ដោយ រ៉ាណេត
ភ្នំពេញ៖ គិតត្រឹមរយៈពេលប្រមាណជា៤ឆ្នាំចុងក្រោយនេះ តម្លៃអចលនទ្រព្យក៏ដូចជាវិស័យដីធ្លីនៅតំបន់ជ្រៃធំ ច្រកព្រំដែនកម្ពុជា វៀតណាម ត្រូវបានអ្នកជំនាញអះអាងថា បានហក់ឡើងថ្លៃខ្លាំងហួសពីការស្មាន ដែលអត្រាកំនើនបានកើនរហូតដល់ប្រមាណ ៣០០ភាគរយ ខណៈដែលព័ត៌មាននៃគម្រោងអភិវឌ្ឍន៍ និងប្លង់គោលរបស់តំបន់នេះបានបញ្ចប់។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ ខេត អឹព្រេហ្សល (KAT APPRAILSAL) អ្នកនាង ចេវ សុឃុន បានប្រាប់តាមរយៈទូរស័ព្ទកាលពីរសៀលថ្ងៃទី២៨ ខែមីនានេះថា បច្ចុប្បន្ននេះទីផ្សារអចលនទ្រព្យនៅតំបន់ជ្រៃធំ ជាពិសេសនៅជិតច្រកព្រំដែន មានតម្លៃថ្លៃស្ទើរមិនគួរឱ្យជឿ ហើយវិស័យហេដ្ឋារចនាសម្ព័ន្ធក៏មានការរីកលូតលាស់ និងអភិវឌ្ឍគួរឱ្យកត់សម្គាល់។ អ្នកនាងបានបន្តទៀតថា ចំពោះដីដែលស្ថិតនៅជាប់ផ្លូវធំ (ផ្លូវលេខ២១) គឺកំពុងតែមានតម្លៃខ្ពស់ ស្ទើរតែមួយគុណនឹងបួន ដូចជាកាលពីប្រមាណ៤ឆ្នាំមុន ដីនៅតំបន់នេះមានតម្លៃត្រឹមជាង១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែសម្រាប់ឆ្នាំ២០១៩ទីតាំងដដែលនេះ គឺមានតម្លៃរហូតដល់ចន្លោះចាប់ពី៤០០ ដុល្លារទៅ៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
ដោយឡែក សម្រាប់ដីដែលនៅផ្លូវតូចៗ ឬនៅផ្លូវខាងក្នុងកាលពី៤ឆ្នាំ មុនមានតម្លៃត្រឹម១០ដុល្លារ ប៉ុន្តែពេលនេះដីតំបន់ដដែលមានតម្លៃចន្លោះពី៦០ទៅ៧០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ហើយចំពោះដីស្រែដែលធ្លាប់មានតម្លៃ៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េកាលពី៤-៥ឆ្នាំមុននោះ ពេលនេះអាចលក់បានរហូតដល់ក្នុងចន្លោះ៤០-៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកនាង ចេវ សុឃុន បានបន្តទៀតថា ហេតុផលដែលធ្វើឱ្យតម្លៃអចលនទ្រព្យនៅតំបន់ឡើងខ្លាំង ក៏ព្រោះតែតំបន់ច្រកជ្រៃធំមានការអភិវឌ្ឍលឿន ដែលវាក្រៅពីជាច្រកចេញចូល និងដឹកជញ្ជូននូវទំនិញរវាងកម្ពុជា -វៀតណាម វាក៏ជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ដែលប្រមូលផ្តុំទៅដោយអ្នកវិនិយោគជាតិ និងអន្តរជាតិផងដែរ។ ជាពិសេសជនជាតិចិន និងម៉ាឡេស៊ី ដែលភាគច្រើនពួកគេផ្តោតសំខាន់ លើការវិនិយោគផ្នែកវិស័យសំណង់ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ មណ្ឌលកម្សាន្ត អាហារដ្ឋាន និងហាងលក់ទំនិញ ហើយក៏មានការវិនិយោគផ្នែករោងចក្រផងដែរ ។

ក្រៅពីនេះតំបន់នេះ ក៏មានអំណោយផលក្នុងការប្រកបមុខជំនួញ ជាពិសេស ផ្នែកដឹកជញ្ជូន ព្រោះពីច្រកជ្រៃធំឆ្ពោះមកកាន់រាជធានីភ្នំពេញ មានចម្ងាយប្រមាណជាង៥០ គីឡូម៉ែត្រ ជិតជាងច្រកបាវិតដែលស្ថិតនៅខេត្តស្វាយរៀង ហើយផ្លូវធ្វើដឹកជញ្ជូនក៏ធំទូលាយ ទាំងអស់នេះជាចំណុចមួយដែលជំរុញឱ្យចរន្តនៃតម្លៃដីធ្លីមានការកើនឡើង។
ទោះជាបែបនេះក្ដី អ្នកជំនាញអចលនទ្រព្យកម្ពុជារូបនេះបានឱ្យដឹងថា តម្លៃខាងលើនេះ នៅមិនទាន់ឈានដល់តំណាក់កាលកំពូលនៅឡើយនោះទេ ដរាបណាគម្រោងអភិវឌ្ឍក្នុងតំបន់នៅតែមាន តម្លៃនៃវិស័យអចលនទ្រព្យនៅតែបន្តកើនឡើង ឬអាចមានតម្លៃប្រហាក់ប្រហែល នឹងតំបន់ច្រកព្រំដែនអន្តរជាតិក្រុងបាវិតក៏អាចថាបាននាពេលអនាគត។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់ដែលបានចុះទៅកាន់តំបន់នេះ កាលពីពេលថ្មីៗនេះបានឱ្យដឹងផងដែរថា សកម្មភាពនៃការអភិវឌ្ឍបាន និងកំពុងចាប់ផ្តើមខ្លាំងនៅតំបន់ច្រកទ្វារអន្តរជាតិនេះ ពិសេសកំនើនវិនិយោគរបស់ជនជាតិចិន ដោយចិនបានចាប់យកតំបន់ចំនួន៥នៅកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៍ មានដូចជា ក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត ក្រុងបាវិត និងតំបន់ជ្រៃធំជាដើម។

លោកបន្តថា “ចរន្តនិងសកម្មភាពអភិវឌ្ឍន៍នៅតំបន់នេះ ទើបចាប់ផ្តើមប៉ុណ្ណោះ ប៉ុន្តែតម្លៃដីបានហក់ឡើងខ្ពស់លើសការរំពឹងទុកបែបនេះ ក៏អាចជាផ្នែកមួយរារាំងដល់ការអភិវឌ្ឍផងដែរ”។ លោកបន្តថា “ទោះជាយ៉ាងណាខ្ញុំនៅតែមានសុទិដ្ឋិនិយមចំពោះតំបន់នេះ ដោយសារវាជាច្រកទ្វារអន្តរជាតិ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ពិសេសងាយតភ្ជាប់ជាមួយរាជធានីភ្នំពេញ”៕






