ដោយ រ៉ាវី
ភ្នំពេញ៖ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដែលបាននិងកំពុងត្រៀមសាងសង់ និងកត្តាភូមិសាស្រ្តកៀករាជធានីភ្នំពេញ បានធ្វើឲ្យខេត្តកណ្តាលមានការរីកចម្រើនលឿន និងកំពុងពង្រីកសក្តានុពលរបស់ខ្លួន។
អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ឋី បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាចុងសប្តាហ៍មុនថា ខេត្តកណ្តាល ជាខេត្តមួយដែលមានសក្ដានុពលជាងបណ្តាខេត្តមួយចំនួន ដ្បិតវាមានវិសាលភាពធំទូលាយ និងនៅហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ប្រចាំប្រទេស។ លោកបន្តថា នៅជុំវិញរាជធានីភ្នំពេញ ត្រូវបានហ៊ុព័ទ្ធជុំវិញដោយខេត្តកណ្តាល ដែលក្នុងនោះ រួមមានតំបន់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវលេខ៤៤ និងផ្លូវលេខ៥១ ដើម។
លោកឧកញ៉ាបន្តថា “យើងឃើញហើយថា ខេត្តកណ្តាលគឺមានសក្តានុពលខ្លាំង ដែលក្រៅពីមានវិសាលភាពធំទូលាយ ហ៊ុំព័ទ្ធជុំវិញរាជធានីភ្នំពេញហើយនោះ គឺថែមទាំងមានភាពអំណោយផលយ៉ាងប្រសើរ ទៅលើវិស័យពាណិជ្ជកម្មផងដែរ”។
លោកបន្តថា “នៅក្នុងខេត្តមានអ្វីៗគ្រប់យ៉ាង ដែលអាចអំណោយផលដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដូចជា មានតំបន់សេដ្ឋកិច្ចពិសេស មានផ្លូវក្រវ៉ាត់ក្រុងទី៣ មានផែស្ងួត មានរោងចក្រ សហគ្រាសធំៗ ឃ្លាំងផ្ទុកទំនិញនានា ក៏ដូចជាគម្រោងអភិវឌ្ឍលំនៅដ្ឋានប្រណីត និងលំនៅដ្ឋានតម្លៃមធ្យមជាដើម ដែលជួយបង្កើតឱកាសការងារដល់ប្រជាជនជាច្រើនម៉ឺននាក់”។
លោកឧកញ៉ាបានបញ្ជាក់ទៀតថា វាកាន់តែពិសេសជាងនេះទៅទៀតនោះ គឺកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសគម្រោងសាងសង់ ព្រលានយន្តហោះមួយទៀត ដែលប្រការនេះកាន់តែធ្វើខេត្តនេះ មានសក្ដានុពលកាន់ខ្លាំងជាងមុនទ្វេរដង និងជំរុញឱ្យតម្លៃដីនៅក្នុងខេត្តមួយនេះឡើងកាន់ខ្ពស់។
អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកបណ្ឌិតវ៉ាន់ វ៉ាតក៏បានទទួលស្គាល់ពីភាពរីកចម្រើន និងវឌ្ឍនភាពយ៉ាងលឿនរហ័សរបស់ខេត្តកណ្តាលផងដែរ។ លោកបានបន្តថា បច្ចុប្បន្ននេះចំពោះខេត្តកណ្តាលគឺកំពុងតែមានសកម្មភាពអភិវ ឌ្ឍជាច្រើន ក្នុងនោះវិស័យអចលនទ្រព្យបានដើរឈានមុខ រាប់ទាំងគម្រោងដែលមានស្រាប់ និងកំពុងដំណើរការបញ្ចប់គម្រោង ក៏ដូចជាគម្រោងថ្មីៗជាច្រើនទៀត ដែលនឹងអនុវត្តក្នុងពេលដ៏ខ្លីខាងមុខនេះ។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកប៉ែន សុផលបានទទួលស្គាល់ថា ខេត្តកណ្តាលពិតជាមានសក្តានុពលខ្លាំង និងជាខេត្តដែលមានការរីកចម្រើនលឿនបន្ទាប់ពីរាជធានីភ្នំពេញ ដោយសារខេត្តកណ្តាលស្ថិតនៅជាប់រាជធានីភ្នំពេញ ជាខេត្តមានប្រជាជនរស់នៅច្រើន និងមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ងាយស្រួល ឆ្លងទៅកាន់បណ្តាខេត្តនានា។
លោកបន្តថា “ដោយសារកៀករាជធានីភ្នំពេញ ដែលជាកត្តាភូមិសាស្រ្តអំណោយផលនេះហើយ ទើបខេត្តកណ្តាលសម្បូររោងចក្រ សហគ្រាសនានា ដែលបាននិងកំពុងផ្តល់ការងារដល់ប្រជាពលរដ្ឋ និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឈសេដ្ឋកិច្ច និងសង្គម”៕