ដោយ: គង់ លាងហួរ
អន្តរជាតិ: មហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិច្រើនបំផុតទី២នៅប្រទេសឥណ្ឌា លោក Gautam Adani គ្រោងបោះទុនវិនិយោគចំនួន៣ពាន់លានដុល្លារអាមេរិក ដើម្បីប្រែក្លាយតំបន់អនាធិបតេយ្យនៅក្នុងទីក្រុងបុមបៃឱ្យមានមុខមាត់ថ្មី។ប៉ុន្តែ គម្រោងនេះជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន។

គ្របដណ្តប់លើផ្ទៃដី២៤០ហិកតា តំបន់ Dharavi ត្រូវបានគេស្គាល់ថា ជាតំបន់អនាធិបតេយ្យដ៏ធំបំផុតក្នុងប្រទេសឥណ្ឌា។ តំបន់ Dharavi មានទីតាំងស្ថិតនៅទីក្រុងបុមបៃ ដែលមានមនុស្សរស់នៅចំនួនមួយលាននាក់ និងអាជីវកម្ម និងរោងចក្រប្រមាណ២០.០០០កន្លែង។
-->
ស្របពេលដែលការវិនិយោគអចលនទ្រព្យបានកើនឡើងនៅទូទាំងប្រទេសឥណ្ឌា តំបន់ Dharavi ត្រូវបានគេចាត់ទុកថា ជាកំណប់មាស ដោយសារតែតំបន់នេះមានផ្ទៃដីធំ ដែលមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងបុមបៃ។

តំបន់នេះមានចម្ងាយតិចជាង១០គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិ ដែលតភ្ជាប់ដោយរថភ្លើងចំនួនពីរខ្សែ ហើយមានទីតាំងនៅជាប់នឹងតំបន់ពាណិជ្ជកម្មដ៏ធំបំផុត របស់ពិភពលោក “Bandra-Kurla” ដែលជាបណ្តុំនៃអគារធនាគារ ក្រុមហ៊ុនបច្ចេកវិទ្យា សណ្ឋាគារប្រណីត និងភោជនីយដ្ឋានធំៗ។
កាលពីឆ្នាំមុន ក្រុមហ៊ុន Adani Group របស់លោកមហាសេដ្ឋី Gautam Adani បានឈ្នះការដេញថ្លៃ ដើម្បីសាងសង់តំបន់ Dharavi ឡើងវិញ។ លោកជាមហាសេដ្ឋីធំបំផុតលំដាប់លេខ២ ទាំងនៅប្រទេសឥណ្ឌា និងនៅទ្វីបអាស៊ី។

ក្រុមហ៊ុន Adani Group បានជួលលោក Hafeez Contractor ដែលជាស្ថាបត្យករដ៏ល្បីឈ្មោះមួយរូប និងក្រុមហ៊ុន Sasaki របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន Burro Happold របស់អង់គ្លេស ដើម្បីរៀបចំផែនការមេ។
ក្រុមហ៊ុនរំពឹងថា តំបន់អនាធិបតេយ្យនេះ នឹងក្លាយជាតំបន់ទីក្រុងទំនើប ដែលមានអគារផ្ទះល្វែង ការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្ម សាលារៀន និងមន្ទីរពេទ្យ។

គម្រោងស្ថាបនាតំបន់ទីក្រុងនេះគ្រោងបញ្ចប់រួចរាល់ក្នុងរយៈពេល៧ឆ្នាំ។ គម្រោងដំណាក់ដំបូងបានចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២៤ តាមរយៈការស្ទង់មតិដើម្បីកំណត់ចំនួនគ្រួសារ ដែលទទួលបានសិទ្ធិសម្រាប់ការតាំងទីលំនៅថ្មីនៅនឹងកន្លែង។ ទោះជាយ៉ាងណាក្តី បញ្ហាប្រឈមជាបន្តបន្ទាប់កំពុងលេចចេញឡើង។
តំបន់ Dharavi មានដង់ស៊ីតេប្រជាជនប្រមាណ៣៥៤.១៦៧នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ យោងតាមផែនការ បានឱ្យដឹងថា ប្រជាជនដែលរស់នៅទីនេះមុនឆ្នាំ២០០០ ទើបអាចតាំងទីលំនៅថ្មីនៅនឹងកន្លែងដោយមិនគិតថ្លៃ។

លោក Katke ដែលជាមេធាវីកើតនៅតំបន់អនាធិបតេយ្យបានជំទាស់នឹងលក្ខណៈវិនិច្ឆ័យសិទ្ធិ ដែលត្រូវបានសម្រេចដោយឯកតោភាគីខាងលើ។ មេធាវីរូបនេះបានថ្លែងប្រាប់កាសែត Le Monde ថា “យើងទាមទារថា អ្នកស្រុក១០០ភាគរយត្រូវតែទទួលបានសិទ្ធិតាំងទីលំនៅនៅនឹងកន្លែងក្នុងលក្ខខណ្ឌល្អប្រសើរជាងមុន”។
ដើម្បីដោះស្រាយបញ្ហានេះ នៅក្នុងខែកញ្ញា រដ្ឋបាលរដ្ឋ Maharashtra បានផ្តល់ដីចំនួន៣កន្លែងដល់ក្រុមហ៊ុន Adani ដើម្បីផ្លាស់ប្តូរទីលំនៅរបស់អ្នកស្រុកក្នុងតំបន់ Dharavi។
ដីទាំងនោះ រួមបញ្ចូលទាំងដីស្រែអំបិល ដែលមានសារៈសំខាន់ចំពោះប្រព័ន្ធអេកូឡូស៊ីដ៏ផុយស្រួយនៃព្រៃកោងកាងនៅទីក្រុងបុមបៃ រួមជាមួយនឹងដីកខ្វក់ពីកន្លែងចាក់សំរាម។
ទោះជាយ៉ាងណាក្តី ផែនការនេះប្រឈមមុខនឹងការជំទាស់ពីក្រុមអ្នកការពារបរិស្ថាន។ ពួកគេបានប្ដឹងការសម្រេចនេះទៅកាន់តុលាការ។ លោក Jairam Ramesh មេដឹកនាំសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌា បានអះអាងថា អនាគតដ៏យូរអង្វែងរបស់ទីក្រុងបុមបៃកំពុងត្រូវបានបោះបង់។
ក្រុមអ្នកនយោបាយមួយចំនួនបានបង្ហាញការមិនពេញចិត្តចំពោះការផ្តល់អត្ថប្រយោជន៍ច្រើនពេកដល់ក្រុមហ៊ុន Adani Group។ បើតាមក្រុមអ្នកនយោបាយទាំងនេះ ក្រុមហ៊ុន Adani បានឈ្នះកិច្ចសន្យាយ៉ាងងាយស្រួល ដូចជាគម្រោងផ្សេងទៀតជាច្រើនលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ អាកាសយានដ្ឋាន ថាមពល និងការជីកយករ៉ែ ដោយសារក្រុមហ៊ុននេះមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋបាលរដ្ឋ Maharashtra និងលោកនាយករដ្ឋមន្ត្រី Narendra Modi៕ប្រភព: CNN៕