សហព័ន្ឋសូត្រអន្តរជាតិចិនគ្រោងវិនិយោគលើវិស័យសូត្រនៅកម្ពុជា

0

        ដោយៈ គង់ ម៉ាលីនណា
 ភ្នំពេញៈ លោក Zhang Quoqiang ប្រធានសហព័ន្ធសូត្រអន្តរជាតិ បានណែនាំខ្លួន ជាប្រធានថ្មីរបស់សម្ព័ន្ធសូត្រអន្តរជាតិ បង្ហាញពីវឌ្ឍនភាពនៃការគាំទ្ររបស់ISUលើវិស័យសូត្រ និងពិភាក្សាអំពីគោ​ល​នយោបាយរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអភិវឌ្ឍវិស័យសូត្រ សំដៅស្វែងយល់ពីឱកាសវិនិយោគ លើវិស័យសូត្រនៅកម្ពុជា ។

បន្ថែមពីនេះ លោកក៏បានបង្ហាញអំពីក្រុមហ៊ុនCathaya ដែលបានសហការជាមួយISU ក្នុងការបង្កើតសមាគមសូត្រអន្តរជាតិ ដោយផ្តួចផ្តើមគំនិតរបស់ក្រសួងឧស្សាហកម្ម នៃសាធារណៈរដ្ឋប្រមានិតចិន ដែលផ្តោតសំខាន់លើការដាំមន និងចិញ្ចឹមដង្កូវនាង។ លោកបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោកម៉ៅ ថូរ៉ា​រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកាលពីចុងសប្តាហ៍មុន។

ក្នុងជំនួបនោះ ក៏មានការចូលរួមពីប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Zhejiang Cathaya Group ដែលមកពីសាធារណៈរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីប្រតិភូភាគី ISU សមាជិក SDC របស់ក្រសួងពាណិជ្ជកម្ម តំណាងសមាគមសូត្រ វិស័យឯកជន ព្រមទាំងមានការចូលរួមពីមន្រ្តីជំនាញ នៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជនសរុបចំនួន២៥រូប។

លោកម៉ៅ ថូរ៉ា មានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គប្រជុំទាំងមូល និងលើកឡើងអំពីសមិទ្ធិផល ដែល​សម្រេចបានដោយគណ:កម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា រួមមាន ទី១ បានចូលជាសមាជិករបស់សហព័ន្ធសូត្រអន្តរជាតិ (ISU) និងចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ នៅទីក្រុងហាំងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានបញ្ជូនសមាជិកSDC ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកវិទ្យាកែច្នៃ និងនវានុវត្តន៍រចនាបទ ផលិតផលសូត្រសម័យទំនើបចំនួន៣លើក និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ជាមួយសហព័ន្ធសូត្រអន្តរជាតិ (ISU)ចំនួន២លើក នៅទីក្រុងហាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។

ទី២ បានចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបន្តពង្រឹងការបណ្តុះបណ្តាល វិជ្ជាជីវៈវិស័យសូត្រ ទី៣ បានសិក្សាស្រា​វ​ជ្រាវ និងចងក្រងតួលេខសិប្បករសូត្រ និងសិប្បកម្មសូត្រឡើងវិញ ព្រមទាំងរៀបចំសិក្ខាសាលា និងផ្សព្វផ្សាយ អំពីយុទ្ធសាស្រ្តសូត្រកម្ពុជា។ទី៤ ជំរុញអោយមានការបង្កើតសមាគមសូត្រ តាមតំបន់ដែលផលិតសូត្រដូចជា សមាគមសូត្រស្រុកសំរោង នៅខេត្តតាកែវ សមាគ​មមជ្ឈមណ្ឌលសិប្បកម្មខ្មែរ នៅខេត្តកំពង់ធំ សមាគមអភិវឌ្ឍន៍ វិស័យសូត្រវិសិដ្ឋទេវី សមាគមទ្រទ្រង់ស្រ្តីតម្បាញ និងអភិវឌ្ឍន៍សូត្ររនះ និងសមាគមកីតម្បាញខ្មែរ នៅកោះដាច់ រាជធានីភ្នំពេញ  ព្រមទាំងជំរុញការប្រើប្រាស់ផលិតផលសូត្រខ្មែរ ទៅដល់អតិថិជនក្នុង និងក្រៅ​ប្រទេស តាមរយៈការរៀបចំព្រឹត្តិការណ៍សូត្រ នៅខេត្តសៀមរាប។ទី៥ បានសិក្សាបង្កើតអោយមានម៉ាក សមូហភាពសូត្រកម្ពុជា ដើម្បីលើកកម្ពស់ផលិតផលសូត្រខ្មែរ និងការពារផលិតផលសូត្រខ្មែរពីផលិតផលសូត្រក្លែងបន្លំ ទី៦ កំពុងបន្តស្វែងរកកិច្ចសហការជាមួយដៃគូក្នុងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍NGO សំដៅដោះស្រាយបញ្ហាអាទិភាព និងរៀបចំគម្រោងអាទិភាពសំខាន់ៗ សម្រាប់ទ្រទ្រង់ និងការអភិវឌ្ឍន៍៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here