ដោយ: គង់ លាងហួរ
បាងកក: នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចដកហូតចេញពីមុខតំណែងកាលពីថ្ងៃពុធ ទី១៤ ខែសីហា ពីបទរំលោភបំពានក្រមសីលធម៌ ក្នុងការតែងតាំងលោក Pichit Chuenban ជារដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលធ្លាប់ជាប់ពន្ធនាគារកាលពីឆ្នាំ២០០៨ ពីបទសូកប៉ាន់មន្ត្រីតុលាការកំពូលថៃ។
តើព្រឹត្តិការណ៍អ្វីនឹងកើតឡើង បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន របូតកៅអីជានាយករដ្ឋមន្ដ្រីថៃ?
គណរដ្ឋមន្ត្រីថៃបច្ចុប្បន្ន នឹងក្លាយជាគណរដ្ឋមន្ត្រីចាំផ្ទះ ខណៈលោក Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាឧបនាយករដ្ឋមន្ត្រី នឹងក្លាយជានាយករដ្ឋមន្ត្រីស្តីទីជំនួសឱ្យលោកសេដ្ឋាជាបណ្តោះអាសន្ន។
បណ្តាគណបក្សនានាត្រូវតែសម្រេចចិត្តថា តើពួកគេនឹងតែងតាំងនរណា និងបោះឆ្នោតឱ្យនរណា ធ្វើជានាយករដ្ឋមន្ត្រីថ្មីបន្ទាប់ពីលោកសេដ្ឋា ដោយផ្អែកលើបញ្ជីបេក្ខជន ដែលត្រូវបានដាក់ស្នើ ទៅកាន់សភាមុនការបោះឆ្នោតឆ្នាំ២០២៣។
យ៉ាងណាមិញ ក្រុមអ្នកវិភាគរំពឹងថា ពុំមែនគ្រប់បេក្ខជនទាំងអស់ សុទ្ធតែនឹងត្រូវបានដាក់ស្នើ ទៅកាន់សភាដើម្បីបោះឆ្នោតអនុម័តនោះទេ ដោយអាចមានការចរចា រវាងគណបក្សនានា ដើម្បីជាថ្នូរនឹងការទទួលបានតំណែង នៅក្នុងជួរគណៈរដ្ឋមន្ត្រី។
ម្យ៉ាងទៀត ប្រធានសភាថៃ នឹងកោះប្រជុំសភាជាន់ទាបដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។
ប៉ុន្តែប្រទេសថៃពុំមានច្បាប់ណាមួយ ដែលបញ្ជាក់ច្បាស់លាស់ថា តើពេលណាសភាត្រូវកោះប្រជុំ ដើម្បីធ្វើការបោះឆ្នោតនោះទេ។
ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រីបាន បេក្ខជនមួយរូបត្រូវការសំឡេងគាំទ្រ ពីសមាជិកសភាជាន់ទាប ជាងពាក់កណ្តាលនៃសមាជិកសភាសរុបចំនួន៤៩៣នាក់ ឬស្មើនឹង២៤៧សំឡេង។ ប្រសិនបើបេក្ខជនរូបនោះ ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ សភាត្រូវកោះប្រជុំម្តងទៀត នៅពេលក្រោយដើម្បីបោះឆ្នោតឡើងវិញ ដោយបេក្ខជនដទៃផ្សេងទៀត អាចត្រូវបានតែងតាំង។
រដ្ឋាភិបាលចម្រុះថៃ ដែលមានគណបក្សចំនួន១១ចងសម្ព័ន្ធ មានកៅអីសរុបចំនួន៣១៤អាសនៈ នៅក្នុងសភាជាន់ទាប។ នាយករដ្ឋមន្ត្រីថ្មី ត្រូវតែងតាំងគណៈរដ្ឋមន្ត្រី និងធ្វើបទបង្ហាញអំពីគោលនយោបាយ របស់ខ្លួនទៅកាន់សភា មុនពេលស្បថចូលកាន់តំណែងជាផ្លូវការ។
តើនរណានឹងអាចក្លាយជាបេក្ខជនប្រជែងយកដំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ?
ក្រុមអ្នកវិភាគនយោបាយលើកឡើងថា លោកស្រី Paetongtarn Shinawatra វ័យ៣៧ឆ្នាំ ប្រធានគណបក្ស ភឿ ថៃ និងជាកូនស្រីរបស់លោក អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងឡើងមកកាន់តំណែង ជំនួសលោកសេដ្ឋា ថាវីស៊ីន។
ប្រសិនបើទទួលបានសំឡេងគាំទ្រ គ្រប់គ្រាន់ពីសភា លោកស្រី នឹងក្លាយជានាយករដ្ឋមន្ដ្រីត្រកូល ស៊ីណាវ៉ាត្រាទី៣ បន្ទាប់ពីលោកថាក់ស៊ីន ដែលត្រូវជាឪពុក និងលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវជាម្តាយមីង។
រីឯ លោកឧបនាយករដ្ឋមន្ត្រី Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាបេក្ខជនមួយរូបទៀត ដែលអាចប្រជែងតំណែងជានាយករដ្ឋមន្ត្រី។
លោកបានជំរុញឱ្យមានការធ្វើ សេរីភាវូបនីយកម្មកញ្ឆានៅក្នុងប្រទេសថៃដោយជោគជ័យ។
លោក Anutin ជាមេដឹកនាំគណបក្ស Bhumjaithai ហើយជាដៃគូធំបំផុតទីពីរ នៅក្នុងរដ្ឋាភិបាលចម្រុះ បន្ទាប់ពីគណបក្សភឿ ថៃ។
ទន្ទឹមនឹងនេះ លោក Prawit Wongsuwan ជាអតីតមេទ័ពដ៏មានឥទ្ធិពលមួយរូប មកពីគណបក្សអភិរក្សនិយម Palang Pracharat ក៏អាចក្លាយជាជម្រើសបេក្ខជន នាយករដ្ឋមន្ដ្រីផងដែរ។ ក្នុងនាមជាអ្នកបង្កើត កិច្ចព្រមព្រៀងនយោបាយដ៏ល្បីឈ្មោះមួយរូប លោក Prawit បានជាប់ពាក់ព័ន្ធ ក្នុងការធ្វើរដ្ឋប្រហារចំនួន២លើកចុងក្រោយ ប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយត្រកូលស៊ីណាវ៉ាត្រា។
ចំណែក លោក Chaikasem Nitisiri អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអ្នកស្មោះស្ម័គ្រ ចំពោះគណបក្សភឿថៃ និងរដ្ឋមន្ត្រីក្រសួងថាមពលលោក Pirapan Salirathavibhaga អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ របស់គណបក្សអភិរក្សនិយម Thai Raksa Chart ក៏អាចឈរឈ្មោះជាបេក្ខជន ដើម្បីប្រជែងយកតំណែងនាយករដ្ឋមន្ត្រីផងដែរ៕
ប្រភព: Reuters