ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន OCIC កំពុងសិក្សាដើម្បីសាងសង់ផ្លូវក្រោមដីថ្មីមួយ ដែលមានប្រវែងប្រមាណ៥០០ម៉ែត្រ នៅក្រោមផ្លូវជាតិលេខ៥ ដើម្បីសម្រួលចរាចរណ៍នៅតំបន់នេះ។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៤ កុម្ភៈនេះថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សា ពីផលប៉ះពាល់ជាមួយប្រជាពលរដ្ឋនៅតំបន់នេះ ទាក់ទងនឹងការសាងសង់ផ្លូវក្រោមដី នៅខាងក្រោមផ្លូវជាតិលេខ៥ ដែលផ្លូវនេះស្ថិតនៅចំពីមុខអតីតស្ថានីយ៍សាំងសូគីម៉ិច និងអូសកាត់ក្រោមផ្លូវជាតិលេខ៥ ដែលមានប្រវែងចន្លោះ ៤០០ម៉ែត្រទៅ៥០០ម៉ែត្រ។
លោកបន្តថា “ផ្លូវក្រោមដីនៅតាមបណ្តោយផ្លូវជាតិលេខ៥ នឹងមានទំហំធំដែលអាចមានផ្លូវរថយន្តចរាចរណ៍ទៅមក និងផ្លូវម៉ូតូមួយផងដែរ”។
លោកបន្តថា “ផ្លូវនេះនឹងអាចបញ្ចប់ការសាងសង់ជាមួយគ្នានឹងស្ពានខ្សែកាប ភ្ជាប់ទៅកាន់ទឹកដីជ្រោយចង្វារ បើសិនជាការដោះស្រាយផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋរួចទាន់ពេលវេលា”។
ទោះជាយ៉ាងណាបើតាមការឲ្យដឹងពីលោកទូច សំណាងបានឲ្យដឹងថាថវិកាត្រូវចំណាយសម្រាប់សាងសង់ផ្លូវក្រោមដីនេះ មិនទាន់ដឹងនៅឡើយទេ ព្រោះគំរោងថវិកានេះមិនរួមបញ្ចូលគ្នាជាមួយនឹង ថវិកាសាងសង់ស្ពានយោងដោយខ្សែកាប ទៅកាន់តំបន់ជ្រោយចង្វារនោះទេ៕