ដោយ នៅ វឌ្ឍនា
ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មធំមួយ Chief Tower ដែលវិនិយោគដោយក្រុមហ៊ុនចិនបានចាប់ផ្តើមសាងសង់នៅទីក្រុងភ្នំពេញ ខណៈទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជាកំពុងមានការរីកចម្រើនខ្លាំង។
រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្ម នេះកាលពីថ្ងៃទី២១ មិនាកន្លងមកបានមានប្រសាសន៍ថា ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន JS PROPERTY INTERNATIONAL ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើន ក្នុងការកសាងអគារពាណិជ្ជកម្ម CHIEF TOWER នេះឡើង ជាមួយនឹងការផ្តល់សេវាកម្មពាក់ព័ន្ធផ្សេងៗសម្រាប់ការធ្វើធុរកិច្ច ការស្នាក់នៅ និងការធ្វើអាជីវកម្មនានា ប្រកបដោយភាពងាយស្រួល និងស្តង់ដាខ្ពស់។
-->
លោកបន្តថា “នេះមិនត្រឹមតែឆ្លុះបញ្ចាំងនូវជំនឿទុកចិត្ត ដ៏មុតមាំរបស់វិនិយោគិន មកលើគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញឱ្យឃើញអំពីការគិតគូរដ៏ឈ្លាសវៃរបស់វិនិយោគិន ចំពោះទីផ្សាកម្ពុជាដែលកំពុងមានសន្ទុះយ៉ាងខ្លាំងក្លា និងប្រកបដោយភាពទាក់ទាញផងដែរ”។
ក្រសួងបរិស្ថានបានខិតខំលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើប និងកែលម្អនូវក្របខណ្ឌច្បាប់និងគោលនយោបាយជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពជាដៃគូកាន់តែប្រសើរជាមួយអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ក្នុងការលើកកម្ពស់អនុលោមភាពទៅតាមច្បាប់ និងលិខិតបទដ្ឋាននានានៅកម្ពុជា សំដៅរួមគ្នាការពារបរិស្ថាន ព្រមទាំងគាំទ្រដល់ការប្រកបធុរកិច្ចរបស់សហគ្រាស ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព។
អាគារពាណិជ្ជកម្ម Chief Tower មានកម្ពស់ ៤០ជាន់ ស្ថិតនៅលើផ្លូវមុនីវង្ស កែងនឹងផ្លូវ៣២២ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខ័ណ្ឌចម្ការមក រាជធានីភ្នំពេញ។
អគារពាណិជ្ជកម្ម Chief Tower ត្រូវបានវិនិយោគដោយ ក្រុមហ៊ុន JS Property International Group ដែលជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន JS Partner និងក្រុមហ៊ុន Chief Real Estate Development (Cambodia) Ltd.,។ ក្រុមហ៊ុនទាំងពីរ សុទ្ធសឹងតែជាក្រុមហ៊ុន ដែលមានកិច្ចសហការច្រើន ជាមួយដៃគូក្នុងស្រុក និងក្រៅស្រុក មកពីប្រទេសកម្ពុជា ម៉ាឡេស៊ី និងហុងកុង។
អគារពាណិជ្ជកម្ម Chief Tower នឹងក្លាយជាការិយាល័យកណ្ដាល នៃធនាគារពា ណិជ្ជឈីហ្វ (ខេមបូឌា) ម.ក។ បន្ថែមលើនេះទៅទៀត ធនាគារសមាគមន៍ធុរកិច្ចអាស៊ាន នៃប្រទេសកម្ពុជា ក៏នឹងបង្កើតការិយាល័យរបស់ខ្លួន នៅឯអគារ Chief Tower ផងដែរ ដែលនឹងជួយឱ្យអគារនេះ ក្លាយទៅជាមជ្ឈមណ្ឌលផ្ដល់សេវាកម្ម ដល់សមាគមអាស៊ានទាំងអស់។

លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ថា គម្រោងនេះនឹងចូលរួមលើកមុខមាត់ សោភណភាពរបស់រាជធានីភ្នំពេញមួយកម្រិតបន្ថែមទៀត និងជាការបញ្ជាក់នូវជំនឿទុកចិត្តរបស់អ្នកវិនិយោគលើសក្ដានុពលសេដ្ឋកិច្ច និងទីផ្សារវិស័យសំណង អចលនទ្រព្យរបស់កម្ពុជា និងជាឆ្លើយតបនឹងស្ថានភាពតម្រូវការ នៃការអភិវឌ្ឍនគរូបនីយកម្មរបស់សង្គមកម្ពុជាផងដែរ៕