បណ្ដាធនាគារនៅវៀតណាមជួបវិបត្តិ ដោយសារលក់ឡាយឡុងអចលនទ្រព្យដែលខ្លួនរឹបអូសមិនចេញ

0

ដោយៈ តែម សុខុម

ហាណូយៈ ធនាគារនានានៅប្រទេសវៀតណាម បាននិងកំពុងព្យាយាមលក់ឡាយឡុងផ្ទះ រីហ្សត និងរោងចក្រដែលខ្លួនរឹបអូសបានពីកូនបំណុល ប៉ុន្តែរកអ្នកទិញមិនបានសោះ ទោះបីជាលក់បញ្ចុះតម្លៃច្រើនយ៉ាងណាក្ដី។

ចាប់តាំងពីចុងឆ្នាំ២០២២ ធនាគារនានាបានដាក់លក់ឡាយ​ឡុងយ៉ាងគំហុក នូវអចលនទ្រព្យរួមមានដីធ្លី ផ្ទះ និងវីឡានៅតាមតំបន់ដែលមានហាងឆេងខ្ពស់ សណ្ឋាគារ រីហ្សត និងរោងចក្រដើម្បីកាត់កងបំណុល។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា។

តួយ៉ាងធនាគារ Agribank ជាថ្មីម្ដងទៀតកំពុងស្វែងរកអ្នកទិញផ្ទះចំនួនពីរ ក្នុងសង្កាត់ចាស់នៃក្រុងហាណូយ ដោយផ្ទះមួយលក់ក្នុងតម្លៃចាប់ពី២,៥លានដុល្លារអាមេរិក ហើយផ្ទះមួយទៀតលក់ក្នុងតម្លៃចាប់ពី១,៤លានដុល្លារអាមេរិក។

ផ្ទះពីរខាងលើត្រូវបានធនាគារប្រកាស ដាក់លក់ឡាយឡុងប្រមាណ១០ដងមកហើយ រហូតមកទល់ពេលនេះ ប៉ុន្តែនៅតែលក់មិនចេញ។

ទន្ទឹមនេះ ធនាគារ BIDV បានព្យាយាមជាលើកទី៦ ក្នុងការលក់ឡាយឡុង រោងចក្រផលិតស៊ីមង់ត៍មួយកន្លែង នៅខេត្តភាគខាងត្បូង Binh Phuoc និងជាង១០ដង ក្នុងការលក់ឡាយឡុងដីមួយកន្លែងដែលមានទំហំ១.១០០ម៉ែត្រការ៉េនៅក្រុងហូជីមិញ។

នៅខែតុលា ធនាគារ VietinBank បានប្រកាសលក់ឡាយឡុងជាថ្មីនូវដីចំនួន២០កន្លែង ក្នុងខេត្តភាគខាងត្បូង Dong Nai ជាមួយនឹងតម្លៃចាប់ពី១០,៩លានដុល្លារអាមេរិក ដោយបញ្ចុះតម្លៃ២,៤៦លានដុល្លារអាមេរិក បើធៀបនឹង៣ខែមុន។

ដីទាំងនោះត្រូវបានក្រុមហ៊ុនសាងសង់មួយ នៅទីក្រុងហូជីមិញ យកទៅដាក់បញ្ចាំដើម្បីខ្ចីប្រាក់ពីធនាគារ។ធនាគារមួយទៀត បានបញ្ចុះតម្លៃ៤,១១លានដុល្លារអាមេរិក មកនៅត្រឹម៤១,១២លានដុល្លារអាមេរិក សម្រាប់អចលនទ្រព្យក្នុងក្រុង Nha Trang។

អចលនទ្រព្យជាច្រើន ក្នុងគម្រោងទេសចរណ៍មួយមានតម្លៃ១ពាន់លានដុល្លារអាមេរិក ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអភិវឌ្ឍន៍ Tan Hoang Minh ក៏ត្រូវបានបញ្ចុះតម្លៃ រាប់លានដុល្លារអាមេរិក ពីការប្រកាសលក់ឡាយឡុងមុនៗផងដែរ។

យោងតាមសមាគមភ្នាក់ងារ អចលនទ្រព្យវៀតណាម បានឱ្យដឹងថា នៅមុនពេលធនាគាររឹបអូស យកមកលក់ឡាយឡុង គឺធនា​គារទុកពេលឱ្យកូនបំណុល រយៈពេលពី៣ទៅ៦ខែ សម្រាប់ឱ្យពួកគេលក់អចលនទ្រព្យទាំងនោះដោយខ្លួនឯង។

ប៉ុន្តែដោយសារទីផ្សារអចលនទ្រព្យបច្ចុប្បន្ន កំពុងដាំក្បាលចុះ ទើបធ្វើឱ្យកូនបំណុលលក់មិនចេញ ព្រោះពួកគេចង់លក់វាចេញក្នុងតម្លៃខ្ពស់ ខណៈអ្នកទិញរង់ចាំឱ្យតម្លៃចុះថោក។

តាមរយៈរបាយការណ៍មួយ ដែលផ្ញើជូនរដ្ឋសភាវៀតណាម កាលពីដើមខែនេះ ធនាគារកណ្ដាលវៀតណាមបានបញ្ជាក់ថា អនុបាតបំណុលខូច ឬបំណុលពិបាកទារ (Bad Debt) ក្នុងវិស័យអចលនទ្រព្យ មានក្នុងរង្វង់២,៥៨%គិតត្រឹមដំណាច់ខែកក្កដា ដោយកើនឡើងខ្លាំងបើធៀបនឹង១,៨% ក្នុងឆ្នាំ២០២២ ហើយកំពុងតែកើនឡើងបន្តទៀត។

សមាគមខាងលើរំពឹងថា អនុបាតបំណុលខូចនឹងកើនឡើងបន្ថែមទៀត ពីព្រោះទីផ្សារអចលនទ្រព្យវៀតណាម នៅមិនទាន់រើបឡើងវិញនោះទេ៕ VN Express ៕

LEAVE A REPLY

Please enter your comment!
Please enter your name here