ដោយនៅ ស៊ីវុត្ថា
ព្រះសីហនុ អភិបាលខេត្តព្រះសីហនុបានព្យាករណ៍ថា ក្នុងរយៈពេលប្រមាណជា ២ឆ្នាំទៅមុខទៀត ខេត្តព្រះសីហនុដែលជាប់សមុទ្រមួយនេះ នឹងមានសំណង់អគារទំនើបជាពាសពេញទីក្រុងច្រើនជាងខេត្តដទៃ។

លោកយន្ត មីនអភិបាលខេត្តព្រះសីហនុ បានថ្លែងកាលពីពេលថ្មីៗនេះថា លោកគិតថាយ៉ាងយូរពីរឆ្នាំទៀត ខេត្តព្រះសីហនុ ពោរពេញដោយសំណង់ទំនើបៗច្រើនជាងខេត្តដ៏ទៃ”។លោកបន្តថា យើងកំពុងញាប់ដៃជើង ដោះស្រាយ និងកែរលំអរស្ថាបនាគ្រប់បញ្ហាដែលពាក់ព័ន្ធ។ ដូច្នេះអាជ្ញាធរយើងត្រូវសហការគ្នា និងមានការចូលរួមជាចាំបាច់ ពីវិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីអោយពេលក្រោយ កូនចៅ បងប្អូនប្រជាពលរដ្ឋយើង ខេត្តយើងមានជីវភាពប្រសើរឡើង ពីការអភិវឌ្ឍយ៉ាងគំហុក ប្រកបដោយនិរន្តភាពនេះ”។
-->
លោកបន្តថា “ក្នុងរយៈពេល២ឆ្នាំនេះ មានក្រុមហ៊ុនបរទេសជាច្រើនបានមកធ្វើវិនិយោគនៅខេត្តព្រះសីហនុ ទន្ទឹមនោះក៏មានក្រុមហ៊ុនមួយចំនួនបាន និងកំពុងសិក្សាស្វែងយល់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ លូ បរិស្ថានជាដើម ក្នុងចំណោមក្រុមហ៊ុនទាំងនោះភាគច្រើនគឺមកពីប្រទេសចិន”។
លោកយន្ត មីនធ្លាប់បានឲ្យដឹកកន្លងមកនេះថា រដ្ឋបាលខេត្តនឹងស្វាគមន៍គ្រប់ក្រុមហ៊ុនទាំងអស់ ដែលមានគោលបំណងមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ មិនថាការវិនិយោគ លើអគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូ រោងចក្រ សហគ្រាស ឬហេដ្ឋារចនាសម្ព័ន្ធ នានាក្នុងខេត្ត រដ្ឋបាលខេត្តនឹងទទួលស្វាគមន៍ និងជួយសម្របសម្រួល ដើម្បីឲ្យដំនើរការវិនិយោគនៅខេត្តនេះប្រព្រឹត្តទៅដោយរលូន និងមានសន្ទុះកើនឡើង។ចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។ តាមរយៈការវិនិយោគ ទាំងនេះ ធ្វើឱ្យខេត្តព្រះសីហនុ មានការរីកចម្រើនយ៉ាងលឿនស្ទើរមិននឹកស្មានដល់ ធ្វើឱ្យអ្វីៗមានការប្រែប្រួលនាពេលបច្ចុប្បន្ន និងទៅអនាគត។
ខេត្តព្រះសីហនុជាតំបន់ឆ្នេរសមុទ្រ ដែលមានកំពង់ផែទឹកជ្រៅនារយៈពេល២-៣ឆ្នាំចុងក្រោយនេះ មានការវិនិយោគយ៉ាងគំហុក ពីសំណាក់វិនិយោគិនចិនហើយបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍។
ក្រុងព្រះសីហនុ កំពុងមានសកម្មភាពសាងសង់សំណង់តូច ធំយ៉ាងច្រើន ដែលតួលេខគម្រោងសំណង់ធំលើសពី៣០០០ម៉ែត្រការ៉េឡើង មានចំនួន៧០គម្រោង ក្នុងចំនួនជាង៣០០គម្រោង កំពុងដំណើរការសាងសង់យ៉ាងសកម្ម ក្នុងនោះក៏មានសំណង់អគារខ្ពស់ជាងគេកម្ពស់៤០ជាន់មានចំនួនច្រើនគម្រោង កំពុងរីកលូតលាស់គួរឲ្យចាប់អារម្មណ៍ផងដែរ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ខេត្ត។

កាលពីឆ្នាំ២០០៥-២០១៥ខេត្តនេះ មានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់រហូតដល់៣៥ជាន់ មានតែ៤៦គម្រោងប៉ុណ្ណោះ ខណៈដែលឆ្នាំ២០១៨ មានគម្រោងអគារធំ និងកម្ពស់ចាប់ពី៥ជាន់ដល់៤០ជាន់រហូតដល់១៥០គម្រោង៕