ដោយ វុត្ថា
ភ្នំពេញ៖ គំរោងខុនដូទី១ប្រចាំឆ្នាំ២០១៩ បានបើកការដ្ឋានសាងសង់ ខណៈអ្នកជំនាញនៅតែមានសុទិដ្ឋិនិយម ពីការទិញលក់អាគារបែបសហកម្មសិទ្ឋនេះថានៅតែមានភាពល្អប្រសើរ។
លោក មៀច សុខា អ្នកតំណាងក្រុមហ៊ុន Century 21 V-heritage Home Realty បានឲ្យដឹងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះថា ដោយមើលឃើញពីសក្តានុពលបែបនេះ ហើយក្រុមហ៊ុនសម្រេចអភិវឌ្ឍន៍គម្រោងAmara Residence ដែលមានផ្ទះ ចំនួន៩៦យូនីត ចែកចេញជាបីប្រភេទ គឺប្រភេទទី ១ បន្ទប់គេង ២ និង ៤ បន្ទប់គេង ហើយមានទំ ហំចាប់ពី៣៧ ទៅដល់១៣៦ ម៉ែត្រការ៉េ ។ លំនៅដ្ឋានក្នុងគំរោងនេះ៣០ ភាគរយជាប្រភេទ Condo Apartment ហើយខុនដូនេះមានតម្លៃចាប់ពី១៩០០ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េ។
លោកបន្តថា “ការវិនិយោគខុនដូប្រណីតនេះ សាងសង់ឡើងក្នុងគោលបំណងបំពេញចិត្តអ្នករស់នៅក្នុងទីក្រុង ជាពិសេសគូរស្រករថ្មីថ្មោង ដែលឪ្យតម្លៃការរស់នៅប្រកបដោយផាសុកភាព នៅកណ្តាលរាជធានីភ្នំពេញ”។
Amara Residence មានកម្ពស់២៥ ជាន់ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានអភិវឌ្ឍន៍រួមគ្នារវាងក្រុមហ៊ុន Century21 V-Heritage Home Realty Co, Ltd. និងជាម្ចាស់ដី ហើយក្រុមហ៊ុនធំមួយរបស់ចិន CNE ជាអ្នកទទួលម៉ៅការទូទៅលើគម្រោងនេះ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២១។
លោកមៀច សុខាបានបន្តថា ទីផ្សារខុនដូក្នុងឆ្នាំ២០១៩នេះ នៅក្នុងប្រទេសកម្ពុជា នៅតែមានសក្តានុពលសម្រាប់ជនជាតិខ្មែរ និងជនបរទេស ហើយគ្រាន់តែគម្រោងនេះ ចេញភ្លាម ត្រូវបានជនជាតិខ្មែរ និងបរទេសទិញអស់រួចទៅហើយ។
លោក ច្រឹក សុខនីម ប្រធានសមាគមន៍អ្នកវាយតម្លៃអចលនវត្ថុកម្ពុជាបានឲ្យដឹងផងដែរថា ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា គឺពុំមានអ្វីប្រែប្រែលនោះទេ សម្រាប់ឆ្នាំ ២០១៩នេះ ពោលគឺសកម្មភាពនៃការសាងសង់ ក៏ដូចជាទីផ្សារលក់ដូរនៅតែមានសភាពរឹងមុំាដដែល៕