ដោយ រ៉ាណេត
ភ្នំពេញ៖ នៅក្នុងចំណោមខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ខណ្ឌចំនួន៣ រួមមាន ខណ្ឌចម្ការមន ខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ ត្រូវបានអ្នកជំនាញផ្នែកវាយតម្លៃអចលនទ្រព្យលើកឡើងថា មានតម្លៃថ្លៃខ្ពស់ជាងតាមបណ្តាខណ្ឌនានា ហើយនឹងបន្តកើនឡើងនៅពេលខាងមុខនេះទៀត ខណៈដែលតម្រូវការប្រើប្រាស់នៅក្នុងតំបន់ទាំងនេះនៅតែមាន។

-->
នាយកក្រុមហ៊ុន Key Real Estate Co,.Ltd លោក សន សៀបបានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីពេលកន្លងទៅថ្មីៗនេះថា ; បច្ចុប្បន្នតម្លៃនៃអចលនវត្ថុនៅក្នុងខណ្ឌចំនួន៣ កំពុងតែបន្តមានសក្តានុពលរបស់ខ្លួន ដែលក្នុងនោះរួមមានដូចជា ខណ្ឌចម្ការមន ខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង ដែលរដ្ឋាភិបាលទើបតែបង្កើតឡើងកាលពីពេលថ្មីៗនេះ។ ទោះជាយ៉ាងណាលោកបញ្ជាក់បញ្ជាក់ថា ខណ្ឌទាំង៣ដែលបានលើកឡើងខាងលើនេះ មិនមែនមានន័យថា តម្លៃដី ឬតម្លៃអចលនវត្ថុ មានកម្រិតស្មើគ្នានោះទេ ប៉ុន្តែវាមានតំបន់ខ្លះឡើងថ្លៃ ហើយតម្លៃខ្លះនៅរក្សាតម្លៃធម្មតាដូចឆ្នាំកន្លងទៅ។
លោកបន្តថា ខណ្ឌចម្ការមន តំបន់ដែលមានការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគជាតិ អន្តរជាតិ គឺតំបន់កោះពេជ្រ ដែលកំពុងតែមានការរីកចម្រើនខ្លាំង លើការសាសង់សំណង់អាគារពាណិជ្ជកម្មនានាកម្រិតអន្តរជាតិ ហើយក៏ជាតំបន់ដែលមហាជនទូទៅទទួលស្គាល់ថា ជាតំបន់ដែលមានសក្ដានុពលផងដែរ។ នៅតំបន់កោះពេជ្របច្ចុប្បន្នមានតម្លៃក្នុងចន្លោះចាប់ពីជាង ៤០០០-៥០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយនៅប៉ែកម្ខាងទៀតចាប់ពីគល់ស្ពាននាគកោះពេជ្រ មកខាងតំបន់មណ្ឌលកម្សាន្ត NAGA 1 ;NAGA2 ក៏មានតម្លៃប្រហាក់ប្ហែលគ្នានឹងតំបន់កោះពេជ្រផងដែរ។
ចំពោះខណ្ឌបឹងកេងកង ក៏មានតំបន់ខ្លះនៅរក្សាតម្លៃប្រហាក់ប្រហែលឆ្នាំកន្លងទៅដែរ ប៉ុន្តែនៅក្នុងតំបន់សង្កាត់បឹងកេងកង១ អាចមានអត្រាខ្ពស់ជាងគេបន្តិច ដោយសារតែសង្កាត់មួយនេះ ត្រូវបានហ៊ុព័ទ្ធទៅដោយផ្លូវសំខាន់ៗចំនួន រួមមានផ្លូវ ម៉ៅសេងទុង ផ្លូវព្រះមុនីវង្ស ផ្លូវព្រះសីហនុ និងផ្លូវព្រះនរោត្តម។ អាស្រ័យដោយតំបន់នេះ ជាតំបន់សក្ដានុពលអចលនទ្រព្យ ធ្វើឱ្យតម្លៃដីស្ថិតនៅក្នុងចន្លោះចាប់ពី៤៥០០ ទៅ ៥៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬទីតាំងខ្លះអាចខ្ពស់ជាងនេះអាស្រ័យដោយទីតាំងមានតម្រូវការ និងតាមទំហំផងដែរ។
លោក សន សៀប បានបន្តទៀតថា ដោយឡែកខណ្ឌដូនពេញ ដែលស្ថិតនៅតាម រុក្ខវិថិក្រមួនស ដែលជាតំបន់ប្រមូលផ្តុំដោយស្ថាប័នធនាគារឯកទេស ធនាគារពាណិជ្ជ ក៏ដូចជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ជាដើមនោះ បច្ចុប្បន្នដីនៅតំបន់នេះហាក់មានតម្លៃខ្ពស់ជាងគេបន្តិច ពោលគឺគិតជាមធ្យមមានតម្លៃ ក្នុងចន្លោះចាប់ពី៦០០០ ទៅ៧០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕