ដោយៈ គង់ សិរីជេស៊ីកា
សៀមរាបៈ ស្ថានភាពទេសចរណ៍នៅខេត្តសៀមរាប មិនមានសញ្ញាប្រសើរឡើងនៅឡើយទេ ខណៈការមកដល់របស់ក្រុមហ៊ុនអាកាសចរណ៍នៅមានកម្រិតនៅឡើយ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ដោយសារតែកន្លងមក តែងមានអ្នកយល់ច្រឡំច្រើន ជុំវិញអាកាសយានដ្ឋានថ្មីនេះ។
លោកបញ្ជាក់ថា “ខ្ញុំចង់បញ្ជាក់ថា ការហោះហើរបច្ចុប្បន្នមានតែ៨ជើងក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ទោះផ្លាស់ពីចាស់មកថ្មីក៏ដោយ”។លោកបន្ថែមថា “ព្រោះការហោះហើរ យើងដឹកទេសចរ ដឹកភ្ញៀវមកអាកាសយានដ្ឋាន មិនមែនបើកឱ្យដំណើរការភ្លាម មានយន្តហោះ ហោះចូលច្រើនភ្លាមទេ វាមិនបែបហ្នឹងនោះទេ”។
ទោះជាយ៉ាងណាលោកស៊ីន ចាន់សិរីវុត្ថាបានសម្តែងសុទិដ្ឋិនិយមថា នៅឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ អាចនឹងមានកំណើនទេសចរដូចមុនកូវីដ១៩ឡើងវិញ ខណៈអាកាសយានដ្ឋានថ្មីនេះបានត្រៀមខ្លួន និងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។
លោកបន្តថា ព្រលានយន្តហោះសៀមរាបថ្មី មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានឈ្មោះជាផ្លូវការថា “អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ”ដែលគ្រប់ដណ្ដប់លើផ្ទៃដីទំហំ៧០០ហិតា។
អាកាសយានដ្ឋានថ្មីនេះស្ថិតក្នុងលំដាប់ 4E មានផ្លូវរត់ប្រវែង ៣ ៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណ៧លាននាក់។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី កំពុងដំណើរការសាកល្បងហោះហើរមួយចំនួន មុនបើកដំណើរការជាផ្លូវការនៅអំឡុងពាក់កណ្តាលខែតុលា ឆ្នាំ២០២៣៕