ដោយ: គង់ លាងហួរ
ប៉េកាំង: បរិមាណនៃការផលិតថាមពលស្អាតរបស់ប្រទេសចិននៅឆមាសទីមួយឆ្នាំនេះ មានចំនួនស្មើនឹងការផលិតថាមពលរបស់ប្រទេសអង់គ្លេសចេញពីគ្រប់ប្រភពទាំងអស់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការផលិតថាមពលអគ្គិសនីនៅក្នុងប្រទេសចិនចេញពីធ្យូងថ្ម និងឧស្ម័នបានធ្លាក់ចុះ៥% ក្នុងខែកក្កដាបើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) ដោយផ្អែកលើការវិភាគពីទិន្នន័យរបស់រដ្ឋាភិបាលចិន។
តួលេខចុងក្រោយនេះបង្ហាញយ៉ាង ច្បាស់លាស់ថា ប្រទេសចិនកំពុងបោះជំហានឆ្ពោះទៅមុខក្នុងវិស័យថាមពលកកើតឡើងវិញ តាមរយៈការជំរុញបរិមាណថាមពលពន្លឺព្រះអាទិត្យ និងខ្យល់។ នេះជាការផ្លាស់ប្តូរនិងជាក្តីសង្ឃឹមរបស់ពិភពលោកក្នុងការទប់ទល់នឹងគ្រោះមហន្តរាយអាកាសធាតុ។
លោក Li Shuo នាយកមជ្ឈមណ្ឌលអាកាសធាតុចិន នៅវិទ្យាស្ថានគោលនយោបាយអាស៊ី ក្នុងទីក្រុងវ៉ាសុីនតោន លើកឡើងថា “ប្រទេសចិនកំពុងនាំមុខគូប្រជែងទាំងអស់របស់ខ្លួនលើបច្ចេកវិទ្យាបៃតង។ ចិនមានប្រៀបយ៉ាងពិតប្រាកដ និងបានបង្កើតឧស្សាហកម្មបៃតងដ៏ធំមួយ”។
កាលពីខែកក្កដា សមត្ថភាពរបស់ប្រទេសចិនក្នុងការផលិតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់បូកបញ្ចូលគ្នាបានកើនឡើងលើសសមត្ថភាពផលិតអគ្គិសនីដើរដោយធ្យូងថ្ម។
នៅឆ្នាំ២០២៦ខាងមុខ ថាមពលពន្លឺព្រះអាទិត្យ(មិនរាប់បញ្ចូលថាមពលខ្យល់) នឹងវ៉ាដាច់ធ្យូងថ្មក្លាយជាប្រភពថាមពលចម្បងថ្មីរបស់ប្រទេសចិន។ នេះបើយោងតាមការព្យាករណ៍ដោយក្រុមហ៊ុនស្រាវជ្រាវថាមពលឯករាជ្យ Rystad Energy មានទីស្នាក់ការកណ្តាលនៅប្រទេសន័រវេស។
ការផលិតរថយន្តអគ្គិសនីនៅប្រទេសចិនកំពុងកើនឡើង ខណៈការលក់រថយន្តកូនកាត់ និងរថយន្តដើរដោយថាមពលអគ្គិសនី១០០% គ្របដណ្តប់ជាង៥០%នៃចំនួនរថយន្តម៉ូដែលថ្មីទាំងអស់ដែលបានលក់ដាច់នៅខែកក្កដា។
ចំណែក ឧស្សាហកម្មផលិតដែកនៅក្នុងប្រទេសចិនក៏កំពុងផ្លាស់ប្តូរផងដែរ ខណៈរដ្ឋាភិបាលចិនពុំបានចេញលិខិតអនុញ្ញាតឱ្យមានការបើកដំណើរការរោងចក្រដុតធ្យូងថ្មនៅក្នុងឆមាសទីមួយឆ្នាំនេះនោះទេ។
ការបន្តរីកចម្រើននៃវិស័យបច្ចេកវិទ្យាផលិតថាមពលស្អាតនេះបាននាំឱ្យក្រុមអ្នកវិភាគមួយចំនួនលើកឡើងថា ការបំភាយឧស្ម័នផ្ទះកញ្ចក់នៅប្រទេសចិនប្រហែលជាហក់ឡើងដល់កម្រិតកំពូលរួចហើយនៅដើមខែកុម្ភៈឆ្នាំនេះ៕
ប្រភព: The Guardian