ដោយ វុត្ថា
ភ្នំពេញ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសអោយដឹងថា ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ នឹងសាងសង់បញ្ចប់រួចរាល់នៅត្រឹមឆ្នាំ ២០២២ ខាងមុខនេះ ខណៈព្រលានមួយនេះ បាននឹងកំពុងពង្រីកផ្លូវរត់បន្ថែមទៀត ដើម្បីឆ្លើយតបនឹងការកើនឡើងផ្នែកអាកាសចរណ៍ ។
សម្តេច តេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន (Express Way) ភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី ២២ ខែមីនានេះថា នៅពេលបញ្ចប់សាងសងនូវ ព្រលានយន្តហោះមួយនេះ នឹងអាចឲ្យយន្តចុះចតយន្តហោះធំបាន ។
សម្តេចបន្តថា សម្តេចនឹងរៀបចំកិច្ចប្រជុំជាមួយអាស៊ាន-ដៃគូពាក់ព័ន្ធនានានៅក្នុងខេត្តព្រះសីហនុនៅក្នុងឆ្នាំ ២០២២ខាងមុខនេះផងដែរ ស្របពេលដែលព្រលានយន្តហោះមួយនេះ សាងសង់បញ្ចប់។
-->
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា ធ្លាប់បានមានប្រសាសន៍ឲ្យដឹងកន្លងមកថា ព្រលានយន្តហោះដែលបានវិនិយោគដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា (SCA) នេះនឹងត្រូវពង្រីកដល់ប្រវែង៣៦០០ម៉ែត្រ ដែលបច្ចុប្បន្នព្រលាននេះមានប្រវែងផ្លូវរត់២៨០០ម៉ែត្រហើយ ហេតុនេះ SCA បាន និងកំពុងចាប់ផ្តើមពង្រីកដំណាក់កាលទី១ ប្រវែង៣០០ម៉ែត្រសិន មុនពង្រីកជំហ៊ានទី២ប្រវែង៣០០ម៉ែត្រទៀត ដើម្បីបញ្ចប់តាមផែនការរបស់ខ្លួន។
លោកបន្តថា “ពេលព្រលាននេះពង្រីកចប់តាមផែនការរបស់ខ្លួន សមត្ថភាពព្រលាននេះអាចចុះចតយន្តហោះខ្នាតមធ្យម ដែលអាចផ្ទុកអ្នកដំណើរចន្លោះពី៣០០ទៅ៤០០នាក់បាន”។ លោកបន្តថា”ការពង្រីកព្រលានថ្មីនេះ អាចនឹងចំណាយពេលប្រមាណ១ឆ្នាំ និងដំណាក់កាលទី២ មិនដឹងចាប់ផ្តើមពេលណានៅឡើយទេ”។ មូលនិធិវិនិយោគព្រលាននេះ ជាការចំណាយរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដែលគ្រប់គ្រងដោយបារាំង។
លោក ស៊ិន ចាន់សិរីវុត្ថា បានបន្តថា ព្រលានយន្តហោះនេះអាចទទួលបានអ្នកដំណើរឆ្លងកាត់ប្រមាណ១លាននាក់នៅឆ្នាំ២០២០ខាងមុខនេះ ខណៈបច្ចុប្បន្នអាកាសចរណ៍ជាច្រើនបាន និងកំពុងចុះចតនៅព្រលានយន្តហោះនេះ ដោយមួយសប្តាហ៍មានអាកាសចរណ៍ចំនួន៧៨លើកបានហោះចុះឡើងនៅព្រលាននេះ។
ទោះជាយ៉ាងណា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹះស្នា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ព្រលានយន្តហោះនេះទទួលបានអាកាសចរណ៍ចុះចតជាង៥០០លើកក្នុងមួយសប្តាហ៍ឯណោះ ដោយសារកំនើនភ្ញៀវទេសចរអន្តរជាតិ ពិសេសភ្ញៀវទេសចរ និងអ្នកវិនិយោគចិនកើនឡើងខ្លាំង ដែលធ្វើឲ្យខេត្តប្រឈមនឹងកង្វះបន្ទប់សណ្ឋាគារជាប់ជាប្រចាំ ពិសេសនៅថ្ងៃចុងសប្តាហ៍ និងពិធីបុណ្យទានធំៗ៕