តើសេដ្ឋកិច្ចរបស់ប្រទេសចិន និងសហរដ្ឋអាមេរិកជួបប្រទះស្ថានភាពបែបណានៅដំណាច់ក្នុងត្រីមាសទី២?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទោះបីជាពិភពលោក កំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចយ៉ាងណាក្តី ក៏សេដ្ឋកិច្ចរបស់ប្រទេសចិន បន្តរក្សាបាននូវការអភិវឌ្ឍន៍ ប្រកបដោយស្ថិរភាព ដែលជំរុញដោយការកើនឡើង នៃឧស្សាហកម្មថ្មី និងកត្តាជំរុញកំណើនថ្មី។

គិតចាប់តាំងពីដើមឆ្នាំ២០២៤មក សេដ្ឋកិច្ចចិនបានរក្សានូវសន្ទុះនៃការងើបឡើងវិញយ៉ាងល្អប្រសើរ។ តួយ៉ាងនៅក្នុងត្រីមាសទី១ សេដ្ឋកិច្ចចិនសម្រេចបានកំណើន៥,៣ភាគរយ និងបានបន្តកើនឡើងជាលំដាប់ នៅក្នុងត្រីមាសទី២។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានរដ្ឋចិន Xinhua

យ៉ាងណាមិញ អត្រាកំណើនសេដ្ឋកិច្ចចិន នៅត្រីមាសទី២ចន្លោះពីខែមេសា ដល់ខែមិថុនា ពុំទាន់ត្រូវបានចេញផ្សាយនៅឡើយនោះទេ។ ប៉ុន្តែបើយោងតាមទិន្នន័យផ្លូវការមួយចំនួនបានបង្ហាញថា សូចនាករ ដែលវាស់វែងការប្រើប្រាស់ ពាណិជ្ជកម្ម និងទិន្នផលឧស្សាហកម្ម ដែលមានតម្លៃបន្ថែម សុទ្ធសឹងតែសម្រេចបានលទ្ធផលវិជ្ជមានទាំងអស់ នៅក្នុងខែឧសភាកន្លងទៅ។

ម្យ៉ាងទៀត អង្គការ និងស្ថាប័នអន្តរជាតិធំៗ បានបង្កើនការព្យាករណ៍របស់ពួកគេ សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំនេះ ដោយឆ្លុះបញ្ចាំងឱ្យឃើញពីទំនុកចិត្ត ចំពោះអនាគតរបស់ប្រទេសចិន។ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេសចិន អាចនឹងជះឥទ្ធិពលចម្បងជាវិជ្ជមានសម្រាប់ពិភពលោកទាំងមូល ស្របពេលទស្សនវិស័យសេដ្ឋកិច្ចសកល បន្តស្ថិតក្នុងភាពមិនប្រាកដនិយម។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ធនាគារពិភពលោកបានបង្កើនការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ២០២៤ ដល់អត្រា៤,៨ភាគរយ បើធៀបនឹងការព្យាករណ៍ពីមុនក្នុងរង្វង់៤,%។។

ចំណែកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងកើនដល់អត្រា៥ភាគរយ បើធៀបនឹងការព្យាករណ៍ពីមុនក្នុងរង្វង់៤,%

នាពេលបច្ចុប្បន្ន ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់បណ្តាប្រទេស និងតំបន់ជាង១៤០នៅលើពិភពលោក។ យោងតាមស្ថិតិផ្លូវការបានឱ្យដឹងថា ក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសចិន ជាមួយបណ្តាប្រទេសផ្សេងទៀត បានកើនឡើង៦,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែក សេដ្ឋកិច្ចអាមេរិកវិញ បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ១,%ក្នុងត្រីមាសទី១ គិតចាប់ពីខែមករាដល់ខែមីនា ដែលនេះ ជាអត្រាកំណើនទាបបំផុត មិនធ្លាប់មានប្រចាំត្រីមាស គិតចាប់តាំងពីនិទាឃរដូវ នៃឆ្នាំ២០២២មក។ រីឯការចាយវាយឬការប្រើប្រាស់របស់ប្រជាពលរដ្ឋអាមេរិកបានកើនឡើងក្នុងអត្រាត្រឹមតែ១,% ប៉ុណ្ណោះ ដែលនេះជាសញ្ញាមួយបង្ហាញយ៉ាងច្បាស់ថា ការដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់អាចបង្កឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ច។

យ៉ាងណាមិញក្រុមសេដ្ឋវិទូជាច្រើនរូបបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចអាមេរិកនឹងស្ទុះងើបឡើងវិញនៅក្នុងត្រីមាសទី២គិតចាប់ពីខែមេសាដល់ខែមិថុនា។

យោងតាមសេដ្ឋវិទូចំនួន៣៤រូប ដែលត្រូវបានស្ទង់មតិដោយធនាគារកណ្តាលអាមេរិក ប្រចាំទីក្រុង Philadelphia នៅក្នុងរដ្ឋ Pennsylvania បានបង្ហាញថា សេដ្ឋកិច្ចអាមេរិកនឹងកើនឡើង ក្នុងអត្រាប្រចាំឆ្នាំ២,១ភាគរយ នៅត្រីមាសទី២ និងកើនឡើង២,០ភាគរយនៅត្រីមាសទី៣។

ប៉ុន្តែស្ថាប័នស្រាវជ្រាវវាយតម្លៃ  Oxford Economics ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនៅត្រីមាសទី២ នឹងកើនឡើងត្រឹមតែ១,%ប៉ណ្ណោះ ដោយផ្អែកលើទិន្នន័យស្ថិតិសេដ្ឋកិច្ច ដែលត្រូវបានគេរាយការណ៍នាពេលកន្លងមក។

ធនាគារកណ្ដាលអាមេរិក(Federal Reserve) បានសម្រេចដំឡើង អត្រាការប្រាក់របស់ខ្លួនចំនួន១១ដង ក្នុងចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុង  រយៈពេល២៣ឆ្នាំកន្លងមកនេះ ដើម្បីព្យាយាមទប់ទល់នឹងវិបត្តិអតិផរណា៕ប្រភព: Xinhua និង ABC News

LEAVE A REPLY

Please enter your comment!
Please enter your name here