ដោយ វុត្ថា
ប៉េកាំង៖ តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងប៉េកាំងបានធ្លាក់ចុះចំនួន ១០ ភាគរយក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ បន្ទាប់ពីអជ្ញាធរក្រុងបានប្រកាសពីការទប់ស្កាត់ការទិញអចលនទ្រព្យកាលពីឆ្នាំ ២០១៧ ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Asia Times កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ទំហំនៃការលក់លំនៅដ្ឋានថ្មីនៅក្នុងទីក្រុងប៉េកាំង បានធ្លាក់ចុះរហូតដល់ ៥០,៨៤៣ យូនីត បើធៀបពីមុនមានចំនួន ៩២,២០១៧ យូនីតចាប់ពីថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០១៥ ដល់ថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០១៧ ខណៈពេលដែលបរិមាណនៃការលក់ផ្ទះបានធ្លាក់ចុះប្រហែល ៥០% ។
សារព័ត៌មាននេះបន្តថា តម្លៃលក់ជាមធ្យមសម្រាប់លំនៅដ្ឋានគេប្រើប្រាស់រួចមានតម្លៃចំនួន ៥៩,៨៩៨ យ័ន ស្មើនឹង ៨,៩២០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំ ២០១៩ នេះ ពោលធ្លាក់ចុះ ១១,៣% ពីកម្រិតដែលបានឃើញកាលពីខែមីនាឆ្នាំ ២០១៧ កន្លងមកនេះ។
អជ្ញាធរក្រុងប៉េងកាំង បានដាក់ចេញនូវគោលនយោបាយចំពោះការទប់ស្កាត់នៃការទិញអចលនទ្រព្យជាកញ្ចប់ដែលតម្រូវឱ្យអ្នកទិញបង់ប្រាក់ ៦០% ជាការបង់រំលោះសម្រាប់ផ្ទះទីពីររបស់ពួកគេហើយកាត់បន្ថយរយៈពេលអតិបរមារហូតដល់ ២៥ ឆ្នាំពី ៣០ ឆ្នាំ។
លោក Zhang Dawei ប្រធានអ្នកវិភាគអចលនទ្រព្យប្រចាំក្រុមហ៊ុន Centaline Property បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យទីក្រុងប៉េកាំងបានឈានដល់កម្រិតទាប។ លោកបានបន្ថែមថាអ្នកលក់មានលក្ខណៈសមហេតុផលច្រើន និងត្រូវការពេលវេលាគ្រប់គ្រាន់ក្នុងការបញ្ចប់កិច្ចព្រមព្រៀងមួយកាន់តែយូរ។
អ្នកវិភាគផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន Anjuke លោក Li Zhen បាននិយាយថា រដ្ឋាភិបាលនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីរក្សាតម្លៃដីឱ្យមានស្ថេរភាពព្រមទាំងតម្លៃផ្ទះនិងការរំពឹងទុកចំពោះទីផ្សារ។ លោករំពឹងថាតម្លៃផ្ទះនៅទីក្រុងប៉េកាំងនឹងរក្សានៅកម្រិតមធ្យមក្នុងឆ្នាំនេះ៕