ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្រពពេលដែលស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជារក្សាបានក្នុងរង្វង់ ៧%ដដែល អ្នកជំនាញផ្នែកអចលនទ្រព្យបានអះអាងថា ក្នុងរយៈពេល ០៥ឆ្នាំខាងមុខ ស្ថានភាពជារួមនៃវិស័យនេះនៅកម្ពុជា គឺមិនមានផលរំខានអ្វីធំដុំទេ ដោយសារតែមើលពីវិវត្តន៍នៃសេដ្ឋកិច្ច ក៏ដូចជាវិស័យអចលនទ្រព្យកើនឡើងរៀងរាល់ ២៥ឆ្នាំម្តង ដូច្នេះគិតមកដល់ពេលនេះទើបតែ១៧ ឬ១៨ឆ្នាំ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យវត្ថុកម្ពុជា លោក ច្រឹក សុននីម មានប្រសាសន៍នៅថ្ងៃទី១៥ មីនាម្សិលមិញនេះថា ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០១៩ នឹងនៅតែល្អប្រសើរ បន្ទាប់ពីការរីកចម្រើននាឆ្នាំ២០១៨ ដោយសារមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយ និងតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា និងគួបផ្សំជាមួយការហូរចូលទុនវិនិយោគរបស់ជនជាតិបរទេស។ល។
ជាមួយគ្នានេះផងដែរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ ធ្លាប់បានមានប្រសាសន៍ស្រដៀងគ្នានេះ ដោយលោកលើកបានបញ្ជាក់ថា ទីផ្សារអចលនទ្រព្យនឹងបន្តរីកច្រើនរយៈពេល ៥ ទៅ១០ឆ្នាំ ដោយសារកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលប្រជាជនកើនឡើង។ លោកឧកញ៉ា បានបន្តទៀតថា «ប្រសិនបើប្រទេសជាតិស្ថិតនៅក្នុងស្ថានភាពល្អបែបនេះ ទីផ្សារអចលនទ្រព្យនៅតែមានសញ្ញាវិជ្ជមាន នៅតែបន្តមានភាពរីកចម្រើន»។
មួយវិញទៀតយោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា គិតពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០ កម្ពុជា ត្រូវការលំនៅដ្ឋានប្រមាន ១លានខ្នងបន្ថែមទៀត ដើម្បីឆ្លើយបតទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕