មន្ទីរពេទ្យគន្ឋបុប្ឆាភ្នំពេញបោះទុន៨លានដុល្លារសាងសង់អាគារវះកាត់បេះដូង និងប្រព័ន្ធប្រាសាទ

0

ដោយគង់ សូរិយា

ភ្នំពេញ ៖ ក្នុងគោលដៅពង្រីកសេវាកម្មវះកាត់បេះដូង និងប្រព័ន្ធប្រាសាទ មន្ទីរពេទ្យ គន្ឋបុប្ឆា បានសម្រេចវិនិយោគទឹកប្រាក់៨លានដុល្លារបន្ថែមទៀត ដើម្បីសាងសង់អាគារគន្ឋបុប្ឆាទី១ លើទីតាំងចាស់នៅរាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត Denis Laurent នាយកប្រតិបត្តិមូលនិធិគន្ឋបុប្ឆាបានមានប្រសា​សន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៣ មិនានេះថា ដោយសារកុមារកើតជំងឺបេះដូងមានចំនួនច្រើន និងមានតម្រូវការវះកាតើប្រព័ន្ឋប្រសាទកើនឡើង មន្ទីរពេទ្យបានសម្រេចចិត្តសាងសង់អាគារថ្មីលើទីតាំងចាស់នៃអាគារមន្ទីរពេទ្យគន្ឋបុប្ឆាទី១ ដើម្បីសាងសង់អាគារវះកាត់ជំងឺបេះដូងកុមារ និងវះកាត់ប្រ​ព័ន្ឋប្រាសាទថ្មីមួយនៅរាជធានីភ្នំពេញ ដែលសេវាវះកាត់នេះនឹងអាចចាប់ផ្តើមពីថ្ងៃទី១សីហាខាងមុខនេះ។ លោកបន្តថា អាគារថ្មីនេះមានកំពស់៣ជាន់ ដែលមានបន្ទប់សរុបចំនួន៦ និងអាចដាក់គ្រែបានចំនួន២០០កន្លែង។

លោកបន្តថា “ការវះកាត់ជំងឺបេះដូងកុមារ និងជំងឺប្រព័ន្ឋប្រសាទបច្ចុប្បន្ន យើងប្រើប្រាស់គ្រូពេទ្យខ្មែរសុទ្ឋសាធ ដោយសារពួកគេបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ និង​មានសមត្ថភាពអាចវះកាត់បានកាន់តែប្រសើរជាងមុន”។លោកបន្តថា “បន្ទប់វះកាត់នៅរាជធានីភ្នំពេញនេះមានបី ក្នុងនោះបន្ទប់វះកាត់ជំងឺបេះដូងគឺអាចមានសមត្ថភាពវះកាត់មួយថ្ងៃចន្លោះពីម្នាក់ទៅ២នាក់បាន”។

លោកវេជ្ជបណ្ឌិត Denis Laurent បានបន្តឲ្យដឹងទៀតថា ថវិកាសម្រាប់សាងសង់អាគារថ្មីនេះ បានមកពីព្រះរាជទាន១លានដុល្លារពីព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ។ បានមកពីមូលនិធិគន្ឋបុប្ឆាកម្ពុជា១លានដុល្លារ និងក្រៅពីនោះជាថវិកាបានមកពីមូលនិធិគន្ឋបុប្ឆាប្រទេសស្វីស។

លោកបន្តថា “ការសាងសង់អាគារថ្មីនេះ ជាតម្រូវការចាំបាច់សំរាប់ការវះជំងឺបេះដូង​កុមារ និងដើម្បីសង្រ្គោះទារក ដែលមានអត្រាស្លាប់ខ្ពស់នៅកម្ពុជា ហេតុនេះទើបយើង​វិនិយោគ ដើម្បីកាត់បន្ថយអត្រាស្លាប់របស់កុមារកម្ពុជា”។លោកបន្តថា “យើងនៅតែដើរតាមទស្សនវិស័យរបស់វេជ្ជបណ្ឌិត Beat Richner ដោយយើងនៅតែប្រកាន់គោលការ​ណ៍ធ្វើការប្រកបដោយគុណភាព វិន័យ ក្រមសីលធ៌ម និងការព្យាបាលដោយមិនគិតថ្លៃ”។

ការវះកាត់ជំងឺបេះដូងកុមារបានចាប់ផ្តើមរយៈពេលជាច្រើនឆ្នាំមកហើយ នៅមន្ទីរ ពេទ្យជ័យវរ្ម័នទី៧(គន្ឋបុប្ឆា) ខេត្តសៀមរាប ដែលបច្ចុប្បន្នការវះកាត់ជំងឺបេះដូងកុមារនៅទីនោះអាចវះកាត់បានក្នុងចន្លោះម្នាក់ទៅ៣នាក់ជារៀងរាល់ថ្ងៃ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here