ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឯកសិទ្ធិ ជាសិទ្ធិមួយ ដែលទទួលបាននូវការសងពីទ្រព្យដែលជាកម្មវត្ថុនៃឯកសិទ្ធិ ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត។
យោងតាមឯកសារច្បាប់បានបង្ហាញថា ឯកសិទ្ធិត្រូវបានបែងចែកជាពីរប្រភេទធំៗគឺ ទី១ ឯកសិទ្ធិទូទៅ និងឯកសិទ្ធិពិសេស ដោយនៅក្នុងឯកសិទ្ធិនីមួយៗ សុទ្ធតែមានលក្ខណៈពិសេសៗទៅតាមផ្នែក ដែលបានកំណត់នៅក្នុងច្បាប់ ។ទី២ ឯកសិទ្ធិពិសេស យើងឃើញមានបញ្ញត្តិមួយ ដែលចែងអំពី ឯកសិទ្ធិលើចលនវត្ថុ ដែលសំដៅលើសិទ្ធិ លើបំណុលពាក់ព័ន្ធនឹងចលនវត្ថុជាក់លាក់ ហើយត្រូវបានការពារដោយឯកសិទ្ធិ។
-->
តើឯកសិទ្ធិលើចលនវត្ថុ ត្រូវបានកើតឡើងដោយសារមូលហេតុអ្វីខ្លះ?
យោងតាមស្មារតីនៃមាត្រា ៧៨៨ នៃក្រមរដ្ឋប្បវេណីបានបញ្ញត្តិថា៖ ឯកសិទិ្ធលើចលនវត្ថុ ជាប្រភេទឯកសិទ្ធិពិសេស ដែលបានកើតឡើងដោយសារមូលហេតុណាមួយ ដូចជា ទី១ ការជួលអចលនវត្ថុ ទី២ ការដឹកជញ្ជូនទំនិញ ឬអ្នកដំណើរ ទី៣ ការរក្សាទុកចលនវត្ថុ ទី៤ ការលក់ចលនវត្ថុ ទី៥ ការផ្ដល់គ្រាប់ពូជ កូនរុក្ខជាតិ ឬជី និង ពូជ កូនសត្វ ឬចំណីសត្វ ។
អត្ថបទនេះ សូមលើកយកតែមួយចំណុចតែប៉ុណ្ណោះ ដើម្បីមកធ្វើការបកស្រាយគឺ ឯកសិទ្ធិលើចលនវត្ថុ ដែលកើតចេញពីការជួលអចលនវត្ថុ នៅក្នុងប្រភេទនៃកិច្ចសន្យាជួល ។ មុននឹងបកស្រាយ យើងគួរយល់ពីពាក្យភតិបតី និងភតិកៈ ពីព្រោះជារឿយៗពាក្យទាំងពីរនេះងាយនឹងមានការភាន់ច្រឡំ ។
ភតិបតី សំដៅដល់ភាគីម្ខាងនៃកិច្ចសន្យាជួល ដែលសន្យាថា ឱ្យភតិកៈប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយ ដោយយកថ្លៃឈ្នួល ។ ភតិកៈ សំដៅដល់ភាគីម្ខាងនៃកិច្ចសន្យាជួល ដែលសន្យាថា នឹងបង់ថ្លៃឈ្នួល ដើម្បីជាថ្នូរនឹងការទទួលបាននូវសិទ្ធិប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយរបស់ភតិបតី ។ឯកសិទ្ធិចំពោះការជួលអចលនវត្ថុ មានអត្ថិភាពលើចលនវត្ថុរបស់ភតិកៈ ចំពោះថ្លៃឈ្នួលអចលនវត្ថុ និងកាតព្វកិច្ចផ្សេងទៀតរបស់ភតិកៈ ដែលកើតឡើងដោយទំនាក់ទំនង នៃការជួលអចលនវត្ថុនោះ ។
ឧទាហរណ៍ លោក “ក” បានជួលដីមួយកន្លែងឱ្យ លោកស្រី “ខ” ដើម្បីធ្វើការសង់អគារប្រកបអាជីវកម្ម ក្នុងតម្លៃ៥,០០០ (ប្រាំពាន់ដុល្លារអាមេរិក) ក្នុងមួយខែ និងពិន័យ៥០ (ហាសិបដុល្លារអាមេរិក) សម្រាប់ការបង់ប្រាក់ថ្លៃឈ្នួល យឺតយ៉ាវក្នុងរយៈពេលមួយខែ ។ ក្រោយពីបានអនុវត្តកិច្ចសន្យា លោកស្រី “ខ” បានខកខានអនុវត្តកាតព្វកិច្ច បង់ថ្លៃឈ្នួលរយៈពេល៣ (បី) ខែ ជាប់គ្នា ។
នៅក្នុងដីជួលនោះ លោកស្រី “ខ” មានរថយន្តម៉ាក Kia Morning ចំនួន១ (មួយ) គ្រឿង ដែលមានតម្លៃ ១៩,០០០ (មួយម៉ឺនប្រាំបួនពាន់ដុល្លារអាមេរិក) ។ ក្នុងករណីនេះ លោក “ក” មានសិទ្ធិឯកសិទ្ធិលើចលនវត្ថុរបស់លោកស្រី “ខ” ដូចនេះលោក “ក” អាចដាក់ពាក្យស្នើសុំទៅតុលាការ ដើម្បីធ្វើការលក់ដោយបង្ខំ ចំពោះរថយន្តម៉ាក Kia Morning ដែលជាចលនវត្ថុរបស់លោកស្រី “ខ” ដើម្បីធ្វើការកាត់កងជាមួយប្រាក់ដែលលោកស្រី “ខ”បានជំពាក់ រួមទាំងប្រាក់ពិន័យយឺតយ៉ាវ ។
ឧទាហរណ៍ខាងលើនេះ បានបង្ហាញអំពីទំហំនៃវត្ថុ ដែលជាកម្មវត្ថុ នៃឯកសិទ្ធិរបស់ភតិបតីនៃដី គឺភតិបតីមានអត្ថិភាព ទៅលើចលនវត្ថុ ដែលបានបំពាក់លើដីជួល ឬនៅនឹងអគារសម្រាប់ប្រើដីជួលនោះ ចលនវត្ថុដែលបានផ្ដល់ប្រយោជន៍ សម្រាប់ប្រើដីនោះ និងផលនៃដីនោះ ដែលស្ថិតនៅក្រោមការកាន់កាប់របស់ភតិកៈ ។
ប៉ុន្ដែ ករណីដែលភតិបតី ធ្វើការជួលតែអគារនោះ ឯកសិទ្ធិរបស់ភតិបតីនៃអគារ មានអត្ថិភាពលើចលនវត្ថុ ដែលភតិកៈបានបំពាក់នៅនឹងអគារតែប៉ុណ្ណោះ។ ក្នុងករណីដែលសិទ្ធិជួល ត្រូវបានធ្វើអនុប្បទាន (ការផ្ទេរសិទ្ធិជួល) ឬ ជួលបន្ដ ឯកសិទ្ធិរបស់ភតិបតី មានអានុភាព លើចលនវត្ថុរបស់អនុប្បទានិក (អ្នកទទួលសិទ្ធិជួលពីការផ្ទេរ) ឬ ភតិកៈបន្ត (អ្នកជួលបន្ដពីភតិកៈចម្បង) ។
ក្នុងករណីដែលភតិបតី បានទទួលប្រាក់កក់ដើម្បីធានា ជាបឋម ត្រូវកាត់កាតព្វកិច្ចនៃថ្លៃឈ្នួល ជាអាទិ៍ ដោយយកប្រាក់កក់នោះជាមុនសិន ហើយចំពោះភាគដែលនៅខ្វះ ទើបត្រូវបានទទួលស្គាល់ដោយឯកសិទ្ធិ ។
សរុបជារួមមក ឯកសិទ្ធិលើចលនវត្ថុ ជាសិទ្ធិប្រាតិភោគមួយប្រភេទ ដែលមិនកើតចេញពីការយល់ព្រម ឬកើតចេញពីកិច្ចព្រមព្រៀងជាមួយកូនបំណុលនោះទេ ឯកសិទ្ធិជាសិទ្ធិប្រាតិភោគមួយប្រភេទ ដែលក្រមរដ្ឋប្បវេណីបានទទួលស្គាល់ ដើម្បីធ្វើការការពារសិទ្ធិនិងប្រយោជន៍ ស្របច្បាប់របស់បុគ្គលឯកជន ។
កូនបំណុល ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវ ចំពោះម្ចាស់បំណុល ក្នុងករណីដែលកូនបំណុលមិនបានគោរព និងអនុវត្តកាតព្វកិច្ចរបស់ខ្លួនចំពោះម្ចាស់បំណុល ដែលកើតចេញពីការជួលអចលនវត្ថុ ពេលនោះម្ចាស់បំណុល នឹងមានសិទ្ធិឯកសិទ្ធិលើចលនវត្ថុរបស់កូនបំណុលនៅលើដី ឬអគារដែលបានជួល ហើយម្ចាស់បំណុលមានសិទ្ធិដាក់ពាក្យស្នើសុំទៅតុលាការ ដើម្បីធ្វើការលក់ដោយបង្ខំលើចលនវត្ថុទាំងនោះ ដើម្បីយកមកធ្វើការកាត់កង ជាសិទ្ធិលើបំណុលរបស់ខ្លួន៕