ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលពិសេសមួយ ដោយផ្តោតលើឱកាសវិនិយោគដើម្បីទទួលបានផលចំណេញពី ការវិនិយោគលើវិស័យអចលនទ្រព្យ និងដំណោះស្រាយលើបញ្ហាប្រឈមនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះហើយ នៅក្នុងមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC) ។
វាគ្មិនជំនាញបីរូបនឹងបង្ហាញបទពិសោធន៍ពីភាពជោគជ័យ និងឱកាសស្វែងរកផលចំណេញពីការវិនិយោគលើវិស័យអចលនទ្រព្យ និងមូលដ្ឋាននៃការសិក្សាលើព័ត៌មានជាក់លាក់មុនសម្រេចចិត្តវិនិយោគ នឹងចូលរួមក្នុងវគ្គបណ្តុះបណ្តាលពិសេស និងមិនធ្លាប់មានពីមុនមក គឺលោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គៀម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century21 Dream Property និងលោក យិន លាងគង់ អគ្គនាយកគេហទំព័រ Propertyarea.asia និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា។

អគ្គនាយកក្រុមហ៊ុនគេហទំព័រ Properyarea.asia លោក យិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៥ កុម្ភៈនេះថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ ដែលផ្តល់ឲ្យអ្នកសិក្សាទទួលបានចំណេះដឹង ជាមូលដ្ឋានទាក់ទងនឹងវិស័យអចលទ្រព្យ ទាក់ទងដំណើរវិវត្តន៍ក្នុងវិស័យនេះ ទាក់ទងនឹងការវិនិយោគដើម្បីបញ្ចៀសហានិភ័យ ពិសេសការស្វែងរកមូលដ្ឋានព៌តមានជាក់លាក់ មុនសម្រេចចិត្តវិនិយោគ។

លោកបន្តថា “មូលដ្ឋានព័ត៌មានច្បាស់លាស់ និងជាក់លាក់មានសារៈសំខាន់ណាស់ ដើម្បីអ្នកវិនិយោគអាំចប្រើប្រាស់ក្នុងការពិចារណា មុនសម្រេចចិត្តវិនិយោគ ដើម្បីបញ្ចៀសហានិភ័យលើការវិនិយោគរបស់ខ្លួន”។ លោកបន្តថា “ព័ត៌មានជាមូលដ្ឋានដ៏សំខាន់ និងមិនអាចខ្វះបាន ហេតុនេះការវិភាគព័ត៌មានឲ្យបានត្រឹមត្រូវ និងស៊ីជម្រៅ ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តវិនិយោគ ពិតជាមានតម្លៃមិនអាចខ្វះបានសំរាប់អ្នកវិនិយោគនានា”។
អគ្គនាយកក្រុមហ៊ុន Century21 Dream Property លោក គៀម សៀកឡុង ដែលជាក្រុមហ៊ុនមួយទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងវិស័យនេះ និងបានជាប់ជាក្រុមហ៊ុនទី១ដែលលក់អចលនទ្រព្យបានច្រើនជាងគេ កាលពីឆ្នាំមុនក្នុងចំណោមក្រុមហ៊ុនជាសមា ជិកគ្រួសារ Century21 Family បានមានប្រសាសន៍ឲ្យដឹងថា លំហូរសាច់ប្រាក់ និងការពិនិត្យលើកត្តាភូមិសាស្រ្តអចលនទ្រព្យ និងព៌តមានពាក់ព័ន្ឋពិតជាមានសារៈសំខាន់ ដើម្បីឲ្យការវិនិយោគទទួលបានជោគជ័យ។

លោកបន្តថា “ក្នុងវគ្គបណ្តុះបណ្តាលនេះ ខ្ញុំនឹងបង្ហាញពីបទពិសោធន៍នៃការបរាជ័យ និងភាពជោគជ័យ ដើម្បីឲ្យអ្នកសិក្សាស្វែងយល់ និងធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តវិនិយោគក្នុងវិស័យនេះ ដើម្បីឈានទៅទទួលបានជោគជ័យ”។ លោកបន្តថា “ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យមានច្រើន ប៉ុន្តែមិនប្រាកដជោគជ័យនោះទេ ហេតុនេះភាពជោគ ជ័យនឹងអាស្រ័យលើកត្តាជាច្រើន ដែលខ្ញុំនឹងធ្វើបទបង្ហាញពីបញ្ហានេះ”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានិងជាអគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងថា តាមរយៈវគ្គបំពាក់បំប៉ននេះ អ្វីសំខាន់ដែលលោកនឹងលើកយកមកបង្ហាញ គឺដំណើរវិវត្តន៍នៃទីផ្សារអចលនទ្រព្យនៅកម្ពុជា ទិដ្ឋភាពទូទៅក្នុងវិស័យនេះ និឱកាសវិនិយោគបែបណាដើម្បីទទួលបានផលចំណេញ និងគួរវិនិយោគនៅទីតាំងណាដែលមានសក្តានុពល ក្នុងការទទួលបានប្រាក់ចំណេញ។
លោកបន្តថា “ជាមួយគ្នានេះ ខ្ញុំនឹងលើកយកយន្តការបែបណាដើម្បីវិនិយោគកុំឲ្យខាត និងប្រសិនជាអចលនទ្រព្យជាប់គាំង តើគួរមានច្រកចេញបែបណា និងគួរធ្វើការជាមួយអ្នកណា ដើម្បីទទួលបានឱកាសចំណេញ និងមិនធ្វើការវិនិយោគបែបផ្សងព្រេង”។លោកបន្តថា “តើការវិនិយោគគួរមានបណ្តាញការងារបែបណា និងធ្វើយ៉ាងណាកុំឲ្យមានការស្ទះលំហូរសាច់ប្រាក់សុទ្ឋតែមានសារៈសំខាន់ ដែលលោកនឹងបង្ហាញនិងផ្តល់ដល់អ្នកចូលរួម”។
អ្នកមានបំណងចូលរួមអាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០៨៩ ៨៩៤ ៤៤៩, ០១៦ ៥២៩ ៩៩៥ និងលេខទូរស័ព្ទ០១៦ ៨៨៨ ២៤៨៕