ដោយៈ ហ្វីអូណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កូរ៉េបានលើកឡើងថា គោលបំណងដែលលោកធ្វើទស្សនកិច្ច មកកាន់ទីក្រុងភ្នំពេញ គឺដើម្បីវាយតម្លៃគម្រោងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ដើម្បីស្វែងរកមធ្យោបាយ ដែលគួរឱ្យចង់បានក្នុងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ព្រមទាំងស្តាប់នូវជំហរ និងយោបល់របស់ភាគីកម្ពុជា។
លោក ហាន ឃ្យុងភីល (Hahn Gyeong Phil) អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចសហប្រតិបត្តការអន្តរជាតិ នៃការិយាល័យគោលនយោបាយរបស់ខុទ្ទកាល័យ នាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចូលរួម បើកសិក្ខាសាលារួមគ្នាស្តីពីដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-កម្ពុជា “ការស្វែងរកយន្តការ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត” (Korea-Cambodia Development Partnership Workshop: Navigating the Path for Future Cooperation) កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ លោកហាន ឃ្យុងភីល បានបង្ហាញសុទិដ្ឋិនិយមថា កូរ៉េអាចរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ប្រកបដោយនិរន្តរភាព តាមរយៈការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍របស់ខ្លួននៃការបង្កើត “អព្ភូតហេតុ នៃទន្លេហាន” ជាមួយប្រទេសកម្ពុជា ដែលកំពុងបង្កើតនូវ “អព្ភូតហេតុនៃទន្លេមេគង្គ”។
លោកហាន ឃ្យុងភីល បានរំលឹកថា លោក Yoon Seok-yeol ប្រធានាធិបតីកូរ៉េ និងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលបានធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា បានអះអាងសារជាថ្មីថា ប្រទេសទាំងពីរពិតជាដៃគូ សហប្រតិបត្តិការដ៏សំខាន់បំផុត ហើយបានព្រមព្រៀងគ្នាជំរុញពាណិជ្ជកម្ម ផលិតផលកសិកម្ម និងបសុសត្វ ការផ្លាស់ប្តូរធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិរួមគ្នា។ម្យ៉ាងទៀតគម្រោងសហប្រតិបត្តិការ អភិវឌ្ឍន៍អន្តរជាតិ ដែលនឹងត្រូវសាងសង់នៅកណ្តាល រាជធានីភ្នំពេញនាពេលខាងមុខ (២៣-២៩) គឺស្ពានមិត្តភាពកម្ពុជា និងកូរ៉េ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកបានគូសបញ្ជាក់ថា “ភាគីពាក់ព័ន្ធនឹងបង្ហាញយ៉ាងសកម្មនូវមតិដ៏ស្មោះត្រង់ និងផែនការអភិវឌ្ឍន៍នាពេលអនាគត ទាក់ទងនឹងគម្រោង ODA របស់ប្រទេសកូរ៉េផងដែរ”។
លោកបណ្ឌិត សុខ ទូចប្រធានរាជបណ្ឌិតសភាកម្ពុជាបានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ កាន់តែមានភាពល្អប្រសើរឡើង។ ជាពិសេស ក្រោមគោលនយោបាយគំនិតផ្តួចផ្តើម អាស៊ានកូរ៉េ ឬ ASEAN Korea Solidarity (KASI) របស់ប្រធានាធិបតី យុន ស៊ុគ យូល (Yoon Seok-Yeol) សាធារណរដ្ឋកូរ៉េ នឹងដើរតួយ៉ាងសំខាន់បន្ថែមទៀត នៅក្នុងតំបន់និយាយជារួម និងជាមួយកម្ពុជានិយាយដោយឡែក ទាំងយន្តការសេដ្ឋកិច្ច នយោបាយ វប្បធម៌និងការងារសិក្សាស្រាវជ្រាវជាដើម។
កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកបណ្ឌិតសភាចារ្យ សុខ ទូច និងលោក Seong Kyoung Ryun រធានក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានឯកភាពរៀបចំគម្រោងស្នើសុំថវិកាកញ្ចប់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ឆ្នាំ២០២២-២០២៦ ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ស្រាវជ្រាវយុទ្ធសាស្ត្រ និងគោលនយោបាយជាតិ និងពិនិត្យលើគម្រោងសិក្សាស្រាវជ្រាវរួមគ្នា លើវិស័យអាទិភាពចំនួន៣ រួមមានទី១ វិស័យអប់រំ ២ វិស័យសុខភាពសាធារណៈ និងទី៣ វិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ និងការគ្រប់គ្រងធនធានទឹក៕