ដោយ នៅ វឌ្ឍនា
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃនឹងអញ្ជើញចូលរួមក្នុងពិធីចាក់បេតុងជានិមិត្តរូបតភ្ជាប់ស្ពាននៃច្រកទ្វារអន្តរជាតិស្ទឹងបត់នាពេលខាងមុខនេះ។នេះបើយោងតាមកិច្ចប្រជុំរបស់រដ្ឋមន្រ្តីដឹកជញ្ជូននៃប្រទេសទាំងពីរ។

ក្នុងកិច្ចប្រជុំរវាងលោក Arkhom Termpittayapaisith រដ្ឋមន្ត្រីដឹកជញ្ជូនថៃ និងលោកស៊ុន ចាន់ថុលទសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពី រសៀលថ្ងៃទី៣ មេសាកន្លងមកនេះ ភាគីទាំងពីរបានផ្តោតការពិភាក្សាលើរបៀបវារៈចំនួនបី រួមមាន ទី១. សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងការដឹកជញ្ជូនតាមផ្លូវដែក រវាងកម្ពុជា-ថៃ ទី២ កិច្ចពិភាក្សា ដើម្បីត្រៀមប្រគល់ទូររថភ្លើងមួយចំនួន មកកម្ពុជា និងទី៣ របៀបវារៈ នៃការរៀបចំពិធីចាក់បេតុង ជានិម្មិតរូបតភ្ជាប់ស្ពាននៃច្រកទ្វារអន្តរជាតិស្ទឹងបត់ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក សាន ស៊ាងហូ អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ច្រកទ្វារអន្តរជាតិស្ទឹងបត់ នឹងបើកដំណើរការនាពេលខាងមុខ ប៉ុន្តែលោកមិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់នៅឡើយទេ ដោយសារផ្នែកខាងទឹកដីកម្ពុជា មិនទាន់បានបញ្ចប់ការសាងសង់ផ្លូវនិងស្ពាននៅឡើយទេ ខណៈប្រទេសថៃបានបញ្ចប់ហេដ្ឋារចនាសម្ព័ន្ឋរបស់ពួកគេរួចហើយ។

លោកបន្តថា “ច្រកទ្វារអន្តរជាតិស្ទឹងបត់ នឹងជំនួសទីតាំងលើកដាក់ទំនិញនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតនាពេលបច្ចុប្បន្ននេះ ហើយច្រកទ្វារបច្ចុប្បន្ននឹងប្រើប្រាស់សំរាប់ការធ្វើដំណើរចេញចូលរបស់ភ្ញៀវក្នុងស្រុក និងភ្ញៀវទេសចរណ៍អន្តរជាតិប៉ុណ្ណោះ”៕






