ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវរាល់ការទិញ លក់ដី នៅតំបន់ ដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការអនុវត្តគម្រោងសាងសង់ព្រលានយន្តហោះថ្មី។
តាមសេចក្តីប្រកាសព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មការ នេះសម្រេចបាន ៩ ចំណុច ក្នុងនោះចំណុចទី៦បានបញ្ជាក់ថា ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តតាកែវ និងអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត កំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលមានដី នៅក្នុងទីតាំងគម្រោងឲ្យបានច្បាស់លាស់ ដោយផ្អែកទៅតាមការកាន់កាប់ជាក់ស្តែង និងឯកសារពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ។
គណកម្មការនេះបានអះអាងថា “តាមការចាំបាច់ត្រូវផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរន្តការ ដី (ការទិញ លក់) ស្ថិតក្នុងទីតាំង ដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការអនុវត្តគម្រោងព្រលានយន្តហោះលំដាប់អន្តរជាតិនេះ”។






