បច្ចេកវិទ្យា​ជំរុញ​ឲ្យ​ការទូទាត់​ដោយ​ពុំ​ប្រើ​សាច់ប្រាក់​កំពុងមាន​សន្ទុះ​ខ្លាំង

0

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ យុគសម័យ​ប្រើប្រាស់​បច្ចេកវិទ្យា បាននិងកំពុង​ផ្លាស់ប្តូរ​និន្នាការ​ជាច្រើន​ក្នុង​ពិភពលោក ក្នុងនោះ​ក៏មាន​ការផ្លាស់ប្តូរ​ប្រ​ព័​ន្ឋ​ទូទាត់​សាច់ប្រាក់​ផងដែរ ខណៈដែល​ប្រជាជន​ក្នុង​ពិភពលោក​កាន់តែច្រើនឡើងៗ ភ្ជាប់​បច្ចេកវិទ្យា​ទៅនឹង​ជីវិត​រស់នៅ​របស់ខ្លួន។

ទូរ​សព្ទ​ដៃ​គ្រប់​ដណ្ដប់​លើ​ជីវិត​រស់នៅក្នុង​ប្រទេស​ចិន ហើយ​ប្រជាជន​ចិន​រាប់រយ​លាន​នាក់ ប្រើប្រាស់​ទូរ​សព្ទ​ដៃ​សម្រាប់​និយាយ​ជាមួយ​មិត្ត​ភ័​ក្ត តាមដាន​ព័ត៌មាន និង​បង់​ថៃ្ល​រាល់​មុខទំនិញ​ទាំងអស់ រាប់​ចាប់ពី​ទំនិញប្រើប្រាស់​សម្រាប់​តម្រូវ​ការ​មូលដ្ឋាន​រហូតដល់​ទំនិញប្រណីតៗ នៅតាម​ហាង​ជាក់ស្ដែង និង​តាម Online ជាក់ស្តែង​ក្នុង​ថ្ងៃ​បញ្ចុះ​ថ្លៃ​ពិសេស​នៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី 11 ខែវិច្ឆិកា កន្លងទៅនេះ  ការទិញ​ទំនិញ​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ទៅ​ជាង២៥ ពាន់​លាន​ដុល្លារ​ក្នុង​មួយថ្ងៃ ហើយ​ក្នុងនោះ​ជាង​ពាក់កណ្ដាល ត្រូវបាន​ធ្វើឡើង​តាមរយៈ​ទូរ​សព្ទ​ដៃ។

នេះ​ជា​លើកដំបូង​ហើយ ដែល​ទូរ​សព្ទ​ដៃ​បាន​ឈានមុខ​កុំព្យូទ័រ​ក្នុង​ការទិញ​ទំនិញ​តាម Online ក្នុង​ពិធីបុណ្យ​លក់ទំនិញ ។

ក្នុងសង្គម​មួយ​ដែល​សាច់ប្រាក់ កំពុង​បាត់បង់​ប្រជាប្រិយភាព នៅពេលនេះ សូម្បី​ការផ្ដល់ប្រាក់​ទឹកតែ​ឲ្យ​ទៅ​បុគ្គលិក ឬ​ការផ្ដល់​ប្រាក់កាស​ដល់​អ្ន​ក​ខ្វះខាត អាចធ្វើ​ទៅបាន​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ថែ​ទៀតផង។ ខណៈ​ដែលមាន​មនុស្ស​ជាច្រើន​ទូទាត់​ទំនិញ ឬ​សេវា​ដោយ​ប្រើប្រាស់​កំពូល​កម្មវិធី ដូចជា កម្មវិធី Alipay ដែលមាន​អ្នកប្រើប្រាស់​ជាង៧០០លាន​នាក់ ឬ​កម្មវិធី WeChat នៅពេលនេះ​ចំនួន​មនុស្ស ដែល​ព្រម​ទទួលយក​ការទូទាត់​តាម​កម្មវិធី​បែបនេះ តាមរយៈ​ការប្រើប្រាស់​កូដ QR ក៏មាន​ការកើនឡើង​ផងដែរ។

កម្មវិធី​បែបនេះ​អនុញ្ញាត​ឲ្យ​បុគ្គល​គ្រប់រូប ដែលមាន​ទូរ​សព្ទ​ដៃ​មួយ និង​កូដ​QRមួយ ទទួលបាន​ថ្លៃ​ទូទាត់ ទំនិញ ឬក៏​សេវា​នានា ដែល​មានន័យថា បុគ្គល​គ្រប់រូប​អាច​ក្លាយជា​ពាណិជ្ជករ​ម្នាក់​បាន ប្រសិនបើ​ពួកគេ​មាន​របស់​សម្រាប់​លក់។អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​នេះ កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង​ឡើង នៅ​បណ្តា​ប្រទេសផ្សេងៗទៀត ក្រៅពី​ប្រទេស​ចិន​ផងដែរ។

នៅក្នុង​ទីក្រុង ញ៉ូ​វ យ៉​ក ដែលជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​សហរ​ដ្ធ​អាមេរិក ការទូទាត់​ប្រាក់ តាមរយៈ កម្មវិធី WeChat របស់​ប្រទេស​ចិន បច្ចុប្បន្ននេះ​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ជិះ​តាក់ស៊ី និង​នៅតាម​ហាង​ទំនិញ​នានា​ទូទាំង​ក្រុង។ ទីក្រុងធំៗដទៃទៀត​ដូចជា Las Vegas ក៏​កំពុង​ចាប់ផ្ដើម​ប្រើប្រាស់​ប​ចេ្ច​ក​វិទ្យា​នេះដែរ។ សម្រាប់​ប្រទេស​ឥណ្ឌា ជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​បំផុត​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី​ប្រទេស​ចិន ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ក៏​កំពុង​ចាប់ផ្ដើម​ពេញនិយម​ផងដែរ។

លោក ​អ៊ិន ចាន់នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ជា​ធនាគារ​ធំជាងគេ​ទី១នៅ​កម្ពុជា និង​កំពុង​បោះទុន​វិនិយោគ​លើ​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា ដើម្បី​ទូទាត់​សាច់ប្រាក់​ដល់​អតិថិជន​បាន​ថ្លែងថា បច្ចេកវិទ្យា​កំពុង​ចូលមកក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ជីវិត​របស់​យើង ហេតុនេះ​ទើប​យើង​វិនិយោគ​លើ​ប្រ​ព័​ន្ឋ​នេះ ដើម្បី​សម្រួល និង​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​របស់​យើង ក៏ដូចជា សម្រួល​ដល់​ដំណើរការ​ធនាគារ​រប​ស់​យើង។

លោក​បន្តថា “ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​បាន និង​កំពុង​ធ្វើ​ឲ្យ​និន្នាការ​ទូទាត់​សាច់ប្រាក់​កាន់តែ​មាន​ភាព​ផ្លាស់ប្តូរ​ជា​វិជ្ជមាន ព្រោះ​ប្រជាពលរដ្ឋ​មិនចាំបាច់​កាន់​សាច់ប្រាក់​ទេ ពួកគេ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​នានា ដើម្បី​ទូទាត់​សាច់ប្រាក់​របស់​ពួកគេ។

លោក​ឆា​រស៍ វ៉ាន់​ប្រធានស្តីទី​សមាគម​ធនាគារ​កម្ពុជា​បាន​ថ្លែងថា បច្ចេកវិទ្យា​កំពុង​ផ្លាស់ប្តូរ​និន្នាការ​ទូទាត់​សាច់ប្រាក់​តាមបែប​ប្រពៃណី ទៅជា​ការទូទាត់​សាច់ប្រាក់​តាមរយៈ​បច្ចេកវិទ្យា ដែល​និន្នាការ​នេះ​កំពុង​រីកចម្រើន​នៅ​ប្រទេស​នានា​ក្នុង​ពិភពលោក ពិសេស​ប្រទេស​ចិន ដែល​ពួកគេ​អាច​ប្រើប្រាស់​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​កាន់តែច្រើន ហើយ​កម្ពុជា​កំពុង​ចាប់ផ្តើម​ទទួលយក​និន្នាការ​ថ្មី​នេះ ដែល​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ និង​វិស័យ​ហិរញ្ញវត្ថុ។

លោក​បន្តថា “ប្រជាជន​មិនចាំបាច់​កាន់​លុយ​តាម​ខ្លួន​ទេ ពួកគេ​អាច​ប្រើប្រាស់​ការទូទាត់​តាមរយៈ​កម្មវិធី​ទូរស័ព្ទ ដើម្បី​ទូទាត់​លើ​ការទិញ​ទំនិញ​របស់ខ្លួន​នៅតាម​ទីផ្សារ​នានា​និង​ប្រ​ព័​ន្ឋ​ទូទាត់​ដទៃទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here