អ្នកជំនាញ​ថា​តំបន់​ខាង​ជើង​ឈៀង​ខាងលិច​រាជធានី​ភ្នំពេញ​កំពុង​មាន​ភាព​ទាក់​ទាញ​ខ្លាំង​

0

ដោយ​ រ៉ា​ណេត​

ភ្នំពេញ​៖ តំបន់​ខាង​ជើង​ឈៀង​ខាងលិច​រាជធានី​ភ្នំពេញ​ ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌ​សែនសុខ​ នា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​អ្នកជំនាញ​ និង​វិនិយោគ​ក្នុង​វិស័យ​នេះ​អះអាង​ថា​ កំពុង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ខណៈ​ដែល​វិស័យ​សំណង់​នៅ​តំបន់​នេះ​ក៏​កំពុង​មាន​ភាព​រីកចម្រើន​យ៉ាង​គំហុក​។

នាយិកា​ក្រុមហ៊ុន​ Amatak​ Property​ Service​ លោកស្រី​ តាំង​ ហួរ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី៤​ មេសា​នេះ​ នៅក្នុងចំណោម​តំបន់​ជាយ​រាជធានី​ភ្នំពេញ​ ខណ្ឌ​សែនសុខ​ បាន​និង​កំពុង​បង្ហាញ​ពី​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​ ជាពិសេស​ចាប់ពី​តំបន់​ក្បែរ​ផ្សារ​ទំនើប​ AEON​ 2 និង​ផ្សារ​ Makro​ រហូត​ធ្លាយ​ទៅដល់​តំបន់​ទំនប់​កប់​ស្រូវ​។ លោក​កស្រី​បាន​បន្ត​ថា​ នៅ​តំបន់​នេះ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដែល​នៅ​ថ្ងៃខាងមុខ​វា​អាច​នឹង​ក្លាយទៅជា​ទីក្រុង​ថ្មី​មួយទៀត​ ដោយមាន​ផ្សារ​ទំនើប AEON​2 ផ្សារ​ Makro​ បុ​រី​ធំៗ​ ក៏ដូចជា​មណ្ឌល​ពាណិជ្ជកម្ម​មួយចំនួន​ បាន​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​រួចជាស្រេច​ ហើយក៏​មាន​មនុស្ស​កំពុងតែ​ចាប់អារម្មណ៍​ទៅ​រស់នៅ​ច្រើន​ដែរ​។

លោកស្រី​បន្ត​ថា​ “ភាព​ទាក់ទាញ​ទាំងនេះ​ បាន​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅ​ប៉ែក​ខាង​ជើង​ឈៀង​ខាងលិច​មួយ​នេះ​ មានការ​កើនឡើង​ជាបន្តបន្ទាប់​ ដែល​ជាទូទៅ​ស្ថិតនៅ​ក្នុង​តម្លៃ​ ជាង២០០០​ដុល្លារ​រក្នុង​មួយ​ម៉ែត្រការ៉េ​”។

ស្រដៀងគ្នា​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ធី​ បានឱ្យ​ដឹង​ថា​ សម្រាប់​តំបន់​ណា​ដែល​មាន​សក្ដានុពល​ ឬយ៉ាងណា​នោះ​ គឺ​ត្រូវ​បែងចែក​ជា២​ ដែល​គិត​រយៈពេល​ខ្លី​ និង​រយៈពេល​វែង​នៅ​ថ្ងៃខាងមុខ​។ លោក​ថា​ រយៈពេល​ខ្លី​ បច្ចុប្បន្ន​នៅ​ទំ​បន់​ផ្លូវជាតិ​ជាយក្រុង​ជាប់​ផ្លូវជាតិ៤​ តំបន់​ AEON​2 គឺ​មាន​ល្អ​ប្រសើរ​ និង​ទាក់ទាញ​ខ្លាំង​ ដោយសារតែ​មាន​ផ្សារ​ទំនើប​ មាន​មណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​រួច​ទៅ​ហើយ​។

ដោយឡែក​សម្រាប់​តំបន់​ ដែល​មាន​សក្ដានុពល​រយៈពេល​វែង​ គឺ​នៅ​តំបន់​តាមផ្លូវ​ជាតិ៦​ ជាពិសេស​ក្រោយពេល​ស្តាត​ពហុកីឡាដ្ឋាន​មរតក​សម្ដេច​តេជោ​ ត្រូវ​បាន​សាងសង់​រួច​ និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ដែល​ធ្វើ​ឱ្យ​មាន​មនុស្ស​ចរាចរណ៍​ច្រើន​។

លោក​បន្ត​ថា ​”តំបន់​ដែល​មាន​មនុស្ស​ចរាចរណ៍​ច្រើន​ គឺ​ជំរុញ​ឱ្យ​មាន​តម្រូវការ​ខ្ពស់​លើ​ផ្នែក​អចលនទ្រព្យ​ ហើយ​ចរន្ត​តម្លៃ​ដី​ក៏​មានការ​ឡើងថ្លៃ​ដោយ​ស្វ័យប្រវត្តិ​”។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ Khmer​ Foundation​ Appraisal​ (KFA​) ក៏បាន​មានប្រសាសន៍​ឱ្យ​ដឹងផង​ដែរ​ថា​ តំបន់​នោះ​បាន​រីកចម្រើន​ និង​អភិវឌ្ឍន៍​រួច​ទៅ​ហើយ​ ប៉ុន្តែ​វា​អាច​នឹង​បន្ត​រាលដាល​រហូតដល់​តំបន់​ជិតខាង​មួយចំនួន​ទៀត​ ដូចជា​នៅ​ប៉ែក​ខាង​សង្កាត់​ក្រាំងធ្នង់​ រហូត​អាច​ដល់​ទំនប់​កប់​ស្រូវ​ ហើយ​មួយ​ប៉ែក​ទៀត​អាច​ធ្លាយ​ទៅ​ខាង​តំបន់​ភ្នំ​ប្រសិ​ទ្ឋ​ ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌ​ព្រែកព្នៅ​ ប៉ុន្តែ​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​ដី​នៅ​លើ​ទីផ្សារ​ គឺ​មិន​ខ្ពស់​ដូច​តំបន់​ដែល​មានការ​អភិវឌ្ឍ​រួចរាល់​នោះ​ទេ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here