ប្អូនៗសិស្សានុសិស្សជាង ២៥០នាក់ នៃសាលាបឋមសិក្សាមេជ្រៃបណ្តែតទឹកលើទន្លេសាប ទទួលនូវការគាំពារឧបត្ថម្ភពី ប៉េង ហួត គ្រុប បន្ទាប់ពីកម្មវិធីអង្ករប្ដូររយកប្លាស្ទិក  

0

ប្អូនៗសិស្សានុសិស្សប្រមាណជាង ២៥០នាក់ និងគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ នៃសាលាបឋមសិក្សាមេជ្រៃបណ្តែទឹកលើទន្លេសាប ទទួលបានការគាំពារឧបត្ថម្ភពី ប៉េង ហួត គ្រុប នូវសម្ភារសិក្សា និងសម្ភារអនាម័យក្នុងការជួយសម្រួលបន្ទុកសិក្សារបស់សិស្ស និងភាពខ្វះខាតរបស់សាលារួមទាំងជួយសម្រួលដល់ជីវភាពគ្រួសារអាណាព្យាបាលសិ្សស្សជាង ៣៦០គ្រួសារទៀតបន្ទាប់ពីការឧបត្ថម្ភគ្រឿងឧបភោគបរិភោគក្នុងកម្មវិធីអង្ករប្ដូរយកប្លាស្ទិកកាលពីឆ្នាំ២០២១ កន្លងទៅ។ កម្មវិធីសប្បុរសធម៌នេះត្រូវបានធ្វើឡើងនៅសាលាបឋមសិក្សាមេជ្រៃ ភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។​​​

លោកស្រី ឈួន សុវណ្ណា នាយិកាសាលាបឋមសិក្សាមេជ្រៃ បានសម្តែងនូវអំណរគុណ​ដោយលើកឡើងថា “តាំងនាមគណៈគ្រប់គ្រងសាលា និងកូនៗសិស្សានុសិ្សសទាំងអស់ពិតជាមានសេចក្ដីរីករាយខ្លាំងណាស់ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវសម្ភារសិក្សា និងសម្ភារអនាម័យ ឧបត្ថម្ភដល់សាលាយើងខ្ញុំ ស្របពេលដែលបច្ចុប្បន្នសាលាកំពុងប្រឈមការខ្វះខាតនូវសម្ភារទាំងនេះមួយចំនួនធំ។ ការបិរច្ចាគនេះគឺជាលើកទីពីហើយដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បានធ្វើ ដែលលើកទីមួយក្រុមហ៊ុនបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគដល់គ្រួសារដែលរស់នៅលើទន្លេសាបម្ដងហើយ។ លោកស្រីក៏បានអំពាវនាវ និងសូមស្វាគមន៍រាល់ជំនួយសប្បុរសធម៌ពីសប្បុរជនដែលមានបំណងចង់បរិច្ចាគដល់សាលាបឋមសិក្សាមេជ្រៃ”។ ការបិរច្ចាគរបស់សប្បុជនទាំងអស់គ្នាគឺជាការរួមចំណែកលើកកម្ពស់ការអប់រំ ដែលជួយដល់ការសិក្សារបស់យុវជនជំនាន់ក្រោយអាចនឹងឆ្ពោះទៅសម្រេចគោលដៅនាថ្ងៃអនាគត ខណៈពួកគេគឺជាធនធានចូលរួមអភិវឌ្ឍប្រទេសជាតិយ៉ាងសំខាន់។

ស្របតាមសសរស្តម្ភទាំង៣ របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ដែលកិច្ចគាំពារលើការអប់រំគឺជាបង្គោលទី១ ដែលផ្ដោតលើការរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ការសាងសង់សាលារៀន ការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រ ការចែករំលែកចំណេះដឹងតាមរយៈការរៀបចំសិក្ខាសាលា និងការយកចិត្តទុកដាក់បរិច្ចាគនូវសម្ភារសិក្សាដល់ប្អូនៗសិស្សានុសិស្សក្រីក្រតាមតំបន់ខ្វះខាតជាច្រើនទៀត។ ​

សូមរំលឹកថា សាលាបឋមសិក្សាមេជ្រៃ មានចម្ងាយផ្លូវ១៧ គីឡូវម៉ែត្រពីទីរួមស្រុកពួក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ មានទីតាំងស្ថិតនៅភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ សាលារៀននេះកសាងដោយក្បូនឬស្សីរបៀបជាផែ បណ្ដែតទឹក ជញ្ជាំង និងដំបូលធ្វើអំពីស្លឹក ខ័ណ្ឌជាពីរបន្ទប់ ក្រាលក្តារឧបត្ថម្ភថវិកាកសាងដោយកម្លាំងសាមគ្គីរបស់ប្រជាជនក្នុងសហគមន៍នេះផ្ទាល់។ ក្រោយមកនៅឆ្នាំ ១៩៨៤ សាលារៀននេះត្រូវបានរៀបចំជួសជុលសារជាថ្មីដោយដំបូលប្រកស័ង្កសី ជញ្ជាំងក្តារ ក្រាលក្តារ ខ័ណ្ឌជាពីរបន្ទប់។ មានចំនួនពីរកម្រិតថ្នាក់គឺ ថ្នាក់ទី១ និងទី២ ហើយមានគ្រូបង្រៀនពីរនាក់ដដែល។

ចំណែកឯចំនួនប្រជាជន មានប្រហែល ៦០ គ្រួសារប៉ុណ្ណោះ។ បន្ទាប់មកនៅឆ្នាំ ១៩៩០ ទើបគណៈកម្មការបានមូលមតិគ្នាផ្តើមកសាងសាលាបណ្តែតទឹកឡើងវិញ។ នៅឆ្នាំ ២០០០ ក្រោយពីការស្នើសុំរបស់នាយកសាលារៀន គណៈកម្មការទ្រទ្រង់សាលារៀននៃអង្គការក្រុមជំនុំព្រះជាម្ចាស់ឬ (AOG) បានបើកបេសកកម្មមួយឈ្មោះថាមេសកកម្មមេត្តាករុណាឬ (MOM) ដើម្បីចុះទៅភូមិពាមតាអួរដោយដោះស្រាយបញ្ហាអប់រំនៅមូលដ្ឋានពាមតាអួរ។ ជាផ្លែផ្កាអង្គការបានកសាងអគារថ្មីចំនួន ៥ខ្នងបន្ថែមទៀត។ ហើយអគារចាស់ត្រូវបានជួសជុលឡើងវិញ។ រហូតដល់បច្ចុប្បន្ននេះសាលាមានអគារសិក្សាចំនួន ៧ អគារ ដែលមានបន្ទប់សិក្សា១០បន្ទប់ ក្នុងនោះមានបណ្ណាល័យ ១ ទីចាត់ការ ១ និងមត្តេយ្យ ២បន្ទប់ ផងដែរ។ ដោយមានចំនួនបុគ្គលិកសរុប១៣នាក់ និងសិស្សសរុបចំនួន ២៥១ ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះ៕

ការអប់រំគឺជាថ្នាលបណ្តុះបណ្តាលចំណេះវិជ្ជាដ៏សំខាន់ និងជាអនាគតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here