ដោយរ៉ាណេត
ភ្នំពេញ៖ ទីផ្សារលំនៅដ្ឋានកម្រិតមធ្យមនៅពេលបច្ចុប្បន្ននេះ បានក្លាយទៅជាគោលដៅយ៉ាងទាក់ទាញបំផុត សម្រាប់បណ្តាអ្នកវិនិយោគវិស័យអចលនទ្រព្យ ជាពិសេសអ្នកអភិវឌ្ឍតែម្ដង ខណៈដែលគេយល់ថាការបោះទុន ទៅលើវិស័យលំនៅដ្ឋានកម្រិតមធ្យមមួយនេះ បានឱ្យផ្ដល់ឱកាសយ៉ាងប្រសើរតបទៅនឹងការវិនិយោគ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាល្ងាចថ្ងៃទី៧ មិនាកន្លងមកថា ជាធម្មតាអ្នកវិនិយោគ តែងតែសម្លឹងមើលពីឱកាសដែលទទួលបានចំណេញ។ នៅពេលគេឃើញថា តម្រូវការមានការកើនឡើងខ្លាំង គេត្រូវតែពង្រីកនូវការផ្គត់ផ្គង់ ដើម្បីឆ្លើយតបទៅនឹងទីផ្សារដែលកំពុងតែត្រូវការ ដូច្នេះចំពោះការងាកទៅរក ឬបាញ់ឆ្ពោះទៅលើការវិនិយោគលើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមនាពេលនេះ គឺមិនមែនជារឿងចម្លែកនោះទេ។
-->
លោកបន្តថា “អ្នកវិនិយោគគេធ្វើឡើងតម្រូវទៅតាមទីផ្សារ និងអតិថិជនគោលដៅ។ចំពោះទីផ្សារលំនៅដ្ឋានកម្រិតមធ្យម ឬក្រោមមធ្យមគឺមានភាពទូលាយ ដោយសារតែពាក់ព័ន្ធទៅនឹងកម្រិតជីវភាពរបស់អតិថិជន”។
លោកបន្តថា “កម្រិតជីវភាពរបស់ប្រជាជនយើងសព្វថ្ងៃភាគច្រើន នៅមិនទាន់មានលទ្ធភាពអាចទិញលំនៅដ្ឋាន កម្រិតប្រណីត ទំនើបដែលមានតម្លៃខ្ពស់នៅឡើយនោះទេ ដូច្នេះតម្រូវការទីផ្សារលំនៅដ្ឋានកម្រិតមធ្យម ឬក្រោមមធ្យមនេះគឺនៅតែមាន ហើយយូរអង្វែងទៅមុខទៀត”។
លោកច្រឹក សុខនីមបន្តទៀតថា បច្ចុប្បន្នសន្ទុះ នៃការវិនិយោគលើវិស័យលំនៅ ដ្ឋានមួយនេះ ភាគច្រើនតាមតំបន់ជាយក្រុងនៅឡើយ ព្រោះតំបន់ទាំងនោះទើបតែចាប់ ផ្តើមរីកចម្រើន និងផ្ដើមអភិវឌ្ឍបន្តចេញពីក្រុង ដូច្នេះតម្លៃដីនៅមានកម្រិត ដែលអាចផ្តល់ឱកាសចំណេញដល់អ្នកវិនិយោគក្នុងពេលដ៏ខ្លី។ វិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ផ្តល់ភាពល្អប្រសើរទាំងសងខាង អ្នកវិនិយោគមានឱកាសច្រើនក្នុងការទទួលបានចំណេញ ហើយអ្នកទិញអាចមានលទ្ធភាពទទួលបានលំនៅដ្ឋានស្នាក់នៅសមរម្យ។
លោក យ៉ែន សុខលីន នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារគម្រោងបុរីVIPបានមានប្រសាសន៍ឲ្យដឹងផងដែរថា គម្រោងសាសង់បុរីរបស់លោក ភាគច្រើនជាប្រភេទលំនៅដ្ឋានកម្រិតមធ្យម ជាក់ស្ដែងនៅក្នុងគម្រោងទី១ ទី២ ទី៣ និងទី៤ គឺសុទ្ធតែជាប្រភេទលំនៅដ្ឋានកម្រិតមធ្យម ព្រោះលំនៅដ្ឋានប្រភេទនេះមានតម្រូវការខ្ពស់។ ទាំងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ការលក់សុទ្ធតែទទួលបានលទ្ធផលល្អទាំងអស់ រាប់ទាំងគម្រោងលំនៅដ្ឋានដែលស្ថិតនៅក្នុងខេត្តព្រះសីហនុផងដែរ។
លោកបានរំលឹកថា កាលពីឆ្នាំ២០១៨កន្លងទៅ បុរីVIPបានអភិវឌ្ឍគំរោងធំៗចំនួន៤នៅរាជធានីភ្នំពេញ ដែលក្នុងនោះគម្រោងទី១ គម្រោងទី២ និងគម្រោងទី៣ ត្រូវបានលក់អស់រួចរាល់សរុបប្រមាណ៣០០០ល្វែង។

លោកបន្តថា “ដោយសារទីផ្សារលំនៅដ្ឋាន កម្រិតមធ្យមមានភាពល្អប្រសើរ នៅថ្ងៃខាងមុខនេះ ក្រុមហ៊ុននឹងបន្តបើកគម្រោងនៅតាមបណ្តាខេត្ត ដែលមានសក្ដានុពលមួយចំនួនទៀត រួមមានខេត្តកំពត កោះកុង សៀមរាប និងក្រុងប៉ោយប៉ែត”៕