទេសចរណ៍អាចធ្វើដំណើរដោយថ្មើជើង ពីកោះមួយទៅកោះមួយបាននៅ ពេលទឹកសមុទ្រនាច។
ប្រជុំកោះនេះ ក៏សម្បូរជ្រូកទឹក ជាប្រភេទថនិកសត្វសមុទ្រ និងត្រី រួមទាំង វារី និងសត្វសមុទ្រដ៏ច្រើនផងដែរ។
ឧទ្យានជាតិកណ្តាលក្រុង
ស្ទើរតែនៅជុំវិញពិភពលោក មិនមានទីក្រុងណាមានឧទ្យានជាតិកណ្តាលក្រុងឡើយ។ គឺទំនងជាមានតែខេត្តកែប ដែលមានឧទ្យានជាតិស្ថិតនៅកណ្តាលក្រុង។ ឧទ្យានជាតិនេះមានទំហំជាង១០០០ហិកតា និងមានផ្លូវប្រវែង៨គីឡូម៉ែត្រ ដែលអាចឲ្យរថយន្តអាចធ្វើដំណើរជុំវិញបាន ពិសេសអ្នកនិយមធ្វើដំណើរផ្សងព្រេងនៅព្រៃភ្នំ ដែលដើមឈើធំៗទាំងឡាយ ត្រូវបានរក្សាទុកជាព្រៃព្រហ្មចារីយ៍។
អភិបាលខេត្តកែបបានថ្លែងថា “យើងបានខិតខំថែររក្សាព្រៃឈើក្នុងឧទ្យាននេះ ដូចប្រស្រីភ្នែករបស់យើង។
ខេត្តតូចច្រឡឹងមួយនេះ ពិតជាស័ក្តិសមជាឋានសួគ៌នៅតំបន់ឆ្នេរ សម្រាប់ អ្វីដែលធម្មជាតិ ដែលខេត្តនេះបានផ្តល់ជូនអ្នកទេសចរណ៍ជាតិ និងអន្តរជាតិនានា ដោយសារដើមឈើធំៗ ត្រឈឹងត្រឈៃដែលស្ថិតក្នុងព្រៃបែបព្រហ្មចារីយ៍នេះបានផ្តល់ជូននូវអារម្មណ៍ស្រស់ថ្លា ដល់អ្នកបានធ្វើដំណើរទៅដល់ខេត្តនេះ។
ក្តាមដ៏មានឳជារស
ដោយសារសមុទ្រនៅខេត្តកែប សម្បូរជីវចម្រុះ ពិសេសស្មៅសមុទ្របានធ្វើឲ្យជលផលសមុទ្រនានាមានឳជារសយ៉ាងខ្លាំង ធៀបនឹងជលផលខេត្តតំបន់ឆ្នេរដទៃទៀត ពិសេសពពួកក្តាមសមុទ្រនៅខេត្តកែប គ្មានអ្នកណាបដិសេធបានពីរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ពពួកសត្វសមុទ្រទាំងនេះឡើយ។
ខេត្តនេះ មិនត្រឹមតែមានអំណោយផលលើធនធានធម្មជាតិនោះទេ តែក៏ជាខេត្តដែលធ្វើឲ្យភ្ញៀវទេសចរណ៍មិនចង់ចាកចេញ ដោយសារសម្រប់ធម្មជាតិ ខ្យល់អាកាសបរិសុទ្ឋ ពិសេសធនធានជលផលសមុទ្រ ដ៏មានឳជារសមិនអាចបំភ្លេចបាន។
ស្រែអំបិល និងចម្ការម្រេច
ទិដ្ឋភាពស្រែអំបិល ដូចក្រឡាចក្រត្រង់ កម្មករធ្វើអំបិល និងពេលរដូវប្រមូលអំបិលមកដល់ បានធ្វើឲ្យទិន្នភាពស្រែអំបិលចាំព្រិចៗ វែងអន្លាយដាច់កន្ទុយភ្នែក បានធ្វើឲ្យទិដ្ឋភាពស្រែអំបិលទំហំជាង១០០០ហិកតានេះ កាន់តែគួរឲ្យពិចពិលរមិលមើល។
បច្ចុប្បន្នសិល្បកម្មផលិតអំបិល ក្នុងខេត្តកែប និងខេត្តកំពតនៅជាប់គ្នានេះ អាចផ្គត់ផ្គង់អំបិលប្រើប្រាស់បានទូទាំងប្រទេសកម្ពុជា មិនចាំបាច់នាំចូលនោះទេ ប៉ុន្តែយន្តការទីផ្សារសេរី បានធ្វើឲ្យផលិតកម្មអំបិលនៅក្នុងខេត្តនេះ ប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងផងដែរ នៅក្នុងទីផ្សារ។
ក្រៅពីស្រែអំបិល ចម្ការម្រេចក្នុងខេត្តកែប ក៏ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ ដោយសារខេត្តនេះមានចំការម្រេចរាប់រយហិកតា ហើយតាមការសិក្សាបានរកឃើញថា ការដើរក្នុងចម្ការម្រេច និងស្រង់ក្លិនចេញពីរុក្ខជាតិដែលមានរសជាតិហិរ ប្រហើរស្រាលនេះ អាចព្យាបាលជំងឺមួយចំនួនផងដែរ។
សម្បទាទេសចរណ៍
ជាមួយនឹងកំនើនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិកើនឡើងជារៀងរាល់ឆ្នាំ ការវិនិយោគពីវិស័យឯកជននៅក្នុងខេត្តកែប ទាំងផ្ទះសំណាក់ បឹងហ្កាឡូ ស ណ្ឋាគារ ភោជនីយដ្ឋានបានកើនឡើងជាបន្តបន្ទាប់ និងកាន់តែមានស្តង់ដាអន្តរជាតិ ដោយសារអ្នកវិនិយោគមានការយល់ដឹងកាន់តែច្រើន។
បច្ចុប្បន្នខេត្តនេះ មានផ្ទះសំណាក់ សណ្ឋាគារ និងរមណីយដ្ឋានប្រភេទ បាំងហ្កាឡូនានា បានផ្តល់ជូននូវបន្ទប់គេងសរុបជាង១៣០០បន្ទប់ ហើយការវិនិយោគលើផ្នែកភោជនីយដ្ឋាន និងសម្បាទាទេសចរណ៍ទាំងនេះបាននិងកំពុងកើនឡើងជាបន្តបន្ទាប់។
តង់ស៊ីតេប្រជាជន
ខេត្តកែបមានស្រុកចំនួន១ និងក្រុងចំនួនមួយប៉ុណ្ណោះ គឺក្រុងកែប និងស្រុកដំណាក់ចង្អើរ និងមានឃុំចំនួន៣ សង្កាត់ចំនួនពីរ និងប្រជាជនចំនួនជាង៤០,០០០នាក់។
លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ខេត្តទាំងបួននៃតំបន់ឆ្នេររបស់កម្ពុជា មានលក្ខណៈពិសេសដោយឡែកពីគ្នា ប៉ុន្តែប្រសិនជាពិនិត្យមើលខេត្តកែប ពិតជាខេត្តមានលក្ខណៈពិសេស ដែលមានសម្រស់របស់ខេត្តនេះ ហាក់បង្កប់នូវអាថកំបាំងកណ្តាលធម្មជាតិ ហើយពេលទៅដល់ខេត្តនេះ ធ្វើឲ្យយើងមានអារម្មណ៍ភ្ញាកផ្អើល និងមិនចង់ចាកចេញមកវិញ។
ហាក់ជាប់ចិត្តជាមួយនឹងខេត្តតូចច្រឡឹងនេះ លោកស្រីស៊ីវលីនបានបន្ថែមថា “ខេត្តកែបមានលក្ខណៈល្អពិសេស និងស័ក្តិសមជាកន្លែងសម្រាប់លំហែរកាយ ហើយខ្ញុំរំពឹងថា ខេត្តនេះមិនមានកាស៊ីណូដូចខេត្តព្រះសីហនុនោះទេ។លោកស្រីបន្ថែមថា “ក្រៅពីមានទឹក ដីនិងខ្យល់ស្អាត ខេត្តក៏មានប្រៃកោងកាង ដើមឈើធំៗ និងរសជាតិនៃក្តាមសមុទ្រមិនអាចបំភ្លេចបាន។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានបន្ទរថា ខេត្តនេះទទួលបានផ្ការំដូលបីទង ក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អរបស់ក្រសួងទេសចរណ៍ និងទើបបានទទួលពានរង្វាន់ជាទីក្រុងស្អាត របស់គណកម្មការវាយតំលៃទីក្រុងស្អាតរបស់អាស៊ាន បានធ្វើឲ្យខេត្តនេះ កាន់តែបង្ហាញពីសក្តានុពលលើធនធានធម្មជាតិ ដែលមានសមុទ្របូកនឹងធម្មជាតិដែលរក្សាទុកបានយ៉ាងល្អ នៅក្នុងទឹកដីដ៏គួរឲ្យចាប់ចិត្តនេះ។
ទោះជាយ៉ាងណា លោកវណ្ឌីបានសំណូមពរឲ្យអភិបាលខេត្តនេះ ឲ្យចាក់ខ្សាច់សម្រាប់ពង្រីកតំបន់ងូតទឹកលេងបន្ថែម និងបន្តថែររក្សានិរន្តរភាពបរិស្ថាន ក្នុងខេត្តឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាខេត្តនេះកាន់តែច្រើន៕