Hattha top Banner

ទេសាភិបាលNBCអះអាងថា សេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងកត្តាខាងក្រៅ និងភាពមិនច្បាស់លាស់នៃភូមិសាស្រ្តនយោបាយ

0

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ទេសាភិបាល​ធនា​​គារ​ជាតិ​នៃ​កម្ពុជា(NBC) លោកស្រី​ ជា​ សិរី បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​ប្រឈម​នឹង​កត្តា​ខាងក្រៅ និង​ភាពមិន​ច្បាស់​លាស់​ជាច្រើន ​ដូចជា ភាព​តាន​តឹង​ភូមិសាស្ត្រ​នយោបាយ ដែល​នាំទៅរក​ការធ្លាក់ចុះ​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ ការវិនិយោគ ទេសចរ​​ណ៍ និង​ភាពមិនច្បាស់លាស់​ លើ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​។​

ការណ៍​នេះ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ​ត្រូវបាន​ព្យាករ​ណ៍ដោយ​សុទិដ្ឋិ​និយម​ថា នឹង​កើនឡើង​ក្នុង​រង្វង់៦,៤​​ភាគរយ ​នៅក្នុង​ឆ្នាំ​២០២៤នេះ​។​

ការ​ថ្លែង​របស់​លោកស្រី ជា សិរី ធ្វើឡើង​ក្នុង​កម្មវិធី​បិទ​អង្គសន្និ​បាត​ប្រចាំឆ្នាំ​២០២៣ កាលពី​ចុង​សប្តាហ៍​មុន ដោយ​លោកស្រី​អះអាងថា ចំពោះ​ទស្សនវិស័យ​ឆ្នាំ​ ២០២៤ គឺ​សេដ្ឋកិច្ចពិភពលោក​នៅតែ​បន្ត​ប្រឈម​ ទៅនឹង​ភាពមិនច្បាស់លាស់​ជាច្រើន ​រួមមាន ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ហានិភ័យ​នៃ​ការបែងចែក​ភូមិ​សា​ស្ត្រ​នយោបាយ​។​

លោកស្រីបញ្ជាក់ថា “លំហូរ​មូលធន ​អាច​នឹងមាន​ការប្រែប្រួល​តាម​ល្បឿន​ នៃ​ការធ្វើ​ប្រក្រតី​កម្ម​នយោបាយ​រូបិយ​​វត្ថុ និង​អាច​នាំឱ្យមាន​ភាពមិន​ច្បាស់​លាស់ ​លើ​លំហូរ​វិនិយោគ និង​សម្ពាធ​លើ​អត្រា​ប្តូរប្រាក់”​។ លោកស្រីបន្ថែមថា “ក្នុងស្ថានភាព​នេះ សេដ្ឋកិច្ចកម្ពុជា​អាច​បន្ត​ប្រឈម​នឹង​ហានិភ័យ​ខាងក្រៅ​ខ្ពស់”​។​

ទោះជាយ៉ាងណាលោកស្រីជា សិរីបានអះអាងថា ​ទោះបី​ប្រឈម​នឹង​បញ្ហា​ទាំងនេះ ក៏​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ដោយ​សុទិដ្ឋិនិយម​ថា​ នឹង​កើនឡើង​ក្នុង​រង្វង់៦,៤​ភាគរយ ​នៅក្នុង​ឆ្នាំ​ ២០២៤ ដែល​រួមចំណែក​ជា​ចម្បង ​ដោយ​ការបន្ត​កើនឡើង​នៃ​វិស័យ​សេវាកម្ម ពិសេស​វិស័យ​ទេសចរណ៍ និង​ការ​ងើបឡើង​នៃ​វិស័យ​កម្មន្តសាល ស្របពេល​វិស័យ​កសិកម្ម សំណង់ និង​អចលនទ្រព្យ​មាន​កំណើន​ទាប​​។​

ស្ថាប័ន​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អា​ស៊ាន​+៣ (AMRO) ដែលមាន​មូល​ដ្ឋា​ន​នៅ​ប្រទេស​សិង្ហ​បុរីបាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​កើនឡើង​៦,២​ភាគរយ​នៅ​ឆ្នាំនេះ បើធៀបនឹងកំណើន៥,៣​ ភាគរយ​កាលពី​ឆ្នាំ​២០២៣​។

ចំណែក​អត្រា​អតិផរណា​ នឹង​កើនឡើង​ពី២,៦​ភាគរយ​ កាលពី​ឆ្នាំ​ ២០២៣ ដល់ ៣,១​ ភាគរយ​នៅ​ឆ្នាំនេះ​។ស្ថាប័នAMROឱ្យដឹងទៀតថា សម្ពាធ​តម្លៃ​បន្ត​ធ្លាក់ចុះ​នៅ​ទូទាំងប្រទេស ​ជា​សមាជិក​ដោយ​ឆ្លុះបញ្ចាំង ​ពី​និន្នាការ​តម្លៃ​ទំនិញ​សកល​។ អតិផរណា​ នៅក្នុង​តំបន់​អាស៊ាន​+៣ ដោយ​មិន​រាប់បញ្ចូល​ប្រទេស​ឡាវ និង​មី​យ៉ាន់​ម៉ា ត្រូវបាន​គេ​ព្យាករ​ណ៍ថា នឹងមាន​កម្រិត​មធ្យម​មក​ត្រឹម​ចំនួន២,៦ភាគរយ​ នៅក្នុង​ឆ្នាំ​ ២០២៤ នេះ​។​

​ប្រធាន​សេដ្ឋវិទូ​របស់ AMRO លោក Hoe Ee Khor បាន​មានប្រសាសន៍ឲ្យដឹងផងដែរថា ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វដ្ត ​បច្ចេកវិទ្យា​សកល ​កំពុង​ចាប់ផ្តើម​បង្ហាញ​អំពី​ប្រតិ​ប​ត្តិ​ការ នាំចេញ​ក្នុង​តំបន់ ជាពិសេស​សម្រាប់​គ្រឿង​អេឡិចត្រូនិក​។

លោក​បញ្ជាក់ថា ​ប៉ុន្តែ​ការនាំចេញ​ ដែល​មិនមែនជា​បច្ចេកវិទ្យា​គឺមាន​ភាពយឺតយ៉ាវ​ បើ​និយាយ​អំពី​ការ​ស្ទុះ​ងើបឡើង​វិញ ដែលជា​មូលហេតុ​នៃ​ការស្ទង់មតិ​ ផ្នែក​ផលិតកម្ម​នាពេល​ថ្មីៗ​នេះ​មាន​ភាព​ចម្រុះ​គ្នា​”។

លោក​បញ្ជាក់ថា​ ការកើនឡើង​តម្លៃ​ទំនិញ​សកល ​នៅតែ​ជា​ហានិភ័យ​ដ៏​សំខាន់ ​ចំពោះ​កំណើនសេដ្ឋកិច្ច​។ យើង​នៅតែ​មិនអាច​បដិសេធ​ការធ្លាក់​ចុះ ​សេដ្ឋកិច្ច​របស់​អាមេរិក​ឡើយ​។ ការ​ឈានទៅរក​ការបោះឆ្នោត​នៅ​អាមេរិក​ នៅ​ចុងឆ្នាំ​ ២០២៤ ក៏​អាចធ្វើ​ឱ្យមាន​ភាពមិនច្បាស់លាស់ ​ផ្នែក​គោ​លន​យោ​បាយ និង​ការប្រែប្រួល​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ផងដែរ​​។​

​លោកស្រី ជា សិរីបានបន្តទៀតថា កម្ពុជា​ក៏​នឹង​ប្រឈម​ហានិភ័យ​ខាងក្នុង ​រួមមាន ការ​ងើបឡើង​ទន់ខ្សោយ​នៃ​វិស័យ​សំ​ណង់ និង​ការថយចុះ​តម្រូវការ​ក្នុង​វិស័យ​អចលនទ្រព្យ ដែលជា​ចម្បង​ដោយ​សារ​វិបត្តិ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ការ​បន្ថយល្បឿន​កំណើនសេដ្ឋកិច្ច​នៅ​ប្រទេស​ចិន​ ដែលជា​ប្រទេស​វិ​និ​យោគ​ដ៏​ធំ​មួយ ​សម្រាប់ប្រទេស​កម្ពុជា​។

លោកស្រីបញ្ជាក់ថា “លំហូរ​ទាប​នៃ​ការវិនិយោគ​បរទេស ​ទៅកាន់​វិស័យ​អចលនទ្រព្យ នឹង​នាំឱ្យ​ថយចុះ​ប្រភព​ចំណូល​មួយ ​គាំទ្រ​ដល់​តម្រូវ​ការ​អចលនទ្រព្យ​ក្នុងស្រុក​ផងដែរ​”។​លោកស្រី​បន្ថែមថា “​ពិតមែនតែ​ចំនួន​ភ្ញៀវទេសចរអន្តរជាតិ ​បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​ការចំណាយ​របស់​ភ្ញៀវទេសចរ​ជា​មធ្យម ត្រូវបាន​ប៉ាន់​ស្មានថា ​មាន​កម្រិត​ទាប​ជាង​មុនពេល​វិបត្តិ​កូ​វីដ​១៩ ដោយសារតែ​ភាគច្រើន​នៃ​ភ្ញៀវទេសចរ គឺ​បាន​ចូលមក​កម្ពុជា​តាមផ្លូវ​គោក ពី​ប្រទេ​សជិតខាង​ ដែល​ការ​ស្នាក់​នៅមាន​រយៈពេល​ខ្លី​​។​

លោកស្រី​ឱ្យដឹងទៀតថា ប្រសិនបើ​ចំនួន​ភ្ញៀវទេសចរអន្តរជាតិ​ចូល​កម្ពុជា​ តាមផ្លូវ​​អាកាស​នៅ​បន្ត​កើនឡើង​យឺត ​វា​នឹង​បន្ត​ដាក់​សម្ពាធ​ដល់​វិស័យ​ ដែល​ទទួលផល​ពី​ភ្ញៀវទេសចរ​ទាំងនោះ ជា​​ពិសេ​ស វិស័យ​សណ្ឋាគារ និង​ភោ​ជ​នី​យ​ដ្ឋា​ន និង​អាជីវកម្ម​លក់​គ្រឿង​អនុ​ស្សាវ​រី​យ៍​ជាដើម​។ ក្នុង​រយៈពេល២​ឆ្នាំ​ចុង​ក្រោយនេះ អត្រា​ឥណទាន​មិន​ដំណើរការបាន​កើនឡើង ដែលជា​ឥទ្ធិពល​ដក់​សល់​ពី​វិបត្តិ​កូ​វីដ​ ១៩ និង​ការថយចុះ​កំណើន​ឥណទាន​។​

លោកស្រី​អះអាងថា ដើម្បី​គាំទ្រ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ពង្រឹង​សម្ទុះ​កំណើន និង​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ធនា​គារជាតិ​នៃ​កម្ពុជា ​នឹង​បន្ត​អនុវត្តន៍​នយោបាយ​រូបិយវត្ថុ ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន ពង្រឹង​ការអភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ លើក​កម្ពស់​ប្រសិទ្ធភាព សុវត្ថិភាព និង​សមាហរណកម្ម នៃ​ប្រព័ន្ធ​ទូទាត់ ព្រម​ទាំង​ដាក់ចេញ​នយោបាយ និង​វិធាន​ការគាំទ្រ​ចាំបាច់​នានា ប្រកបដោយ​ភាព​បុ​រេ​សកម្ម ស្របតាម​ស្ថានភាព​សេដ្ឋ​កិច្ច និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here