ដោយ: គង់ លាងហួរ
អន្តរជាតិ: លោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានអះអាងថា ប្រទេសចិនមិនអាចបន្តពឹងផ្អែកលើការនាំចេញដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួនបានទៀតនោះទេ លុះត្រាតែចិនងាកឆ្ពោះទៅរកគម្រូសេដ្ឋកិច្ច ដែលជំរុញដោយអ្នកប្រើប្រាស់។
លោកស្រី Georgieva បានថ្លែងប្រាប់សារពត៌មាន Reuters នៅក្នុងបទសម្ភាសន៍មួយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនអាចធ្លាក់ចុះមកនៅក្រោម៤% ក្នុងរយៈពេលមធ្យម ប្រសិនបើចិនបន្តដើរនៅលើផ្លូវបច្ចុប្បន្នរបស់ខ្លួន។តួលេខនៃកំណើននេះជាកម្រិតមួយដ៏ទាប ដែលនឹងបង្កការលំបាកដល់ប្រទេសចិន និងទស្សនៈក្នុងសង្គម។
ភាពតានតឹងផ្នែកពាណិជ្ជកម្មជុំវិញបញ្ហាលំហូរទំនិញថោកៗចេញពីប្រទេសចិននឹងក្លាយជាប្រធានបទដ៏ក្តៅ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិ IMF និងធនាគារពិភពលោកនៅទីក្រុងវ៉ាស៊ីនតោន។ លោកស្រី Georgieva បានអះអាងថា កំណើនសេដ្ឋកិច្ចចិនអាចនឹងកើនឡើងក្នុងអត្រាកាន់តែខ្ពស់ ប្រសិនបើចិនធ្វើការផ្លាស់ប្តូរដើម្បីផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ឱ្យចំណាយប្រាក់កាន់តែច្រើន។
-->
លោកស្រី Georgieva បានអះអាងថា “ប្រទេសចិនបានដើរដល់ផ្លូវបំបែកហើយ។ ដូច្នេះចិនត្រូវសម្រេចចិត្តថា តើខ្លួនគួរដើរលើផ្លូវមួយណា?។ ប្រសិនបើចិនបន្តដើរលើផ្លូវបច្ចុប្បន្ន ដោយនៅតែពឹងផ្អែកលើការនាំចេញ នោះប្រាកដជានឹងមានបញ្ហា ដោយសារតែសេដ្ឋកិច្ចចិនបានរីកចម្រើនដល់ចំណុចមួយ ដែលការនាំចេញទំនិញរបស់ចិនមិនមែនជារឿង ឬចំណែកដ៏តូចនៅក្នុងទំហំពាណិជ្ជកម្មរបស់ពិភពលោកដូចកាលពីមុនទៀតនោះទេ”។
លោកស្រី Georgieva បានលើកទឹកចិត្តថា ការប្រកាសដាក់ចេញផែនការជំរុញសារពើពន្ធនាពេលថ្មីៗនេះរបស់ប្រទេសចិនមានទិសដៅត្រឹមត្រូវ ក្នុងគោលបំណងស្តារឡើងវិញនូវទំនុកចិត្តរបស់អ្នកប្រើប្រាស់ ដែលត្រូវបានបំផ្លាញដោយវិបត្តិអចលនទ្រព្យអស់រយៈពេលជាច្រើនឆ្នាំ។
ការដាំក្បាលចុះនៃតម្រូវការប្រើប្រាស់ក្នុងប្រទេសចិន បានបង្វែរទិន្នផលផលិតកម្មជាច្រើនរបស់ចិនទៅជាការនាំចេញ ដែលនាំឱ្យសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសដទៃទៀតបង្កើនរបាំងពន្ធគយដើម្បីការពារកម្មករ និងក្រុមហ៊ុនក្នុងស្រុករបស់ពួកគេ ក្នុងវិស័យនានាដូចជារថយន្តអគ្គិសនីជាដើម។
លោកស្រី Georgieva បានមានប្រសាសន៍ឱ្យដឹងបន្តថា ប្រទេសចិនចាំបាច់ត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើការប្រើប្រាស់ក្នុងស្រុក ជំនួសឱ្យការនាំចេញ។
សេដ្ឋវិទូជាន់ខ្ពស់រូបនេះបានផ្តល់អនុសាសន៍ថា ការកែទម្រង់ដើម្បីជំរុញការប្រើប្រាស់របស់ប្រជាជនចិន រួមមានកំណែទម្រង់ប្រាក់សោធននិវត្តន៍ និងការបង្កើតបណ្តាញសុវត្ថិភាពសង្គម ដើម្បីកាត់បន្ថយការសន្សំប្រាក់ទុកជាមុន ហើយប្រទេសចិនក៏គួរបោះទុនវិនិយោគលើវិស័យសេដ្ឋកិច្ចផ្សេងទៀត រួមទាំងការថែទាំសុខភាព និងការអប់រំ៕ប្រភព: Reuters៕
