ការ​ដូរ​ឆ្នាំ​ថ្មី​! សម្តេច​តេជោ​នឹង​អញ្ជើញ​បើក​ឱ្យ​ដំណើរការ​ផ្លូវការ​នូវ​ស្ពាន​ជ្រោយ​ចង្វា​រនៅ​ថ្ងៃស្អែក​នេះ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ នឹង​អញ្ជើញ​កាត់​ខ្សែ​បូរ​ បើក​ឱ្យ​ដំណើរការ​ផ្លូវការ​នូវ​ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​(ស្ពាន​ជ្រោយ​ចង្វារទី​ ១) នៅ​ថ្ងៃស្អែក​នេះ​ ដើម្បី​ជា​ការ​ដូ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើដំណើរ​ឆ្លងកាត់​ ទៅកាន់​ស្រុក​ដំណើ​តដោយ​ពុំ​មានការ​កកស្ទះ​ចរាចរណ៍​។

សម្តេច​តេជោ​ នៅក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តកំពត​ សាងសង់​ឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ នៅ​ថ្ងៃទី២​ ខែមេសា​ ឆ្នាំ២០១៩នេះ​ ដោយ​សម្តេច​បាន​សម្តែង​ការ​អបអរសាទរ​ ចំពោះ​សមិទ្ធិ​ផល​ស្ពាន​ជ្រោយ​ចង្វា​រទី១​ ដែល​ត្រូវ​បាន​កែ​លម្អ​ និង​ជុស​ជុល​ហើយ​ នឹង​ត្រូវ​បើក​ឱ្យ​ដំណើរការ​នៅ​ថ្ងៃស្អែក​នេះ​ផង​ដែរ​។

សម្តេច​តេជោ​ក៏​អរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ផង​ដែរ​ ដែល​បាន​ជួយ​ជួសជុល​ ក៏ដូចជា​កសាង​ថ្មី​ផង​ដែរ​នូវ​ស្ពាន​ជ្រោយ​ចង្វា​រនេះ​ សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ឡើងវិញ​ ជាពិសេស​មុន​ឱកាស​មុន​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខ​។

សម្តេច​បន្ត​ថា​ “ខ្ញុំ​នឹង​កាត់ខ្សែបូ​រដឹក​នាំ​ប្រជាពលរដ្ឋ​ ដើរ​ឆ្លងកាត់​ស្ពាន​នេះ​ ដោយ​ថ្មើរជើង​ ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង​ទៀត​”។

ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​ ឬស្ពាន​ជ្រោយ​ចង្វា​រទី១មាន​ប្រវែង៩៧១មែ​ត្រ​ ទទឹង១៣ម៉ែត្រ​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦​A ក្នុង​ភូមិសាស្ត្រ​ទឹកដី​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​សាងសង់​ និង​សម្ភោ​ធឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ១៩៦៣​ ក្រោម​ហិរញ្ញប្បទាន​ឥត​ សំណង​របស់​ប្រទេស​ជប៉ុន​។

ស្ពាន​នេះ​ត្រូវ​បាន​ខូចខាត​ដោយ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ និង​ត្រូវ​បាន​សាងសង់​ឡើងវិញ​នៅ​ឆ្នាំ១៩៩២​ ដោយ​ប្រទេស​ជប៉ុន​ ហើយ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅជា​ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​ ដោយ​ព្រះ​មហា​វិរៈ​ក្សត្រ​ សម្ដេចព្រះ​បាទ​ព្រះ​បរម​រតន​កោដ្ឋ​ នរោត្ដម​ សីហនុ​។

ដោយសារ​ស្ពាន​នេះ​មាន​អាយុកាល​ដ៏​ចំណាស់​ ហើយ​ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​ និង​រំហូរ​ចរាចរណ៍​ កើនឡើង​ជាលំដាប់​ ស្ពាន​នេះ​តម្រូវ​ឱ្យ​មានការ​ជួសជុល​ឡើងវិញ​ជាបន្ទាន់​ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ៣០លាន​ដុល្លារ​អាមេរិក​ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ដែល​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០១៧​៕

LEAVE A REPLY

Please enter your comment!
Please enter your name here