អ្នកជំនាញប្រាប់វិធីសាស្ត្រទិញ​ដីលក់​ចំណេញលឿន និងបានប្រាក់ច្រើន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការមានលុយទិញដីធ្លីមិនប្រាកដថា ទទួលបានប្រាក់ចំណេញលឿននោះទេហើយជួនកាលក៏ធ្វើឲ្យការវិនិយោគ​របស់​​ខ្លួនត្រូវជាប់គាំងផងដែរ ប្រសិនជាអ្នកវិនិយោគមិនដឹងពីគន្លឹះច្បាស់លាស់។

អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមជំនាញអចលនទ្រព្យកម្ពុជា លោក យិន លាងគង់បានមានប្រសាសន៍ឲ្យដឹងថា ការវិនិយោគលើអ្វីមួយសុទ្ឋតែមានហានិភ័យ ប៉ុន្តែ​ការវិនិយោគដោយប្រើប្រាស់ចំណេះដឹង ជាមូលដ្ឋាន និងព៌តមាន​គ្រប់​ជ្រុង​ជ្រោយពិតជាអាចកាត់បន្ថយហានិភ័យបាន។ តើការវិនិយោគបែបណាអាចកាត់បន្ថយហានិភ័យ?

ទិញដីធ្លីនៅតំបន់មានប្រជាជនរស់នៅច្រើន

អចលនទ្រព្យឡើងថ្លៃ ពិតជាអាស្រ័យលើកត្តាប្រជាសាស្រ្ត ព្រោះការឡើងថ្លៃដីធ្លី ឬអចលនទ្រព្យដទៃពិតជាទាក់ទង​នឹង​ចរន្ត​មនុស្ស។ នៅទីណាមានមនុស្សរស់នៅច្រើនទីនោះនឹងមានសកម្មភាពអាជីវកម្មច្រើន ធ្វើឲ្យចរន្តសេដ្ឋកិច្ចតំបន់នោះ​រីកចម្រើន។

គេមិនអាចទៅទិញដីកណ្តាលព្រៃ ដែលគ្មានមនុស្សរស់នៅដើម្បីឲ្យតម្លៃដីកើនឡើង និងទទួលបានប្រាក់​ចំណេញនោះទេ។

ឧស្សាហ៍អានព័ត៌មាន

នៅពេលយើងអានព័ត៌មានច្រើន យើងនឹងទទួលបានព័ត៌មានច្រើនពីការអភិវឌ្ឍន៍ ពីផែនការរបស់រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​កសាងផ្លូវ កសាងតំបន់សេដ្ឋកិច្ចពិសេស ឬគំរោងអភិវឌ្ឈន៍របស់រដ្ឋាភិបាលជាច្រើនទៀត។ នៅពេលយើងមាន​ចំណេះ​ដឹង មានព័ត៌មានក្នុងដៃគ្រប់គ្រាន់ហើយ មូលដ្ឋាននៃការសម្រេចចិត្តរបស់យើង គឺមានភាពត្រឹម​ត្រូវជាជាងការ​វិនិយោគ​ដោយ​ប្រថុយប្រថាន ដែលប្រឈមនឹងហានិភ័យខ្ពស់។

ព័ត៌មានដែលអាចទុកចិត្តបាន ប្រកបដោយក្រមសីលធម៌ ពិតជាមូលដ្ឋានសំខាន់ ដែលអ្នកវិនិយោគត្រូវអាន ដើម្បីយក​មក​ធ្វើជាមូលដ្ឋានសំរាប់ពិចារណាឲ្យបានគ្រប់ជ្រុង ជ្រោយមុនសម្រេចចិត្តទិញដីនៅតំបន់ណាមួយ។

ឧទាហរណ៍នៅតំបន់ផ្លូវជាតិលេខ៥៥ ពីមុនដីនៅតំបន់នោះគ្មានហាងឆេង និងគ្មាន​អ្នកចាប់អារម្មណ៍ទេ ប៉ុន្តែក្រោយពេល​សាងសង់​ផ្លូចរួច ដីនៅតាមតំបន់នោះបានឡើងថ្លៃយ៉ាងគំហុក ហេតុនេះបើយើងនឹងព៌តមានពីការសាងសង់ផ្លូវ ហើយ​យើង​ទិញនៅពេលផ្លូវចាប់ផ្តើមសាងសង់ ច្បាស់ណាស់យើងនឹងរកផលចំណេញបានលឿន និងបានឆាប់រហ័ស។

តាមដានគោលនយោបាយរបស់រដ្ឋាភិបាល

រដ្ឋាភិបាលតែងតែមានចេញគោលនយោបាយជាបន្តបន្ទាប់ រៀងរាល់ ៣ទៅ ៥ឆ្នាំ​ម្តង ដើម្បីរៀបចំផែនការអភិវឌ្ឍន៍​ប្រទេស ហេតុនេះបើសិនជាយើងតាមដានដឹងពីគោល​នយោបាយរបស់រដ្ឋាភិបាលជាមុន យើងមានឱកាសចំណេញ​ច្រើន​ពី​ការ​វិនិយោគរបស់ខ្លួន។

ឧទាហរណ៍ជាក់ស្តែង កាលពីខែតុលាឆ្នាំ២០១៥ រដ្ឋាភិបាលបានប្រកាសដាក់ចេញនូវគោលនយោបាយអភិវឌ្ឈន៍ វិស័យ​ឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដោយក្នុងគោលនយោបាយនោះ រដ្ឋាភិបាលបានជ្រើសរើសយកទីក្រុង២ និងខេត្ត១​ជា​តំបន់​សំរាប់អភិវឌ្ឈន៍វិស័យឧស្សាហកម្មជាពិសេស។ ខេត្តនោះរួមមាន ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែត និងក្រុងបាវិត។

ជាលទ្ឋផលក្រុងព្រះសីហនុ ក្រុងបាវិត និងក្រុងប៉ោយប៉ែត កំពុងមានការរីកចម្រើ​ន និងកំពុងស្ថិតក្នុងក្រសែ​ភ្នែកអ្នក​វិនិយោគ​ជាតិ និងអន្តរជាតិចូលទៅវិនិយោគយ៉ាងច្រើន ដែលធ្វើឲ្យគ្រប់គ្នាស្ទើរមិននឹងស្មានដល់។

ហេតុនេះការតាមដាន ការអានព៌តមានតាមទូរទស្សន៍ វេបសាយ កាសែត ពិតជាមានសារៈសំខាន់ ដែលអ្នកវិនិយោគ​គ្រប់​គ្នា​ត្រូវតែដឹង ត្រូវតែអាន ដើម្បីដឹងពីផែនការ ដឹងពីដំណើរនៃការអភិវឌ្ឈន៍ប្រទេសជាតិ។

សិក្សាកត្តាផ្លូវច្បាប់

ទិដ្ឋភាពនិងមូលដ្ឋានច្បាប់ ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាឧបករណ៍មួយយ៉ាងសំខាន់ ដែលអ្នកវិនិយោគជាតិ ពិសេសអ្នកវិនិយោគអន្តរជាតិតែងតែសិក្សាមុនគេ មុនចូលទៅវិនិយោគនៅប្រទេសណាមួយ។ ច្បាប់ពន្ឋលើប្រាក់ចំណេញ ច្បាប់វិនិយោគ ច្បាប់លើកទឹកចិត្តដល់ការវិនិយោគនានា សុទ្ឋតែជាកត្តាសំខាន់នៅក្នុងការទាក់ទាញការ​វិនិយោគផ្ទាល់​ពី​បរទេស។

ឧទាហរណ៍ ច្បាប់វិនិយោគកម្ពុជាបានអនុញ្ញាត ឲ្យជនបរទេសអាចបណ្តាក់ទុនរកស៊ី១០០ភាគរយនៅកម្ពុជាបាន ដោយ​មិន​ចាំ​បាច់សហការជាមួយក្រុមហ៊ុនក្នុងស្រុក។ច្បាប់នេះពិតជាមានសារៈសំខាន់បំផុត ដែលបាននិងកំពុងធ្វើ​ឲ្យកម្ពុជា​ឈាន​ឡើង និងមានការរីកចម្រើនយ៉ាងលឿនហើយសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើន​ជាមធ្យម៧,៧ភាគរយ​ក្នុង​រយៈ​ពេល​ពីរទសវត្សរ៍ចុងក្រោយនេះ។

មូលដ្ឋានទាំងនេះ គឺនៅតែឈរលើកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថេ​រភាពសង្គម និងកំនើនសេដ្ឋកិច្ច​ដ៏រ៉ឹងមាំ​របស់​កម្ពុជា ព្រោះបើប្រទេសជាតិគ្មានចំណុចប៉ុន្មា​ននេះទេ តម្លៃអចលនទ្រព្យ និងការវិនិយោគក៏មិនអាច​កើនឡើង​បាន​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here