ដោយ រ៉ាណេត
ភ្នំពេញ៖ អភិបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ ដោយសម្ដែងពីសុទិដ្ឋិនិយមថា នៅក្នុងរយៈពេល៣-៥ឆ្នាំខាងមុខ ប្រជាពលរដ្ឋនឹងចូលទៅរស់នៅក្នុងទីរួមខេត្តត្បូងឃ្មុំរាប់ម៉ឺននាក់ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនកាន់តែច្រើន កំពុងចូលមកវិនិយោគក្នុងខេត្តមួយនេះ។

-->
លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះមានក្រុមនហ៊ុនចន្លោះពី៣០ទៅ៤០ កំពុងតែចូលមកវិនិយោគនៅក្នុងខេត្តថ្មីនេះ ដែលភាគច្រើនជាក្រុមហ៊ុនពុះដីឡូតិ៍លក់ និងមានការសាងសង់បុរីផងដែរ ដែលវាជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍ និងទាក់ទាញប្រជាពលរដ្ឋ ឱ្យងាកមកចាប់អារម្មណ៍ចូលមករស់នៅកាន់តែច្រើន។ លោកបន្តថា អាជ្ញាធរខេត្តក៏បាន និងកំពុងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាបណ្តាញផ្លូវថ្នល់ សួនច្បារ ទីសាធារណៈ នៅក្នុងខេត្តឱ្យកាន់តែស្រស់បំព្រង ដើម្បីលើកកម្ពស់សោភ័ណភាពរបស់ទីក្រុង ក៏ដូចជាទីរួមខេត្តទាំងមូលឱ្យមានការទាក់ទាញ និងជាទីចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋមកកាន់ខេត្តមួយនេះ។
លោកបណ្ឌិតបេងហុង សុជាតិខេមរ៉ូអគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន និងជាអ្នករៀបចំប្លង់គោលទីក្រុងនេះបានធ្លាប់មានប្រសាសន៍ថា ទីរួមខេត្តនេះមានលក្ខណៈពិសេស ហើយនាពេលអនាគតទីក្រុងនេះ នឹងមានមនុស្សរស់នៅកាន់តែច្រើន ដោយសារទីក្រុងនេះនឹងពង្រីកការតភ្ជាប់ជាមួយក្រុងសួងនាពេលអនាគត ជាមួយទីរួមស្រុកពញ្ញាក្រែកដែលនៅក្បែរនោះ។លោកបន្តថា ហេដ្ឋារចនាសម្ព័ន្ឋក្នុងទីក្រុងនេះ ត្រូវបានរៀបចំមានលក្ខណៈពិសេស ដោយមានការបែងចែងរវាងទឹកកខ្វក់ និងទឹកភ្លៀងដាច់ពីគ្នា។
លោកបន្តថា “ខេត្តនេះ នឹងជាតំបន់សម្រាប់ស្តុកផលិតផលកសិឧស្សាហកម្ម ដោយសារខេត្តនៅជុំវិញនេះ ជាតំបន់មានសក្តានុពលលើដំណាំកសិឧស្សាហកម្ម ហេតុនេះខេត្តនេះនឹងក្លាយជាមជ្ឈមណ្ឌលកណ្តាលសម្រាប់តំបន់ភូមិភាគឦសាន្ត”។ លោកបន្តថា “នាពេលអនាគត ខេត្តនេះនឹងមានខ្សែរថភ្លើងឆ្លងកាត់ពីប្រទេសចិន តាមរយៈគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវ១ផងដែរ”។
នាយកផ្នែកលក់គម្រោងដីឡូតិ៍ អាណាចក្ររុងរឿង ខេត្តត្បូងឃ្មុំលោក សឿន ចាន់ថុនបានមានប្រសាសន៍ឱ្យដឹងផងដែរថា ស្របទៅនឹងភាពមមាញឹករបស់អាជ្ញាធរខេត្តដែលបាន និងកំពុងខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំងថ្ងៃ ទាំងយប់ ជាក់ស្ដែងដូចជាសកម្មភាពនៃការសម្រុកសាងសង់មន្ទីរពេទ្យមិត្តភាព កម្ពុជា- ចិន ត្បូងឃ្មុំ ក៏ដូចជាសាលារៀន វិទ្យាល័យប្រចាំនៅក្នុងខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងផ្តល់ភាពងាយស្រួលលើផ្នែកសេវាសាធារណៈក្នុងតំបន់នោះ ងាកមកវិស័យអចលនទ្រព្យនៅក្នុងខេត្តថ្មីមួយននេះ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។
លោកបន្តថា ជាក់ស្ដែងនៅក្នុងរយៈពេលខ្លីនៃដើមឆ្នាំ២០១៩នេះ ក្រុមហ៊ុនគម្រោងដីឡូតិ៍ អាណាចក្ររុងរឿង ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដែលក្រៅពីលក់អស់១០០ភាគរយ ទៅលើគម្រោងទី១ និងកំពុងលក់បញ្ចប់គម្រោងទី២ ក្រុមហ៊ុនបាននិងកំពុងតែដំណើរការគម្រោងទី៣ ដែលត្រឹមតែរយៈជាងមួយខែយើងលក់បានរហូតដល់ជាង៦០ភាគរយរួមទៅហើយ។
លោកបន្តថា “ខ្ញុំជឿថាមិនយូរទៀតទេគម្រោងទី៤ របស់អាណាចក្ររុងរឿងនឹងចាប់ផ្តើមដំណើរការលក់បន្ត ខណៈដែលពេលនេះក្រុមហ៊ុនកំពុងតែចាក់ដីបំពេញ និងធ្វើផ្លូវមេ ដែលមានទទឹងទំហំ១៦ម៉ែត្រ រួមជាមួយផ្លូវខាងក្នុង១៤ម៉ែត្រ ភ្ជាប់ជាមួយការរៀបចំបណ្តាញបង្ហូរទឹកបណ្តាញទឹកស្អាត និងបណ្តាញអគ្គិសនី ជាមួយនឹងតម្លៃចាប់ពី៤៣០០ ដុល្លារ រហូតដល់៩៥០០ដុល្លារក្នុងមួយឡូតិ៍”។
លោក សឿន ចាន់ថុន បានបង្ហាញពីភាពជឿជាក់ថា នៅត្រឹមឆ្នាំ ២០២២ ខាងមុខនេះ វិស័យអចលនទ្រព្យនៅខេត្តត្បូងឃ្មុំ នឹងកើនឡើងរហូតគុណនឹង៣ ក្រោយពេលគម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ត្បូងឃ្មុំ និងការសាងសង់វិទ្យាល័យបញ្ចប់ និងសម្ពោធដាក់ឱ្យប្រើជាផ្លូវការ ហើយសម្រាប់អ្នកដែលចាប់អារម្មណ៍ជាមួយគម្រោងដីឡូតិ៍ អាណាចក្ររុងរឿង អាចទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ ០៨៨ ៩១ ៩១ ៧៨៨ ឬ ០១២ ២៣ ១៣ ៤៨៕