ដោយវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន ECNA និង ក្រុមហ៊ុន Agri Tech Co LTDមកពីប្រទេសសឹង្ហបុរី មានគម្រោងវិនិយោគលើការធ្វើផ្លូវលំ ពីល្បាយដីឥដ្ឋជាមួយខ្សាច់ និងការកែច្នៃសំណល់ផ្ទះបាយនៅប្រទេសកម្ពុជាក្នុងគោលបំណង និងឆន្ទៈក្នុងការរួមចំណែកជាជួយបរិស្ថាន។
ក្នុងជំនួបពិភាក្សាជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ម្សិលមិញនេះ លោក Xavier Yeo ប្រធានក្រុមហ៊ុន ECNA បានបង្ហាញពីបច្ចេកទេស ក្នុងការសាងសង់ផ្លូវលំពីល្បាយដីឥដ្ឋ ជាមួយខ្សាច់ជាប់បានយូរហូតដល់៥ឆ្នាំនិងមានតម្លៃសមរម្យ។
លោក Nicholas Goh ប្រធានក្រុមហ៊ុន Agri Tech Co LTD ក៏បានបង្ហាញពីការកែច្នៃសំណល់ពីផ្ទះបាយនៅតាមសាលារៀន និងនៅតាមគេហដ្ឋានទៅជាជីកំប៉ុស្ត៍ ក្នុងតម្លៃថោកសម្រាប់ប្រើប្រាស់ ក្នុងការដាំដំណាំនៅតាមសាលារៀន និងនៅតាមផ្ទះ។
លោក សាយ សំអាល់ បានគំាទ្រចំពោះបទបង្ហាញការរកឃើញបច្ចេកវិទ្យាថ្មី ក្នុងការកសាងផ្លូវលំ និងការកែច្នៃសំណល់ពីផ្ទះបាយ នៅតាមសាលារៀនទៅជាជីកំប៉ុសក្នុងតម្លៃថោក ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយតម្លៃក្នុងការថែរទាំផ្លូវ និងកាត់បន្ថយសំណល់ផ្ទះបាយនៅទីលានចាក់សំរាម។
លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងពីរ បន្តសហការជាមួយក្រសួងបរិស្ថានបន្ថែមទៀត និងបានអញ្ជើញក្រុមហ៊ុនទាំងពីរ មកធ្វើបទបង្ហាញដល់យុវជនកម្ពុជា នៅពេលខាងមុខ ដើម្បីផ្តល់ចំណេះដឹងលើបច្ចេកវិទ្យាថ្មីទាំងនេះ ដែលអាចយកទៅអនុវត្ដន៍តាមសាលារៀន និងតាមមូលដ្ឋានឱ្យទទួលបានលទ្ធផលល្អប្រសើរ៕