ដោយៈ គង់ សូរិយា
ភ្នំពេញៈ រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង គម្រោងវិនិយោគកម្ពុជារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(cdcIPM) ដែលប្រព័ន្ឋនេះនឹងជួយសម្រួលបែបបទ និងកាត់បន្ថយការិយាធិបតេយ្យនានារបស់វិនិយោគិន។
លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងឲ្យដឹងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រមីនីបៀរថ្មី ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តពោធិសាត់ កាលពីសប្តាហ៍មុន។
-->
លោកបានថ្លែងថា cdcPM មានចរិកលក្ខណៈជាយន្តការ ច្រកចេញចូលតែមួយ សម្របសម្រួលដល់អន្តរក្រសួង -ស្ថាប័នពេញលេញ តាមរយៈការធ្វើសន្ធានកម្មចែករំលែកទិន្នន័យ ជាមួយគ្នាទៅវិញទៅមក សំដៅដោះស្រាយនូវបញ្ហាប្រឈម របស់វិនិយោគិន ដោយប្តូរពីការផ្តល់ព័ត៌មាន និងឯកសារដដែលៗជាច្រើនលើកច្រើនសារ មកជាការបំពេញសំណុំបែបបទតែមួយ លើកបានយ៉ាងលឿនរហ័ស កាត់បន្ថយភាពស្មុគស្មា ញ បង្កើនទំនុកចិត្តជូនវិនិយោគិន ដែលកំពុងស្នើសុំចុះបញ្ជី គម្រោងវិនិយោគនៅកម្ពុជា និងអាចអនុវត្តបានពីគ្រប់ទិសទី និងគ្រប់ពេលវេលាតាមប្រព័ន្ធអនឡាញ។
លោកស៊ុន ចាន់ថុលបានបន្តថា ប្រព័ន្ធ cdcIPM ជាសមិទ្ធផលបច្ចេកវិទ្យា ឌីជីថលថ្មីមួយទៀត របស់រាជរ ដ្ឋាភិបាលនៃអាណត្តិទី៧នេះ ដែលត្រូវបានរៀបចំឡើង តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ដើម្បីក្លាយជារដ្ឋាភិបាលឌីជីថល អនុវត្តតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។
រយៈពេល១២ខែ (ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) នៃដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន៣៩១គម្រោង ក្នុងទុនវិនិយោគសរុប ប្រមាណ៧,៥ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារ បានចំនួនប្រមាណ៣៤១ពាន់កន្លែង បើធៀបនឹងរយៈពេល១២ខែចុងក្រោយ នីតិកាលទី៦ នៃរាជរដ្ឋាភិបាល ការអនុម័តគម្រោងវិនិយោគ មានការកើនឡើង ១៦៨គម្រោង ស្មើនឹងប្រមាណ៧៥% ក្នុងទុនវិនិយោគកើនឡើងជាង៤,៦៧២លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៦១%៕
