មន្រ្តីជាន់ខ្ពស់កម្ពុជាបានស្នើជប៉ុនរៀបចំបង្កើតកម្មវិធីនានា ដើម្បីទាក់ទាញវិនិយោគិន

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ណស់កម្ពុជា ​បានស្នើ​ភាគី​ជប៉ុន ​ចូលរួម​សហការ​ក្នុងការ​រៀបចំ​បង្កើត​ក​ម្ម​វិធី​នានា​ ដើម្បី​ទាក់ទាញ​វិនិយោគិន និង​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ ​អំពី​ភាព​វិជ្ជមាន​លើ​កិច្ចការងារ​វិនិយោគ និង​ការលើកទឹកចិត្ត​ផ្សេងៗ​របស់​កម្ពុជា​ ទៅកាន់​អ្នកវិនិយោគ​ជប៉ុន។

ការស្នើនេះធ្វើឡើង ខណៈ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ ក្នុង​រយៈពេល៣​ ត្រីមាស ​ដើមឆ្នាំ​ ២០២៣ សម្រេចបាន​ជាង១,៣​ ពាន់​លាន​ដុល្លារ​។​

សំណើ​នេះ ​ត្រូវបាន​លើកឡើង​ដោយ​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុ​ជា នា​អំឡុង​កិច្ចប្រជុំ​លើក​ទី​២៦ ​នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន ដោយមាន​ការចូលរួម​ពី​លោក UENO Atsushi​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ ​នៃ​ប្រទេស​ជប៉ុន ​(JICA) អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ​(JETRO) សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា ​(JBAC) និង​តំណាង​ក្រុមហ៊ុន​ជប៉ុន ​ដែលមាន​ប្រតិបត្តិ​ការវិនិយោគ​នៅ​កម្ពុជា សរុប​ប្រមាណ២០០​រូប​។​ លោកស៊ុន ចាន់ថុល បាន​សម្តែង​ការស្វាគមន៍ និង​អរគុណ​វិនិយោគិន​ជប៉ុន ​ដែល​បាន​ពង្រឹង និង​ពង្រីក​ប្រតិបត្តិការ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ដែល​ទាំងនេះ​គឺជា​ការឆ្លុះបញ្ចាំង ​ឱ្យឃើញ​ពី​ការផ្តល់​សេចក្តីទុកចិត្ត ​ពី​សំណាក់​វិនិយោគិន​ជប៉ុន ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការចាប់យក​ឱកាស ​ដ៏​អំណោយផល​ពី​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា និង​លក្ខខណ្ឌ​ទីផ្សារ​នាំចេញ​ដ៏​ល្អ ​ដែល​កម្ពុជា​កំពុងមាន​ពី​សំណាក់​ប្រទេស​ធំៗ​ជាច្រើន​លើ​ពិភពលោក​។​លោក​បានបញ្ជាក់ថា “​នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការផ្តល់​នូវ​សេចក្តីទុកចិត្ត​ ពី​សំណាក់​វិនិយោគិន​បរទេស​និយាយ​ជារួម និយាយ​ដោយឡែក​វិនិយោគិន​ជប៉ុន ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការ​ច្បាម​យក​កាលានុវត្តភាព​ ជា​អតិបរមា​ពី​កត្តា​សុខសន្តិភាព ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច បរិស្ថាន​វិនិយោគ​ដែលមាន​ភាពអនុគ្រោះ និង​របប​វិនិយោគ​ ដែល​បើកចំហ​អំណោយផល ​សម្រាប់​ការវិនិយោគ និង​ធានាបាន​នូវ​ភាព​ប្រកួតប្រជែង​”។​

ឯកអគ្គរាជទូត​ជប៉ុន លោក UENO Atsushi​ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​របស់​កម្ពុជា ​ដែល​តែង​ខិតខំ​ប្រឹងប្រែង ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​សម្របសម្រួល និង​ផ្តល់នូវ​ការឆ្លើយតប​ប្រកបដោយ​ភាពទន់ភ្លន់​ចំពោះ​ក្ដីកង្វល់ និង​សំណូមពរ​នានា​របស់​វិនិយោគិន​ជប៉ុន​នាពេល​កន្លងមក​។​កិច្ចប្រជុំ​ទ្វេភាគី​នេះ គឺជា​ផ្នែក​មួយ​នៃ​យន្ត​ការថែរទាំ​វិនិយោគ​ដែល​ត្រូវបាន​រៀបចំឡើង ​ចាប់តាំងពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០០៩ ក្រោម​ក្របខ័ណ្ឌ ​នៃ​កិច្ចព្រមព្រៀង​រវាងកម្ពុជា និង​ជប៉ុន ស្តីពី​សេរីភាវូបនីយកម្ម ការជំរុញ និង​ការការពារ​វិនិយោគ ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោកស៊ីន​ហ្សូ អា​បេ កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០០៧​។

សម្រាប់​ប្រធានបទ​សំខាន់ៗ​ ដែល​បាន​លើក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​លើក​ទី​២៦ នេះ​មាន​វិសាលភាព​ គ្របដណ្តប់​លើ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា ពន្ធដារ ភ័ស្ដុភារ​កម្ម ថាមពល និង​ពាណិជ្ជកម្ម ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here