ប្រធានPATAនិងប្រជាពលរដ្ឋរិះគន់ និងស្នើអាជ្ញាធរអប្សរាពិចារណាឡើងវិញរឿងថតរូបភាពនិងវីដេអូនៅរមណីយដ្ឋានអង្គរ

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) លោកធួន ស៊ីណានបានស្នើឲ្យអាជ្ញាធរអប្សរា ពិចារណាឡើងវិញនូវបទបញ្ញត្តិដ៏តឹងរ៉ឹងរបស់ខ្លួនលើការថតរូប និងវីដេអូ នៅរមណីយដ្ឋានអង្គរ។

លោកបានមានប្រសាសន៍កាលពីសប្តាហ៍មុន តាមបណ្តាញតេឡេក្រាមថា អាជ្ញាធរអប្សរា ពិតជាមានការកំណត់ប្រភេទកាមេរ៉ា ដែលត្រូវប្រើប្រាស់ថតរូបភាព និងវីដេអូនៅរមណីយដ្ឋានអង្គរ ប៉ុន្តែលោកមិនដឹងថា ការកំណត់បែបនេះ ធ្វើឲ្យអាជ្ញាធរនេះ អាចរកចំណូ​លបានប៉ុន្មានក្នុងមួយឆ្នាំនោះទេ។

លោកបន្តថា “ប្រហែលជាអាជ្ញាធរអប្សរា រកចំណូលបាន១ពាន់លានដុល្លារក្នុងមួយឆ្នាំៗហើយ ទើបមានការកំណត់បែបនេះ?”។ លោក​បន្តថា “សម្រាប់ទស្សនខ្ញុំ គឺគួរតែមានការបើកឲ្យថតដោយសេរី លើកលែងតែគេមកថតរឿងសិច ឬរឿងខ្មោច ឬរឿងប៉ះពាល់ដល់វប្បធ៌ម ប្រពៃណីរបស់ជាតិយើង ប៉ុន្តែប្រសិនជាថតប្រាសាទយកផ្សព្វផ្សាយដោយឥតគិតថ្លៃ តើមានរឿងអ្វីដែលយើងគួរហាមឃាត់គេ?”។

លោកធួន ស៊ីណានបានបន្តថា នៅតាមប្រសាទនិមួយៗ គួរតែមានបញ្ញត្តិបែបណា ដូចជា មិនឲ្យប៉ះថ្មប្រាសាទ ឬមិនឲ្យប្រើភ្លើងបែបណា គួរតែមានការណែនាំ។ លោកបន្តថា សម័យបច្ចុប្បន្នជាសម័យឌីជីថល ហេតុនេះបើឲ្យគេចូលរួមថត និងផ្សព្វផ្សាយពិតជាមានគុណតម្លៃខ្លាំងណាស់ ព្រោះមនុស្សម្នាក់កាន់កាមេរ៉ាមួយ មនុស្ស១លាននាក់កាន់កាមេរ៉ា១លានគ្រឿង ហើយផ្សព្វផ្សាយលើបណ្តាញ​សង្គម ដែលអ្នកខ្លះប្រើInstagram អ្នកខ្លះប្រើប្រាស់facebook ខ្លះប្រើTik Tok អញ្ចឹងបើមនុស្សម្នាក់មានអ្នកចូលចិត្ត៣០០នាក់ អញ្ចឹងមនុស្ស១លាននាក់ នឹងអាចផ្សព្វផ្សាយដល់មនុស្ស៣០០លាននាក់នៅលើពិភពលោក។

លោកបន្តថា “ហេតុនេះអាជ្ញាធរអប្សរា គួរតែមានការពិចារណាលើរឿងនេះឡើងវិញ ឬក៏យកថ្លៃលើកាមេរ៉ាធំៗ១ឆ្នាំ បាន១០០០លាន​ដុល្លារ ចូលជាថវិកាជាតិ គួររក្សាទុកបទបញ្ញត្តិរបស់ខ្លួនចុះ តែបើមិនបាន គួរតែពិចារណាលើរឿងនេះ”។

ជាមួយគ្នានេះ ម្ចាស់ផេកមួយដែលបានដាក់ឈ្មោះថា “PNN អ្នកក្រកម្ពុជា” បានបង្ហោះករណីជនជាតិចិនមួយក្រុម បានជួលតួអង្គអប្សរា​មកថតនៅអង្គរ តែប័ណ្ណហួសសុពលភាព ពួកគេក៏អញ្ជើញតួអង្គអប្សរាថតនៅមុខអង្គរជំនួសវិញ។

ម្ចាស់ផេកដែលបានបង្ហោះវីដេអូនោះ ដោយមានអ្នកចែកចាយប្រមាណ៣១០០នាក់ និងមានអ្នកទស្សនាជាង១៤ម៉ឺននាក់ បានលើកជាសំណួរផងដែរថា តើខ្មែរយើងចំណេញអ្វីដែរឬទេ? ដែលគេយកអប្សរាទៅថតតាមព្រៃ ផ្ទុយទៅវិញបើឲ្យគេទៅថតនៅអង្គរ ហើ​យផ្សព្វផ្សាយទៅ ដូចគេជួយផ្សព្វផ្សាយឲ្យខ្មែអញ្ចឹង។

ម្ចាស់ផេកដដែលបានបន្តថា “តើបានចំណេញអ្វី បើយកអប្សរាថតនៅក្នុងព្រៃបែបនេះ?”៕

LEAVE A REPLY

Please enter your comment!
Please enter your name here