ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ បានជំរុញឱ្យក្រុមហ៊ុន Alibaba វិនិយោគសាងសង់ឡើងវិញនូវព្រលានយន្តហោះខេត្តកំពង់ឆ្នាំង ប៉ុន្តែមិនទាន់មានការឆ្លើយតបបែបណានៅឡើយទេ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍បែបនេះ ក្នុងពិធីចុះហត្ថលេខាជាមួយក្រុមហ៊ុន Shenshen 4PX Express ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋី Jack Ma កាលពីពេលថ្មីៗនេះ ដោយបានស្នើឱ្យក្រុមហ៊ុននេះ វិនិយោគសាងសង់ព្រលានយន្តហោះខេត្តកំពង់ឆ្នាំងឡើងវិញ ព្រោះខេត្តកំពង់ឆ្នាំងមានសក្តានុពលជាច្រើន លើវិស័យដឹកជញ្ជូន ទាំងផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងមានចម្ងាយជិតងាយស្រួលភ្ជាប់ជាមួយរាជធានីភ្នំពេញ។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសិក្សារកឃើញថា ខេត្តកំពង់ឆ្នាំងមានសក្តានុពលសម្រាប់ជាទីតាំង Cargo Hub ដែលជាមជ្ឈមណ្ឌលសម្រាប់ការលើកដាក់ទំនិញលំដាប់អន្តរជាតិ។
លោក ជា អូន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរ ណ៍ស៊ីវិលបានមានប្រសាសន៍ថា ការសិក្សារបស់អង្គការ JICA មិនទាន់បានបញ្ចប់នៅឡើយទេ ហើយវាជាការសិក្សាជំហ៊ានដំបូងប៉ុណ្ណោះ ដែលពួកគេរកឃើញថាខេត្តនេះមានសក្តានុពលសម្រាប់ Cargo Hub ដោយសារមានចម្ងាយជិតនឹងរាជធានីភ្នំពេញ មានផ្លូវគោក ផ្លូវទឹក និងផ្លូវដែកដែលងាយស្រួលក្នុងការតភ្ជាប់។

លោកបន្តថា “Cargo Hub មិនត្រឹមតែសម្រាប់កម្ពុជាទេ តែសម្រាប់ថ្នាក់តំបន់ហេតុនេះ យើងត្រូវមានហេដ្ឋារចនាសម្ព័ន្ឋសមស្រប ពិសេសព្រលានយន្តហោះនាពេលអនាគត”។ លោកបន្តថា “ទោះជាយ៉ាងណារហូតមកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយបានដាក់សំណើរសុំចុះសិក្សា ពីការសាងសង់ព្រលានយន្តហោះនៅក្នុងខេត្តកំពង់ឆ្នាំងនៅឡើយទេ”៕






