ដោយ នៅ វឌ្ឍនា
ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យអន្តរជាតិបានអះអាងថា តម្លៃដីនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែននឹងបន្តកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ ប៉ុន្តែកម្រិតនៃការកើនឡើងមានទំហំតិចតួច ធៀបនឹងឆ្នាំ២០១៨កន្លងមកនេះ។

-->
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងកាលពីល្ងាចថ្ងៃទី៤ មេសាកន្លងមកថា តម្លៃដីនៅតាមផ្លូវ៦០ ម៉ែត្រត្រូវបែងចែកជា ៣ តំបន់ ដោយសារផ្លូវនេះមាន៩គីឡូម៉ែត្រ ដោយបើយើងគិតកំណាត់ទី១ចាប់ពីផ្លូវព្រះមុនីវង្សចំនួន៣គីឡូម៉ែត្រ ស្របតាមបណ្តោយផ្លូវនេះទៅខាងមុខ ដីនៅតំបន់នេះគិតជាមធ្យមានតម្លៃ ១៨០០ដុល្លារ និងចន្លោះពី៣គីឡូម៉ែត្រទៅ៦គីឡូម៉ែត្រ ដីមានតម្លៃ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយចាប់ពីគីឡូម៉ែត្រទី៦ ដល់គីឡូម៉ែត្រទី៩ ទល់នឹងផ្លូវជាតិលេខ២មានតម្លៃ ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកនាងបន្តថា តំបន់ដីនៅលើផ្លូវ៦០ម៉ែត្រនេះ ត្រូវបានគេហៅថា តំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម មានទាំងការិរយាល័យធ្វើការ ផ្សារទំនើប និងលំនៅដ្ឋាន។ តែយ៉ាងណាក៏ដោយតំបន់នេះ មានការកើនឡើងនូវអគារពាណិជ្ជកម្មច្រើន ហើយសម្រាប់លំនៅដ្ឋានគឺមិនសូវមានច្រើននោះទេ ក្រៅពីគម្រោងរបស់ក្រុម ជីបម៉ុង និងប៉េងហួត ដែលកំពុងធ្វើការអភិវឌ្ឍន៍ តែយ៉ាងក៏ដោយតំបន់នេះ ក៏ត្រូវបានលើកទឹចិត្តដល់ការអភិវឌ្ឍន៍លំនៅដ្ឋានឲ្យបានច្រើន ដើម្បីគាំទ្រដល់ដំណើរការមជ្ឈមណ្ឌល និងសាងសង់អគារពាណិជ្ជកម្មផងដែរ៕