ដោយ រ៉ាណេត
ភ្នំពេញ៖ ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នាពេបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា អ្នកវិនិយោគភាគច្រើនជាជនជាតិចិន ដែលបាននិងកំពុងដើរតួឈានមុខគេជាពិសេសនៅក្នុងវិស័យខុនដូតែម្ដង។
ហេតុផលដែលធ្វើឱ្យជនជាតិចិនទាំងនោះ ងាកមកចាប់អារម្មណ៍វិនិយោគត្រូវបានអ្នកជំនាញក្នុងវិស័យនេះ អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បញ្ជាក់ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី៣ មេសានេះថា មានហេតុផលសដំខាន់ចំនួន៤ ដែលធ្វើឱ្យជនជាតិចិនសម្រុកមកវិនិយោគនៅកម្ពុជា ដូចជា ទី១ ទីផ្សារវិនិយោគនៅកម្ពុជា នៅមានភាពទូលាយច្រើនខុនពីប្រទេសចិន។ នៅប្រទេសចិនតម្លៃអចលនទ្រព្យគឺមានតម្លៃថ្លៃស្ទើរតែ១ គុណនឹង១០ បើប្រៀបធៀបមកស្រុកខ្មែរ ហើយការប្រកួតប្រជែងនៅលើទីផ្សារមានភាពចង្អៀតខ្លាំង។
-->
ទី២ រាល់ការខ្ចីប្រាក់ពីធនាគារនៅប្រទេសចិន គឺមានអត្រាការប្រាក់ទាប ក្នុងរង្វង់ប្រមាណ១,៤ ឬ២ ភាគរយក្នុងមួយឆ្នាំ ដែលផ្តល់លទ្ធភាពដល់អតិថិជនរបសខ្លួនក្នុងការខ្ចីដើម្បីធ្វើការវិនិយោគបន្ត ហើយវាក៏ជាឱកាសសម្រាប់ជនជាតិចិនទាំងនោះក្នុងការវិនិយោគ និងទទួលបានប្រាក់ចំណេញត្រឡប់ទៅវិញ។ ទី៣ ដោយសារតែនៅប្រទេសកម្ពុជា តម្លៃអចលនទ្រព្យមានកម្រិតទាប បើធៀបជាមួយនឹងប្រទេសចិន ដូចជា នៅទីក្រុងសៀងហៃ ឬទីក្រុងម៉ាកាវជាដើម តម្លៃខុនដូ ១Unit ជាទូទៅអាចមានតម្លៃចាប់ពី១លានដុល្លារឡើងទៅ ខណៈដែលនៅកម្ពុជាត្រឹមតែប្រមាណ១០ម៉ឺនដុល្លារតែប៉ុណ្ណោះ។
ទី៤ ទីផ្សារនៅក្នុងប្រទេសចិន គឺតូចចង្អៀតមានការប្រកួតប្រជែងខ្លាំង ដែលធ្វើឱ្យឱកាសនៃការវិនិយោគ ទទួលបានជោគជ័យមានកម្រិតទាប ដូច្នេះនៅពេលដែលគេសម្លឹងឃើញប្រទេសណាដែលមានទីផ្សារធំទូលាយ ងាយស្រួលក្នុងការប្រជែងគេប្រាកដជាចាប់អារម្មណ៍ ហើយប្រទេសកម្ពុជាក៏មានភាពល្អប្រសើរជាង បណ្តាប្រទេសនានានៅក្នុងតំបន់ផងដែរ។
លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានយល់ស្របទៅនឹងហេតុផលខាងលើនេះ ដោយលោកបានបញ្ជាក់ថា មិនមានអ្វីចម្លែកនោះទេ គេមើលឃើញពីភាពល្អប្រសើរ និងឱកាសអាចទទួលបានចំណេញទើបគេមកវិនិយោគ។ តម្លៃអចលនទ្រព្យនៅក្នុងប្រទេសចិន ថ្លៃជាងបណ្តាប្រទេសមួយចំនួនដែលស្ថិតនៅជិតខាង ក៏ដូចជា បណ្តាប្រទេសដែលនៅក្នុងតំបន់ផងដែរ។ នៅពេលដែលតម្លៃថ្លៃដើមមានអត្រាខ្ពស់ វាគឺជាឧបសគ្គសម្រាប់អ្នកវិនិយោគ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា មានភាពល្អប្រសើរច្រើនសម្រាប់ពួកគេ។

លោកបន្តថា “តម្លៃអចលនទ្រព្យ ក៏ដូចជា តម្លៃខុនដូមានកម្រិតទាបជាងប្រទេសរបស់គេ និងកត្តារួមផ្សំមួយចំនួនទៀត ដូចជា ការលក់មានទីផ្សារល្អ ជាពិសេស ពួកគេក៏អាចមានសិទ្ធិក្នុងការជួលបន្តផងដែរ”។ លោកបន្តថា “ភាពល្អប្រសើរទាំងអស់នេះហើយ ដែលជាកត្តាជម្រុញឱ្យពួកគេងាកមកចាប់អារម្មណ៍ និងវិនិយោគនៅកម្ពុជា”៕