ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ក្រុមហ៊ុនធំៗរបស់ប្រទេសថៃចំនួន៣ បានសហការជាមួយក្រុមហ៊ុនក្នុងស្រុកគ្រោងបោះទុនវិនិយោគរួមគ្នាលើទឹកប្រាក់ ២០០លានដុល្លារ ដើម្បីសាងសង់គំរោងលំនៅដ្ឋាន ផ្សារបណ្តែតទឹក សួនសប្បនិម្មិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ក្រុមហ៊ុនធំៗរបស់ប្រទេសថៃចំនួន៣ បានសហការជាមួយក្រុមហ៊ុនក្នុងស្រុកគ្រោងបោះទុនវិនិយោគរួមគ្នាលើទឹកប្រាក់ ២០០លានដុល្លារ ដើម្បីសាងសង់គំរោងលំនៅដ្ឋាន ផ្សារបណ្តែតទឹក សួនសប្បនិម្មិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្រុមហ៊ុនថៃទាំងបីនោះរួមមាន ក្រុមហ៊ុន Sin Corp ក្រុមហ៊ុន Chang Siem Corporation និងក្រុមហ៊ុន TPI ដែលជាក្រុមហ៊ុនផលិតស៊ីម៉ត៍ខនគ្រីតធំជាងគេនៅប្រទេសថៃ។
លោកសាស្រ្តាចារ្យ ទួស សាភឿន សហភាគហ៊ុននិកគំរោងបុរីអង្គរលែនដ៏ម៉ាកបន្ទាយស្រី ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋអេឡិកត្រូនិកនាព្រឹកថ្ងៃទី២០ កុម្ភៈនេះថា គំរោងវិនិយោគនេះស្ថិតនៅលើផ្ទៃដីជាង ៥០០ហិកតា ក្នុងនោះគំរោងទី១ មានផ្ទៃដី ២២៣ហិកតា និងគំរោងទី២ មានផ្ទៃដីទំហំ ៣០០ហិកតា។
លោកបន្តថា គំរោងនេះមានភាពចម្រុះ ដោយមានលំនៅដ្ឋានបែបលំហែរកាយ ភោជនីយដ្ឋាន ផ្សារបណ្តែតទឹកដែលនឹងសាងសង់លើផ្ទៃដី ៥០ហិកតា ហើយវានឹងជាផ្សារបណ្តែតទឹកធំជាងគេនៅកម្ពុជា និងសួនសប្បនិម្មិតស្ថិតនៅលើផ្ទៃដី ២០ហិកតា ដែលសួននេះនឹងមានសត្វចម្រុះ ដែលផុតពូជពីពិភពលោកនេះ។
លោកសាស្រ្តាចារ្យបានបន្តថា “ក្រុមហ៊ុនរបស់យើងនឹងចុះ MOU ជាមួយក្រុមហ៊ុនទាំងនោះនៅថ្ងៃទី២០កម្ភៈនេះ ដើម្បីចាប់ផ្តើមអភិវឌ្ឍន៍គំរោងនេះ ដែលវាជាគំរោងទី១ នៅក្នុងខេត្តសៀមរាប”។
លោកបន្តថា “គំរោងនេះនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងរួមចំណែកពន្យាពេលស្នាក់នៅរបស់ភ្ញៀវនៅកម្ពុជាឲ្យបានកាន់តែយូរ និងចំណាយប្រាក់ច្រើន”។
ជាមួយនេះក្រុមហ៊ុនខាងលើនឹងរៀបចំស្ថានីយ៍ ផលិតថាមពលអគ្គិសនីដោយប្រើប្រាស់ផ្ទាំងសូឡា លើផ្ទៃដីទំហំ ៧០ហិកតា ដែលអាចផ្គត់ផ្គង់ថាមពលនៅទូទាំងខេត្តសៀមរាប។ គម្រោងនេះទទួលបានការអនុម័តយល់ព្រមពីរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ។
លោកសាស្រ្តាចារ្យ ទួស សាភឿន បានបន្តថា បច្ចុប្បន្ននេះគំរោងនេះមិនទាន់បានចាប់ផ្តើមសាងសង់នៅឡើយទេ តែយើងនឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំនេះ ព្រោះបច្ចុប្បន្នស្ថាបត្យករ និងវិស្វករថៃ និងកូរ៉េកំពុងរចនាគំរោងផ្សារបណ្តែតទឹក និងរមណីយដ្ឋានក្នុងគំរោងនេះ។
លោកបន្តថា “មកពីណាមិនសំខាន់ទេ សំខាន់គឺទាញយកអ្នកវិនិយោគមកវិនិយោគនៅស្រុកយើង ដើម្បីផ្តល់ការងារដល់ប្រជាជន និងលើកស្ទួយសេដ្ឋកិច្ចប្រទេសជាតិយើង”។
ទាក់ទងការទិញលំនៅដ្ឋានក្នុងគំរោងនេះ អតិថិជនអាចទាក់ទងតាមរយៈលេខទូរស័ព្ទ០៩៧ ២០ ៤៦ ៧៨៩។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា ការពិតខេត្តសៀមរាបពិតជាមានសក្តានុពលវិនិយោគ ប៉ុន្តែកន្លងមកអ្វីដែលយើងបានបង្ហាញនិងទាក់ទាញភ្ញៀវទេសចរណ៍របស់យើង មានត្រឹមសំណង់ប្រាសាទប៉ុណ្ណោះ ហេតុនេះប្រសិនជាមានការវិនិយោគ លើរមណីយដ្ឋានកែច្នៃបែបនេះ និងធ្វើឲ្យបានកាន់តែច្រើន វាពិតជាមានប្រយោជន៍ណាស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យស្នាក់នៅបានយូរនៅខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេសកម្ពុជា។
លោកបន្តថា “ការវិនិយោគលើរមណីយដ្ឋានកែច្នៃកាន់តែច្រើនកាន់តែល្អ តែត្រូវធ្វើឲ្យមានស្តង់ដា និងទាក់ទាញ ព្រោះបើយើងធ្វើបានល្អ វានឹងក្លាយជាផលិតផលទេសចរ ណ៍ថ្មី ដែលអាចទាក់ទាញភ្ញៀវស្នាក់នៅកាន់តែយូរ និងចំណាយប្រាក់ច្រើននៅកម្ពុជា”៕