ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុងប៉ោយប៉ែតបាន និងកំពុងជួបវិបត្តិខ្វះអាគារសម្រាប់ជួលធ្វើការងារ និងកន្លែងស្នាក់នៅ ដោយសារកំនើននៃការវិនិយោគរបស់ជនជាតិចិន និងជនបរទេសដទៃទៀតកាន់តែច្រើន។

លោកសួង សុខហ៊ាងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Fourth Stars Plus Four ដែលមានគំរោងវិនិយោគជាច្រើននៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី៤ មេសានេះថា បច្ចុប្បន្នក្រុងប៉ោយប៉ែតកំពុងជួបប្រទះបន្ទប់ជួល និងបន្ទប់ស្នាក់នៅនានាយ៉ាងខ្លាំង ដែលធ្វើឲ្យតម្លៃបន្ទប់ជួលទំហំ៤គុណនឹង៦ម៉ែត្រ បានកើនពីតម្លៃ២០០០បាត ដល់១២០០០បាត។
លោកបន្តថា “តម្លៃដីធ្លីមិនកើនដូចនៅក្រុងព្រះសីហនុទេ តែតម្លៃបន្ទប់ជួលបានកើនឡើងជាងក្រុងព្រះសីហនុ ហេតុនេះខ្ញុំអំពាវនាវឲ្យអ្នកវិនិយោគជាតិ អន្តរជាតិចូលមកវិនិយោគនៅទីក្រុងនេះឲ្យបានច្រើន”។ លោកបន្តថា “បច្ចុប្បន្នជនជាតិចិនដែលបានមកវិនិយោគ និងធ្វើការនៅក្រុងប៉ោយប៉ែត បានចេញទៅរកផ្ទះជួលចម្ងាយ១០ទៅ១៥គីឡូម៉ែត្រពីក្រុងប៉ោយប៉ែត ដោយសារតែគ្មានជម្រើស”។
លោកសួង សុខហ៊ាងបានបន្តថា អ្នកមានផ្ទះល្វែងជួលកាលពីមុនជួលបាន១៥០ដុល្លារក្នុងមួយខែ តែបច្ចុប្បន្នជួលបានតម្លៃចន្លោះ១០០០ទៅ១៥០០ដុល្លារក្នុងមួយខែ។ វាដល់ពេលអាសន្នសំរាប់បញ្ហាកង្វះបន្ទប់ជួលហើយ។ បច្ចុប្បន្នវាអស់ជម្រើសហើយ ហេតុនេះអ្នកវិនិយោគជាតិ អន្តរជាតិគួរមកវិនិយោគនៅទីក្រុងនេះ។
លោកបន្តថា បើនៅក្រុងសៀមរាប និងក្រុងប៉ោយប៉ែតបើវិនិយោគតម្លៃទឹកប្រាក់ដូចគ្នា នៅក្រុងសៀមរាបអាចបានប្រាក់ ៤០០០ ទៅ ៥០០០ដុល្លារ តែបើវិនិយោគអាគារជួលបាន៧០ទៅ៨០បន្ទប់អាចរកចំណូលបានចន្លោះពី៥០,០០0 ទៅ ៦០,០០០ដុល្លារអាមេរិក។
អភិបាលក្រុងប៉ោយប៉ែត លោកសាន ស៊ាងហូបានមានប្រសាសន៍ដោយទទួលស្គាល់នូវបញ្ហានេះ ដោយលោកបានមានប្រសាសន៍ថា បច្ចុប្បន្នក្រុងប៉ោយប៉ែតមានជនបរទេសចម្រុះជាតិសាសន៍ ពិសេសអ្នកវិនិយោគចិនប្រមាណ ៤០,០០០នាក់ និងប្រជាជនក្នុងស្រុកប្រមាណ១២០,០០០នាក់ ដែលបាននិងកំពុងស្នាក់នៅក្នុងទីក្រុងនេះ។ ពិសេសទីក្រុងនេះ កំពុងទទួលបានកំនើនប្រជាសាស្រ្តជាប្រចាំ ដែលធ្វើឲ្យតម្លៃបន្ទប់ស្នាក់នៅ និងអចលនទ្រព្យកើនឡើងជាប្រចាំផងដែរ៕






