សេដ្ឋវិទូធនាគារADB: ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអះអាងថា ប្រទេ សចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់ សម្រាប់បណ្តាប្រទេសជាច្រើននៅទូទាំងពិភពលោក ហើយការចង់កាត់ផ្តាច់មហាអំណាចចិនចេញពីសេដ្ឋកិច្ចពិភពលោក គឺជារឿងហួសហេតុណាស់។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ធនាគារ ADB បានថ្លែងប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា “ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មលេខមួយ សម្រាប់បណ្តាប្រទេសភាគច្រើន នៅក្នុងពិភពលោក”។

លោក Park បានបន្តថា “បើទោះបីជាទំហំពាណិជ្ជកម្មជាមួយប្រទេសចិន បានធ្លាក់ចុះយ៉ាងណាក្តី ក៏ការចូលរួម និងសារៈសំខាន់របស់ប្រទេសនេះ នៅក្នុងខ្សែសង្វាក់តម្លៃពិភពលោក មិនបានថយចុះនោះទេ”។

តួយ៉ាង ទំហំពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយដៃគូសំខាន់ៗរបស់ខ្លួនបានធ្លាក់ចុះក្នុងឆ្នាំ២០២៣ ខណៈការនាំចេញប្រចាំឆ្នាំរបស់ចិនបានធ្លាក់ចុះ ជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំ ដោយសារតម្រូវការទំនិញបានធ្លាក់ចុះ ស្របពេលកំណើនសេដ្ឋកិច្ចពិភពលោក ស្ទុះងើបឡើងវិញយឺត។

ប៉ុន្តែទោះជាយ៉ាងណាក្តី មហាអំណាចសេដ្ឋកិច្ចចិន នៅតែជាដៃគូពាណិជ្ជកម្មកំពូល សម្រាប់បណ្តាប្រទេសចំនួន១២០ និងនៅតែជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់ប្រទេសជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងវៀតណាម។ នេះបើយោងតាមការលើកឡើង របស់ស្ថាប័នស្រាវ ជ្រាវឯករាជ្យ Wilson Center។

លោក Albert Park បានបន្ថែមថា ទោះបីជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោកDonald Trump បានប្រកាសធ្វើសង្គ្រាមពាណិជ្ជកម្ម ជាមួយទីក្រុងប៉េកាំងនៅក្នុងឆ្នាំ២០១៨ យ៉ាងណាក្តី ក៏សារៈសំខាន់របស់ប្រទេសចិន នៅក្នុងខ្សែសង្វាក់តម្លៃពិភពលោកមិនបានធ្លាក់ចុះនោះទេ។

ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកបានផ្ទុះឡើង ចាប់តាំងពីឆ្នាំ២០១៨ ដោយលោក Trump បានដាក់ពន្ធគយ និងរបាំងពាណិជ្ជកម្មផ្សេងទៀតទៅលើប្រទេសចិន។

ទោះបីជាយ៉ាងនេះក្តី ប្រទេសចិនបានបន្តដើរតួនាទី យ៉ាងធំនៅក្នុងសេដ្ឋកិច្ចពិភពលោក ដោយគ្របដណ្តប់១៨% នៃGDPរបស់ពិភពលោក ហើយចិនត្រូវបានគេចាត់ទុកថា នៅតែជាប្រទេសដែលមានសេដ្ឋកិច្ចពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបាននិងកំពុងពិចារណាលើការដាក់ទណ្ឌកម្ម លើក្រុមហ៊ុនចិនដែលខ្លួនជឿថា ក្រុមហ៊ុនទាំងនោះ កំពុងជួយដល់រុស្ស៊ីបញ្ឆេះសង្គ្រាមនៅអ៊ុយក្រែន ដែលវិធានការនេះ អាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ចចិនបន្ថែមទៀត។

បើក្រឡេកមកមើលប្រទេសចិន គេសង្កេតឃើញថា ប្រទេសនេះកំពុងខិតខំព្យាយាម ជំរុញគោលនយោបាយ ពឹងផ្អែកលើខ្លួនឯង ដើម្បីកាត់បន្ថយ ការនាំចូលវត្ថុធាតុដើមសំខាន់ៗពីបរទេស ប៉ុន្តែចិននៅតែបន្តពឹងផ្អែកលើតម្រូវការពីបរទេស ដើម្បីបង្កើនការនាំចេញរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here