ដោយ រ៉ាណេត
ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា ជប៉ុន (ស្ពានជ្រោយចង្វារ) រហូតមកដល់ពេលនេះត្រូវបានបញ្ចប់ការសាងសង់ ១០០ភាគរយហើយ ដោយនៅរង់ចាំតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា អញ្ជើញទៅសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការណ៍ឡើងវិញនៅត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះតែប៉ុណ្ណោះ។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹងជញ្ជូន បានមានប្រសាសន៍ឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមីនា នេះថា រហូតមកដល់ពេលនេះក្រុមការងារសាងសង់ស្ពានជ្រោយចង្វារ បានបញ្ចប់ការសាងសង់១០០ភាគរយហើយ ដែលរង់ចាំតែថ្ងៃបើកសម្ពោធប្រកាសដាក់ឱ្យប្រើប្រាស់ឡើងវិញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែនតែប៉ុណ្ណោះ ។ លោកបានបញ្ជាក់ទៀតថា ស្ពាននេះ ជាស្ពានដ៏ធំមួយដែលឆ្លងកាត់ដៃទន្លេសាប ស្ថិតនៅទន្ទឹមគ្នានឹងស្ពានមិត្តភាពកម្ពុជា ចិន ខណៈដែលការសាងសង់ឡើងវិញនេះ មួយផ្នែកធំនៃអតីតតួស្ពានចាស់ត្រូវបានប្ដូរចេញ ក៏ដូចជាសរសរស្ពានជាដើម គឺត្រូវបានសាងសង់ឡើងវិញ ដោយសារតែភាពចំណាស់ និងការទ្រុឌទ្រោមនៃអាយុកាលរបស់ស្ពាន។






