ដោយ រ៉ាណេត
ភ្នំពេញ៖ ស្រដៀងគ្នាទៅនឹងតំបន់ជាយក្រុងមួយចំនួន ដែលកំពុងតែមានការអភិវ ឌ្ឍយ៉ាងខ្លាំងផ្នែកសំណង់លំនៅដ្ឋាន តំបន់ទួលពង្រ ស្ថិតក្នុងខ័ណ្ឌដង្កោ នៃភាគ ខាងត្បូងឈៀងខាងជើង នៃរាជធានីភ្នំពេញបាននិងកំពុងទាក់ទាញ អ្នកអភិវឌ្ឍន៍សាងសង់បុរីជាច្រើន។
តំបន់ដែលធ្លាប់តែគ្របសណ្ដប់ទៅដោយបឹងតូចៗ ពោរពេញទៅដោយទឹកនិងស្មៅកក់ នៃតំបន់ផ្សារទួលពង្រ បាននិងកំពុងប្រែក្លាយទៅជាតំបន់លំនៅដ្ឋានយ៉ាងស្អេកស្កះ ដូចជាបុរីមង្គលភ្នំពេញ និងសំណង់ផ្ទះល្វែងជាច្រើន។
អគ្គនាយកបុរីមង្គលភ្នំពេញលោក អាន រ៉ាឌីដែលបានបោះទុនជាច្រើនលានដុល្លារ អភិវឌ្ឍន៍វិស័យលំនៅដ្ឋានកម្រិតមធ្យម នៅតំបន់ខាងលើនេះបានមានប្រសាសន៍ឱ្យដឹងនាព្រឹកថ្ងៃទី២៧ មិនានេះថា ពេលនេះតំបន់ទួលពង្របានក្លាយជាទីតាំងដ៏ប្រសើរ និងស្ថិតក្នុងក្រសែភ្នែកអ្នកអភិវឌ្ឍ ដោយសារតំបន់ទួលពង្រ ដែលស្ថិតនៅក្នុងខណ្ឌដង្កោនានេះ កំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារតែវាមានផ្លូវឆ្លងកាត់ខ្វាត់ខ្វែងច្រើន និងជាបណ្តុំនៃលំនៅដ្ឋាន មានមនុស្សរស់នៅច្រើនអំណោយផលដល់ការប្របកអាជីវកម្ម ដែលកាន់តែផ្តល់ភាពងាយស្រួលក្នុងការអភិវឌ្ឍ ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានបំណង់ចង់រស់នៅ និងវិនិយោគបន្តស្វែងរកចំណេញផងដែរ។
លោកបន្តថា “តំបន់នេះមិនមែនជាតំបន់ឆ្ងាយដាច់ស្រយ៉ាលនោះទេ ផ្ទុយទៅវិញ វាកាន់តែទាក់ទាញអ្នកវិនិយោគ ឱ្យងាកមកចាប់អារម្មណ៍កាន់តែច្រើនឡើងៗ ជាពិសេសការអភិវឌ្ឍលើវិស័យសំណង់លំនៅដ្ឋាន”។ លោកបន្តថា “កត្តាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា ងាយស្រួលក្នុងការចេញចូលក្នុងរាជធានីភ្នំពេញ ជាពិសេសឆ្ពោះទៅកាន់ផ្លូវ៦០ម៉ែត្រ ក៏ដូចជាចេញទៅកាន់បណ្តាខេត្តមួយចំនួន តាមផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិ៤ជាដើមបានទាក់ទាញការវិនិយោគនានា”។
គម្រោងអភិវឌ្ឍលំនៅដ្ឋានសុភមង្គល ជាចំណុះរបស់បុរីមង្គលភ្នំពេញ ដែលកំពុងដំណើរការសាងសង់យ៉ាងមមាញឹកនាពេលនេះ ត្រូវបានលោកអាន រ៉ាឌី ប្រាប់ឱ្យដឹងថា លំនៅដ្ឋានស្ថិតនៅក្នុងគម្រោងទី៧នេះ មានសរុបជិត ៤០០ ខ្នង ជាប្រភេទវីឡាកូនកាត់ និងជាប្រភេទផ្ទះអាជីវកម្ម មានតម្លៃចាប់ពី ៧៣,០០០ដុល្លារ រហូតដល់ ២០០,០០០ ដុល្លារ ដែលអាស្រ័យទៅតាមទំហំ និងទីតាំងលំនៅដ្ឋាន ហើយគ្រប់អតិថិជនទាំងអស់សុទ្ធតែមានឱកាសទទួលបានចំណេញពីការទិញនៅថ្ងៃខាងមុខទាំងអស់គ្នា។
អតិថិជនចាប់អារម្មណ៍ទិញលំនៅដ្ឋានក្នុងបុរីនេះ អាចទំនាក់ទំនងតាមរយៈលេខទូស័ព្ទ ០៩៥ ៣០ ៤០ ៥០ / ០៩៨ ៣០ ៤០ ៥០។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា វាមិនមានអ្វីចម្លែកនោះទេ ដែលការអភិវឌ្ឍបានរីករាលដាលដល់តំបន់ជាយក្រុង ដោយសារតែតំបន់ជាយក្រុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋកាន់តែល្អប្រសើរ ពិសេសតម្លៃដីធ្លីមានភាពសមរម្យនៅឡើយ ដែលអ្នកវិនិយោគអាចស្វែងរកផលចំណេញបាន។
លោកបន្តថា “តំបន់ទួលពង្របានក៏ដូចជាតំបន់ដទៃទៀត កំពុងមានការរីកចម្រើនខ្លាំង ដោយសារកត្តាតង់ស៊ីតេប្រជាពលរដ្ឋ និងកំនើននៃការអភិវឌ្ឍពីក្រុមហ៊ុនជាតិ អន្តរជាតិ ពិសេសជាតំបន់មានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ ចូលមកកណ្តាលក្រុងយ៉ាងល្អប្រសើរ”៕