អ្នកជំនាញ​ថា ការផ្គត់ផ្គង់​សេវា​ស្នាក់នៅ​របស់​សណ្ឋាគា​រ​ទំនើប​នៅមានកម្រិត

0

ដោយ៖ រ៉ាវី

ភ្នំពេញ៖ ទោះជា​មានការ​រីកចម្រើន​ខ្លះ​ក្តី ប៉ុន្តែ​ការធ្វើ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា ក្នុង​វិស័យ​ទេសចរណ៍​ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​កំនើន​ទេសចរណ៍​ស្ថិត​នៅមានកម្រិត​នៅឡើយ ប៉ុន្តែ​មានការ​ទទួលស្គាល់​ថាក​ម្ពុ​ជា​ក៏មាន​ភាព​ត្រ​ដំ​ត្រសង​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផងដែរ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង ខុន​កាលពី​ម្សិល​ម៉ិ​ញ​បានប្រកាស​ដាក់ចុះ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជំរុញ និង​បំផុស​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​នៅ​ទូទាំងប្រទេស ក្នុង​គោលដៅ​ស្រូបយក​កំណើន​ទេសចរ​បន្ថែម​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់។ យ៉ាងណាក៏ដោយ អ្នកជំនាញ​បាន​សម្ដែង​ពី​ការព្រួយបារម្ភ​ផងដែរ ខណៈដែល​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​កាន់​ច្រើន ដូច​ការ​ព្រៀងទុក ប៉ុន្តែ​សម្រាប់​វិស័យ​ផ្គត់ផ្គង់​សេវា​ស្នាក់នៅ តាម​បណ្តា​សណ្ឋាគារ​ទំនើប នៅក្នុង​ប្រទេសមួយ​នេះ​ហាក់​នៅមានកម្រិត។

ផ្អែក​តាម​របាយការណ៍ ដែល​ចេញ​ដោយ​ក្រសួងទេសចរណ៍​បាន​បង្ហាញថា ឆ្នាំ2016កន្លងទៅ កម្ពុជា​សម្រេចបាន​កំណើន​ក្នុង​អត្រា 5% ជាមួយនឹង​ការមកដល់​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ5លាន​នាក់ និង​ផ្តល់​ចំណូល​ប្រមាណ3,400លាន​ដុល្លារ​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ។ ដោយឡែក​សម្រាប់​រយៈពេល9ខែ​ឆ្នាំ2017 នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ3.9លាន​នាក់ កើនឡើង​ក្នុង​អត្រា 11.5 % ។ តាម​ការព្យាករណ៍​នៅ​ឆ្នាំ2017 ការមកដល់​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​នឹងមាន​ប្រមាណ5.6លាន​នាក់ និង7លាន​នាក់​នៅ​ឆ្នាំ2020 និង​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ5,000លាន​ដុល្លារ បង្កើត​នូវ​ឱកាស​ការងារ​បាន​ប្រមាណ 1លាន​នាក់។ តាមរយៈ​ទិន្នន័យ និង​ការព្យាករណ៍​ដែល​អាច​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ ជា​ប្រភព​ចំណូល​ជាតិ​ទាំងនេះ​ជា​ភាព​វិជ្ជមាន ប៉ុន្តែ​ចំនួន​ទាំងនេះ ហាក់​នៅ​មិនទាន់​ឆ្អែត​នៅឡើយ ដោយ​ក្រសួងទេសចរណ៍​ក៏បាន​ប្រឹងប្រែង​ដាក់ចុះ​នូវ​យុទ្ធសាស្ត្រ​ចម្បង​មួយចំនួនទៀត ដើម្បី​ពង្រឹង និង​ពង្រីក​វិសាលភាព​ឱ្យ​កាន់តែខ្លាំង។

ដោយឡែក​ងាក​មក​ផ្នែក​ផ្គត់ផ្គង់​សេវា​ស្នាក់ រួមជាមួយ​ចំណីអាហារ​នៅតាម​បណ្តា​សណ្ឋាគារធំៗ លំដាប់កំពូលៗនៅក្នុង​ប្រទេស​កម្ពុជា ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​វិស័យ​ទេសចរណ៍​នេះ អ្នកជំនាញ​មកពី​ស្ថាប័ន​កំពូល​ផ្នែក​គ្រប់គ្រង និង​ប្រតិបត្តិ​បដិសណ្ឋារកិច្ច​លំដាប់​ពី​ភព​លោក Accor Hotel Group បង្ហាញ​ពី​ការបារម្ភ ខណៈដែល​គុណភាព​សេវាកម្ម​ក្នុង​វិស័យនេះ នៅមានកម្រិត ឬ​ដើរ​យឺត​ជាង​បណ្តា​ប្រទេសជិតខាង​នៅឡើយ។

លោក Patrick Basset តំណាង​ស្ថាប័ន Accor Hotels Group ប្រតិបត្តិការ​របស់ AccorHotels Group នៅ​តំបន់​អាស៊ីអាគ្នេយ៍ តំបន់​អាស៊ី​ភាគ​ឦសាន  តំបន់​ម៉ា​ល់​ឌី​វ និង​ក្នុងនាម​ជា​ប្រធាន​ក្រុម​នៃ​ភាព​ចម្រុះ ក្នុងការ​ដាក់បញ្ចូល​ស​មា​ជិ​ក​នៅក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច បាន​លើកឡើងថា កម្ពុជា​ជា​គោលដៅ​សំខាន់​មួយ​របស់​AccorHotels ព្រោះតែ​កម្ពុជា​ប្រៀបបាន​ទៅនឹង​វត្ថុ​មានតម្លៃ ដែល​មិនទាន់​ច្នៃ។ មិន​ថា​កំណើនសេដ្ឋកិច្ច វប្បធម៌ អរិយធម៌ ធនធានធម្មជាតិ ក៏ដូចជា​សកម្មភាព​ដែល​កំពុង​រីកចម្រើន​នាពេល​បច្ចុប្បន្ន សុទ្ធតែជា​គោលដៅ​របស់​បណ្តា​អ្នកវិនិយោគ ជាពិសេស​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​វិស័យ​ទេសចរណ៍ ខណៈដែល​ផ្នែក​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​អាច​ទទួលបាន​ផល​ល្អ​ច្រើន។

យ៉ាងណាក៏ដោយ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា បើទោះបីជា​កម្ពុជា​មាន​ភា​ព​ល្អប្រសើរ​ដូច​ការលើកឡើង​ខាងលើនេះ ប៉ុន្តែ​បើ​និយាយ​ពី​វិស័យ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច គឺ​កម្ពុជា​ហាក់​ដើរ​យឺត ជាង​បណ្តា​ប្រទេសជិតខាង​មួយចំនួន​ប្រមាណ​ជា1ឬ 2 ជំហាន​ទៅហើយ ជាក់ស្ដែង​ជា​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ជាដើម។

លោក​ឌិន សុមេធា​រិ​ទ្ធិ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​បានឱ្យដឹងថា វា​ជា​រឿង​ដ៏​ប្រសើរ ចំពោះ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ដែល​បានដាក់ចុះ ដើម្បី​គៀងគរ និង​បង្កើន​ចំនួន​អ្នកទេសចរ​មកកាន់​ក​ម្ពុ​ជា។ ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​គុណភាព​សេវាកម្ម​លើ​ផ្នែក​បដិសណ្ឋារកិច្ច នៅតាម​បណ្តា​សណ្ឋាគារ​មួយចំនួន​នៅ​កម្ពុជា​យើង​ទទួលស្គាល់ថា ពិតជា​នៅមាន​ចន្លោះប្រហោង​ពិតមែន ដែល​វា​ពាក់ព័ន្ធ​ទៅនឹង​ការបណ្តុះបណ្តាល​ជំនាញ។

លោក​បន្តថា  “យើង​នៅ​មិនទាន់មាន​សាលា​បណ្តុះបណ្តាល​ជំនាញ​នេះ​គ្រប់គ្រាន់​នៅឡើយ ហើយ​បច្ចុប្បន្ននេះ គឺមាន​ដូចជា​សាលា PSE សាលា ដុន​បូ​ស្កូ និង​សាលា​ប៉ុន្មាន​ទៀត ដែលជា​ការបណ្តុះបណ្តាល​បែប​លក្ខណៈ​ឯកជន និង​អង្គការ ប៉ុន្តែ​វា​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ដែល​ទាមទារ​ឱ្យមាន​ច្រើនជាង​នេះ។លោក​បន្តថា “ភាគច្រើន​បុគ្គលិក​ដែល​បម្រើការ នៅតាម​បណ្តា​សណ្ឋាគារ​មួយចំនួន គឺ​មិនមាន​ជំនាញ​ច្បាស់លាស់ ហើយ​ខាង​សណ្ឋាគារ​ក៏​បង្ខំចិត្ត​ទទួលយក ដោយសារតែ​កង្វះ​ខា​តបុ​គ្គ​លិ​ក​ប្រើប្រាស់ ដោយ​ព្យាយាម​បណ្តុះបណ្តាល​តាមតែ​ជំនាញ​ដែល​ខ្លួន​មានតែ​ប៉ុណ្ណោះ។

លោក​ឌិន សុមេធា​រិ​ទ្ឋ​បាន​បន្តថា ចំណុច​ទាំងនេះ ដែលជា​កក្តា​ប្រឈម​ខ្លាំង​នៅពេល​បច្ចុប្បន្ននេះ ហើយ​ក៏មាន​ភាពលំបាក​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​សណ្ឋាគារ​ដែលមាន​កម្រិតស្ដងដារ​ត្រឹមត្រូវ​នោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here