ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាប្រទេសសមាជិកអាស៊ាន កំពុងដាក់ចេញគោលនយោបាយ ដើម្បីទប់ស្កាត់ការនាំចូលទំនិញពីប្រទេសចិន ដែលមានតម្លៃថោក ពិសេសការលក់ទំនិញរបស់ចិន តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។
ទំនិញថោកៗរបស់ចិន កំពុងជន់ជោរទីផ្សារអាស៊ានយ៉ាងច្រើនលើសលប់។ តួយ៉ាង កាលពីឆ្នាំ២០២៣ តំបន់អាស៊ាន និងទីផ្សារអាស៊ី ដែលកំពុងរីកចម្រើន បានស្រូបយកការនាំចូលពីចិន ប្រមាណ១ភាគ៣។ នេះបើយោងតាមការគណនារបស់ក្រុមសេដ្ឋវិទូ ប្រចាំធនាគារវិនិយោគអាមេរិក Goldman Sachs។
ទន្ទឹមនឹងនេះ ស្របពេលកំណើនសេដ្ឋកិច្ចចិន កំពុងជួបប្រទះបញ្ហាប្រឈម បណ្តាក្រុមហ៊ុនចិន បានបង្ខំចិត្តបញ្ចុះតម្លៃទំនិញរបស់ពួកគេ ដើម្បីលក់ចេញទៅក្រៅប្រទេស។
លោក Charles Austin Jordan អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនស្រាវជ្រាវគោលនយោបាយអាមេរិក Rhodium Group បានលើកឡើងថា“ ចិនចាត់ទុកការវិនិយោគ នៅក្នុងប្រទេសផ្សេងទៀត ជាយុទ្ធសាស្រ្តការពារហានិភ័យ”។
ទំនិញចិនជាច្រើនប្រភេទ កំពុងត្រូវបានដាក់លក់នៅលើវេទិកាអេឡិចត្រូនិកល្បីៗជាច្រើន។ តួយ៉ាង វេទិកា Shopee វេទិកា Lazada របស់ក្រុមហ៊ុនAlibaba និងបណ្តាញសង្គម TikTok របស់ក្រុមហ៊ុន ByteDance បានក្លាយជាស្ពានតភ្ជាប់រវាងអ្នកលក់នៅប្រទេសចិន និងអ្នកទិញនៅតំបន់អាស៊ាន។
លោក Chaovalit Pakpianthakolphol ប្រធានក្រុមប្រឹក្សាជំរុញការនាំចេញសហគ្រាសធុនតូច និងមធ្យមនៃប្រទេសថៃ បានអះអាងថា “វេទិកា Lazada និងវេទិកា Shopee ជាបណ្តាញចែកចាយទំនិញចិនដ៏ធំបំផុត។ ផ្អែកលើបណ្តាញចែកចាយទាំង២នេះ ពួកគេពុំចាំបាច់ចុះឈ្មោះ ក្រុមហ៊ុនរបស់ខ្លួននៅក្នុងប្រទេសថៃនោះទេ”។
ដោយមើលឃើញលំហូរទំនិញចិនថោកៗ ចូលមកក្នុងទីផ្សាររបស់ខ្លួនកាន់តែច្រើន កាលពីខែមករា ឆ្នាំ២០២៤ ម៉ាឡេស៊ីបានកំណត់ពន្ធ១០% លើការទិញទំនិញបរទេសតាមអ៊ីនធឺណេត ដែលមានតម្លៃក្រោម១០៨ដុល្លារ។
ចំណែក ប្រទេសថៃបានដំឡើងអាករ លើតម្លៃបន្ថែម (VAT) ដល់៧ភាគរយ លើការទិញទំនិញអន្តរជាតិ ដែលមានតម្លៃក្រោម៤២ដុល្លារ។
ទោះបីជាថៃបានអនុវត្តន៍ពន្ធ លើការទិញទំនិញបរទេសតាមរយៈវេទិកាពាណិជ្ជកម្ម អេឡិចត្រូនិកយ៉ាងណាក្តី ប៉ុន្តែក្រុមអ្នកជំនាញ យល់ឃើញថា ការណ៍នេះពុំមានប្រសិទ្ធភាពខ្ពស់ទេ ព្រោះទំនិញរបស់ចិន មានតម្លៃថោករួចជាស្រាប់ហើយ។
ជាក់ស្តែង អតិថិជនថៃអាចទិញ ស្រោមទូរស័ព្ទដៃស្មាតហ្វូន នៅលើវេទិកាអនឡាញ Lazada ដែលដាក់លក់ក្នុងតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ បើធៀបនឹងផលិតផលថោកបំផុត នៅក្នុងហាងទំនិញថៃ ដែលតម្លៃយ៉ាងតិចចំនួន១១,២ដុល្លារ។
ចំណែក នៅប្រទេសវៀតណាមវិញ ទំនិញរបស់ចិនរាប់ចាប់ពីអាហារ ដល់សម្លៀកបំពាក់ ត្រូវបានដាក់លក់យ៉ាងព្រោងព្រាត នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។ ពលរដ្ឋវៀតណាម ចូលចិត្តទិញទំនិញចិន តាមវេទិកាអនឡាញ ព្រោះទំនិញទាំងនោះមានតម្លៃថោក និងមានសេវាកម្មដឹកជញ្ជូនយ៉ាងលឿនរហ័ស។
ជាមួយគ្នានេះ ក្រុមហ៊ុនចិនបានបោះទុន សាងសង់ឃ្លាំងទំនិញជាច្រើន នៅជិតព្រំដែនវៀតណាម ដើម្បីកាត់បន្ថយថ្លៃដើម និងពេលវេលាដឹកជញ្ជូន។ ការណ៍នេះ នឹងជំរុញការប្រកួតប្រជែងកាន់តែខ្លាំង សម្រាប់អ្នកលក់ក្នុងប្រទេសវៀតណាមនាពេលខាងមុខ៕
ប្រភព:Khabarhub