Hattha top Banner

ក្រុមហ៊ុនជប៉ុន និងអឺរ៉ុប គ្រោងងាកចេញពីសិង្ហបុរី មកកាន់ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនអឺរ៉ុបជាច្រើន កំពុងពិចារណា ឬក្រុមហ៊ុនខ្លះទៀត បានផ្លាស់ប្តូរទីស្នាក់ការកណ្តាល ឬ ប្រតិបត្តិការរបស់ពួកគេចេញពីប្រទេសសិង្ហបុរីរួចទៅហើយ ដោយលើកឡើងពីការព្រួយបារម្ភចំពោះថ្លៃចំណាយខ្ពស់។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនសាជីវកម្មពហុជាតិជាច្រើន បានជ្រើសរើសទីតាំងបង្កើតការិយាល័យកណ្តាលរបស់ខ្លួន នៅតាមបណ្តាប្រទេសផ្សេងៗ ក្រៅពីសិង្ហបុរី ដើម្បីកាត់បន្ថយការចំណាយ និងស្វែងរកឱកាសថ្មីៗកាន់តែច្រើន។

បណ្តាក្រុមហ៊ុនជប៉ុនភាគច្រើនមើលឃើញ ថា សិង្ហបុរីនៅតែជាជម្រើសកំពូល ដែលពួកគេមានបំណងចូលទៅបង្កើតទីតាំងការិយាល័យកណ្តាលនៅទីនោះ។ ប៉ុន្តែ ទោះជាយ៉ាងណាក្តី កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុនផលិតទឹកថ្នាំ របស់ជប៉ុន Sakata Inx បានងាកទៅបង្កើតទីស្នាក់ការកណ្តាលរបស់ខ្លួននៅប្រទេសម៉ាឡេស៊ី។

អ្នកនាំពាក្យមួយរូបនៃក្រុមហ៊ុន Sakata Inx បានលើកឡើងថា ការបង្កើតការិយាល័យកណ្តាលរបស់ខ្លួន នៅប្រទេសម៉ាឡេសុី នឹងជួយបង្កើនប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុនខ្លួន ចាប់ពី៦,៦ ទៅដល់១៣,១លានដុល្លារ នៅក្នុងផែនការអាជីវកម្មរយៈពេលមធ្យមរបស់ខ្លួន រហូតដល់ឆ្នាំ២០២៦។ មូលហេតុ ដែលក្រុមហ៊ុនជ្រើសរើសម៉ាឡេស៊ី គឺដោយសារតែក្រុមហ៊ុននេះសម្លឹងឃើញអត្ថប្រយោជន៍ផ្នែកពន្ធ។

តួយ៉ាង រដ្ឋាភិបាលម៉ាឡេសុីបានស្នើកញ្ចប់ថវិកាជាតិ សម្រាប់ឆ្នាំ២០២៤ ដែលរួមបញ្ចូលទាំងការលើកទឹកចិត្តផ្នែកពន្ធ រួមទាំងការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលចន្លោះពី៥ ទៅ១០ភាគរយរយៈពេល១០ឆ្នាំ។

ក្រៅពីម៉ាឡេស៊ី ថៃគឺជាប្រទេសនាំមុខគេមួយទៀត ក្នុងការទាក់ទាញក្រុមហ៊ុនបរទេសធំៗផងដែរ។ ជាក់ស្តែង កាលពីឆ្នាំ២០២០ ក្រុមហ៊ុន Nissin Foods Holdings បានផ្លាស់ប្តូរទីស្នាក់ការកណ្តាល ពីសិង្ហបុរីទៅកាន់ប្រទេសថៃ ខណៈរដ្ឋាភិបាលថៃកំពុងលើកទឹកចិត្តផ្នែកពន្ធ ដើម្បីទាក់ទាញក្រុមហ៊ុនពហុជាតិ ឱ្យមកបណ្តាក់ទុនក្នុងប្រទេសរបស់ខ្លួន។

លោក Keisuke Asakura នាយករងផ្នែកគ្រប់គ្រងរបស់អង្គការពាណិជ្ជកម្មខាងក្រៅនៃប្រទេសជប៉ុន បានលើកឡើងថា “ខណៈថ្លៃជួលការិយាល័យ និងថ្លៃចំណាយផ្សេងទៀតនៅសិង្ហបុរីកំពុងកើនឡើង ដូច្នេះ ក្រុមហ៊ុនពហុជាតិកាន់តែច្រើន នឹងផ្លាស់ប្តូរអគារការិយាល័យទៅកាន់ប្រទេសថៃបន្ថែមទៀត ដើម្បីបំពេញប្រតិបត្តិការមួយផ្នែកនៃក្រុមហ៊ុនរបស់ពួកគេ”។

ទោះបីជាយ៉ាងណាក្តី ពុំមែនមានតែក្រុមហ៊ុនជប៉ុនទេ ដែលបង្ហាញការព្រួយបារម្ភ សូម្បីតែក្រុមហ៊ុនអឺរ៉ុបក៏កំពុងពិចារណាផ្លាស់ប្តូរការិយាល័យកណ្តាលចេញពីសិង្ហបុរីផងដែរ។

ជាក់ស្តែង យោងតាមការស្ទង់មតិកាលពីឆ្នាំ២០២៣ ដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅសិង្ហបុរី រកឃើញថា “ចំនួន៦៩ភាគរយនៃក្រុមហ៊ុនអឺរ៉ុបទាំងអស់ដែលចូលរួមការស្ទង់មតិ បានឆ្លើយថា ពួកគេមានបំណងផ្លាស់ប្តូរបុគ្គលិកចេញពីសិង្ហបុរី ដោយសារតែការកើនឡើងនៃថ្លៃចំណាយប្រតិបត្តិការ៕ប្រភព:Nikkie Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here